អង្គការតម្លាភាពអន្តរជាតិចាត់ថ្នាក់កម្ពុជានៅលេខរៀងទី ១៥៥ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍អំពើពុករលួយឆ្នាំ ២០២៤ ដែលមានន័យថា កម្ពុជានៅតែស្ថិតនៅជិតបាតតារាង និងកំពុងបន្តបោះជំហ៊ានយឺតក្នុងការប្រឆាំងអំពើពុករលួយ។
ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ ២០២៤ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃអង្គារបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ លើ ១០០។ មាត្រដ្ឋានពិន្ទុ ០ មានន័យថា«ពុករលួយខ្លាំង» ចំណែកមាត្រដ្ឋានពិន្ទុ ១០០ មានន័យថា «ស្អាតស្អំខ្លាំង»។
អង្គការតម្លាភាពអន្តរជាតិបន្ថែមថា ក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតនៅជិតបាតតារាង ដោយនៅពីលើប្រទេសមីយ៉ានម៉ាមួយប៉ុណ្ណោះ ចំណែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី ៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ ១៧) មីយ៉ាន់ម៉ា (ពិន្ទុ ១៦) និងកូរ៉េខាងជើង (ពិន្ទុ ១៥)។
សេចក្តីថ្លែងការណ៍ព័ត៌មានដដែលបញ្ជាក់ថា កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេថា រដ្ឋាភិបាលទទួលស្គាល់ថាកម្ពុជាមានអំពើពុករលួយ ដូច្នេះទើបរដ្ឋាភិបាលបេ្តជ្ញាចិត្ត និងមានឆន្ទៈក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ។
លោកថា រដ្ឋាភិបាលបានបង្កើតឲ្យមានអង្គភាពប្រឆាំងអំពើពុករលួយ ការធ្វើកំណែទម្រង់ជាច្រើន ដូចជាការបង្កើតច្រកចេញចូលតែមួយ កំណែទម្រង់ហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ និងកំណែទម្រង់ផ្សេងៗជាច្រើន ដើម្បីធ្វើឲ្យមានតម្លាភាព និងអភិបាលកិច្ចល្អ។
លោកបន្ថែមថា កំណែទម្រង់ទាំងនោះបានបង្ហាញលទ្ធផលជាក់ស្តែងជាបណ្តើរៗ និងឃើញថា អំពើពុករលួយនៅកម្ពុជាត្រូវបានកាត់បន្ថយ។ បើតាមលោក ប៉ែន ប៉ូណា បញ្ហាអំពើពុករលួយនៅប្រទេសនីមួយៗមិនអាចយករបាយការណ៍របស់អង្គការណាមួយមកធ្វើជាខ្នាតសម្រាប់វាស់វែងការងារនោះទេ។
គួរបញ្ជាក់ថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២៣ កម្ពុជាទទួលបានពិន្ទុចំនួន ២២ និងស្ថិតនៅលេខរៀងទី ១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក៕
វេទិកាបញ្ចេញមតិ