សមាជិកសភាសហរដ្ឋអាមេរិកលោក Charlie Dent មេដឹកនាំពួកសាធារណរដ្ឋប្រកាន់ផ្លូវកណ្តាល និងជាអ្នកដែលតែងតែរិះគន់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារបាននិយាយថាលោកនឹងលាលែងចេញពីតំណែងជាសមាជិកសភានៅខែក្រោយ។
លោក Dent បានថ្លែងថា «បន្ទាប់ពីពិភាក្សាជាមួយគ្រួសាររបស់ខ្ញុំ និងបានពិចារណាយ៉ាងល្អិតល្អន់រួចមក ខ្ញុំបានសម្រេចចិត្តថានឹងចាកចេញពីតំណែងសមាជិកសភានៅប៉ុន្មានសប្តាហ៍ទៀតនេះ។ ខ្ញុំមានឆន្ទៈធ្វើការតស៊ូមតិយ៉ាងខ្លាំងក្លាដើម្បីឲ្យមានអភិបាលកិច្ចដែលមានការទទួសខុសត្រូវមួយ និងដំណោះស្រាយជាក់ស្តែងសម្រាប់ប៉ុន្មានឆ្នាំខាងមុខនេះ»។
លោក Dent ពីមុនធ្លាប់បានប្រកាសថាលោកនឹងចូលនិវត្តន៍នៅក្នុងខែកញ្ញា ដោយសារមូលហេតុផ្ទាល់ខ្លួន ខណៈបានរិះគន់គណបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាទាំងពីរ និងសេតវិមានផងដែរនោះ ថាបានងាកទៅស្តាំជ្រុលហួសហេតុ។ ការប្រកាសលាលែងចេញពីតំណែងរបស់លោក Dent បានធ្វើឡើងនៅស្របពេលដែលអ្នកគាំទ្ររបស់លោក Trump គំរាមរកអ្នកជំនួសតំណែងលោក។
លោក Dent គឺជាប្រធានក្រុមសម្ព័ន្ធសាធារណរដ្ឋប្រកាន់ផ្លូវកណ្តាលមិនផ្លូវការមួយ។ លោក និងលោកTrump បានប៉ះទង្គិចគ្នាកាលពីឆ្នាំ២០១៧ ជុំវិញភាពចម្រូងចម្រាសជំនួសច្បាប់ថែទាំសុខភាព ដែលត្រូវគេស្គាល់ថា Obamacare។
កាលពីថ្ងៃសុក្រកន្លងទៅ លោកក៏បានស្នើច្បាប់ ដែលជួយការពារលោក Robert Mueller រដ្ឋអាជ្ញាពិសេសដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦៕