សហរដ្ឋអាមេរិកតាំងចិត្តមុតមាំចំពោះការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross នៅថ្ងៃចន្ទនេះ នៅក្នុងសន្និសីទមួយក្រៅកិច្ចប្រជុំកំពូលអាស៊ាន។
លោក Ross និងមន្ត្រីរដ្ឋាភិបាលអាមេរិកាំងផ្សេងទៀតបានបង្ហាញអំពីការប្រឡូករបស់សហរដ្ឋអាមេរិកផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានចាប់ផ្ដើមអនុវត្តគម្រោងផ្ដួចផ្ដើមថ្មីមួយសម្រាប់ផ្ដល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៅឯវេទិកាពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិក ដែលមានការចូលរួមពីអ្នកតំណាងអាជីវកម្ម និងអ្នកតំណាងរដ្ឋាភិបាលប្រហែល ១ ពាន់នាក់ នៅជាយក្រុងបាងកក ប្រទេសថៃ។
លោក Ross និងលោក Robert O' Brien ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់សហរដ្ឋអាមេរិកដែលបានចូលរួមនៅក្នុងការប្រជុំនានានៃកិច្ចប្រជុំកំពូលអាស៊ាន។ មេដឹកនាំក្នុងតំបន់ផ្សេងទៀតភាគច្រើន ដែលក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
លោក Ross បាននិយាយថា រដ្ឋបាលរបស់លោក Trump តាំងចិត្តពេញលេញនៅក្នុងការចូលរួមប្រឡូកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Trump បានចេញលិខិតតាមរយៈលោក O'Brien ដោយអញ្ជើញមេដឹកនាំអាស៊ាននានាឲ្យចូលរួមនៅក្នុងកិច្ចប្រជុំមួយនៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ។ គេនៅមិនទាន់ដឹងច្បាស់នៅ ឡើយអំពីសេចក្ដីលម្អិតនៃការអញ្ជើញនេះ ហើយនិងការឆ្លើយតបរបស់មេដឹកនាំផ្សេងទៀតចំពោះការអញ្ជើញនេះ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសថៃ ដែលជាប្រទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន បានប្រកាសអំពីការឯកភាពដ៏រដាក់រដុបមួយលើគម្រោងនានាដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានប្រទេសចំនួន ១៦ ចូលរួម ដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិក៕