មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្វាគមន៍អ្នកការទូតកំពូលរបស់ចិននៅក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ ប្រហែលជាពីរសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោក Kim នៅក្នុងទីក្រុងប៉េកាំង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយ។
លោក Song Tao ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃគណបក្សកុម្មុយនិស្តចិនបានដឹកនាំក្រុមសិល្បៈទៅចូលរួមពិធីបុណ្យទិវាសិល្បៈនៅប្រទេសកូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់រដ្ឋចិនបានរាយការណ៍ថា លោក Kim បាននិយាយថា «មេដឹកនាំទាំងពីរបានឈានដល់ការឯកភាពគ្នា ហើយកិច្ចប្រជុំបានទទួលលទ្ធផលជាផ្លែផ្កា»។
កិច្ចប្រជុំនេះគឺជាជំនួបការទូតដ៏រីករាយរវាងប្រទេសទាំងនេះនាពេលថ្មីៗនេះ ចាប់តាំងពីទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក Kim ទៅប្រទេសចិនកាលពីខែមុន។
នៅអំឡុងពេលកិច្ចប្រជុំ លោក Kim និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងសារជាថ្មីម្តងទៀតពីសារៈសំខាន់នៃការរក្សាមិត្តភាពដ៏ជិតស្និតរវាងចិន និងកូរ៉េខាងជើងដែលធ្លាប់មានភាពតានតឹងជុំវិញការបាញ់សាកល្បងនុយក្លេអ៊ែរ និងកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់ទីក្រុងព្យុងយ៉ាង។ លោក ស៊ី បានគាំទ្រការបង្កើនទណ្ឌកម្មធ្ងន់ៗដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធលើមេដឹកនាំ Kim Jong Un ឲ្យចូលរួមក្នុងតុចរចានិងដើម្បីបញ្ចប់ការគំរាមកំហែងកម្មវិធីនុយក្លេអ៊ែររបស់លោក Kimជាថ្នូរនឹងការដកចេញទណ្ឌកម្មសេដ្ឋកិច្ច និងធានាលើការបង្កើនជំនួយ និងសន្តិសុខដល់ប្រទេសកូរ៉េខាងជើង។
លោក Kim ត្រូវបានកំណត់ពេលជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae Inនៅថ្ងៃទី២៧ ខែមេសា និងជួបជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅខែឧសភា ឬខែមិថុនាខាងមុខនេះ៕