ប្រទេសវៀតណាមនឹងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ នេះ។ នេះបើយោងតាមការព្យាករណ៍ថ្មីមួយរបស់ធនាគារ HSBC របស់ចក្រភពអង់គ្លេស។
ប្រទេសវៀតណាមគឺជាអ្នកទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយទទួលបានការរីកចម្រើនផ្នែកសេវាកម្ម និងការនាំចេញ ដែលអាចជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរហូតដល់ទៅ ៧ ភាគរយ នៅក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Yun Liu ដែលជាសេដ្ឋវិទូនៃធនាគារ HSBC កាលពីសប្ដាហ៍មុន។ ប៉ុន្តែអ្នកស្រីបាននិយាយថា វៀតណាមនៅតែងាយរងគ្រោះដោយសារហានិភ័យសេដ្ឋកិច្ច ដែលក្នុងនោះមានទាំងការការពារពាណិជ្ជកម្ម និងអតិផរណាផងដែរ។
អតិផរណាកំពុងកើនឡើង ដោយសារតែជំងឺផ្ដាសាយជ្រូកបានធ្វើឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃ។ ករណីនេះចង់បង្ហាញឲ្យឃើញថា ផលិតផលតែមួយមុខប៉ុណ្ណោះអាចប៉ះពាល់ដល់សូចនាករសេដ្ឋកិច្ចនៃប្រទេសវៀតណាមទាំងមូលដែលមានប្រជាជនសរុបជិត ១ រយលាននាក់នេះ។ វៀតណាមក៏ខ្លាចផងដែរថាអាចមានការកើនឡើងនៃអតិផរណា ប្រសិនបើភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបន្តជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ។
ប៉ុន្តែ អ្នកស្រី Yun Liu បានព្យាករណ៍ថា ការសម្ដែងឡើងនៃសេដ្ឋកិច្ច «ដ៏គួរឲ្យចាប់អារម្មណ៍» របស់ប្រទេសវៀតណាមនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើន ៧ ភាគរយក្នុងឆ្នាំ ២០២០ នេះ ដោយកើនលើសប្រទេសមីយ៉ាន់ម៉ា ដែលកំពុងកើនឡើងខ្លាំង ប្រទេសហ្វីលីពីន និងប្រទេសផ្សេងៗទៀតនៃសមាគមអាស៊ាន។
អ្នកស្រីបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗតាំងពីក្រុមហ៊ុន Nintendo រហូតដល់ក្រុមហ៊ុន Google កំពុងប្ដូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ដែលមូលហេតុអាចបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកធ្វើឲ្យផលិតកម្មនៅក្នុងប្រទេសចិនមានតម្លៃថ្លៃជាងមុន៕