ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប្រទេស​វៀតណាម​មាន​សុវត្ថិភាព​ទេ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ដក​ថយ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន?


ការ​យក​ពន្ធគយ​លើ​ទំនិញ​ចិន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ ដាក់​ស្លាក «ផលិត​នៅ​វៀតណាម» ជំនួស​វិញ ដើម្បី​គេច​ពន្ធគយ។
ការ​យក​ពន្ធគយ​លើ​ទំនិញ​ចិន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ ដាក់​ស្លាក «ផលិត​នៅ​វៀតណាម» ជំនួស​វិញ ដើម្បី​គេច​ពន្ធគយ។

មូលហេតុ​មួយ​ទៀត​ដែល​សហរដ្ឋអាមេរិក​អាច​នឹង​ដាក់​ទណ្ឌកម្ម​លើ​វៀតណាម​គឺពាក់ព័ន្ធនឹង​ការបន្លំ​ពាណិជ្ជកម្ម​ នោះ​មាន​ន័យ​ថា​ប្រសិន​បើ​វៀតណាម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នានា​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចេញ​របស់​ចិន​កាត់​តាម​ប្រទេស​ខ្លួន ​និង​ធ្វើ​ឱ្យ​គេ​យល់​ថា វា​ជា​ការ​នាំ​ចេញ​របស់​វៀតណាម​ដើម្បី​គេច​ពន្ធ។

ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ទើប​តែ​អនុម័ត​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​ខែមករា​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជា​បណ្តោះអាសន្ន។ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​អស់រយៈពេល​ពីរឆ្នាំ​មក​ហើយ។ សម្រាប់​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅ​កណ្តាល តើ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ​ជា​ព័ត៌មាន​ល្អ ឬ​អាក្រក់​សម្រាប់​ខ្លួន?

មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​សង្ឃឹម​ថា នឹង​មាន​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ទាំង​ពីរ​ជា​រៀងរហូត។ សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០១៩ ធ្លាក់​ចុះ​នៅ​សល់​តែ​៣% ដែល​ខុស​ពី​ការរំពឹង​ទុក​ថា​នឹង​មាន​កំណើន៣,៨%។ នេះ​បើ​យោង​តាម​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ។ មនុស្ស​ដែល​សង្ឃឹម​ដូច​នេះ​រួម​មាន​ទាំងពលរដ្ឋ​វៀតណាម​ផង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​មូលហេតុ​មួយ​ចំនួន​ទៀត ដែលការ​បន្ត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​អាច​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​វៀតណាម។

មូលហេតុ​ទី១​ ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​នោះ​គឺ​ ពន្ធ​គយ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ការ​នាំចេញ​របស់​ចិន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នានា​ចេញ​ពី​ប្រទេសចិន​ ប្តូរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ជិតខាង​របស់​ចិន​ ដើម្បី​ចៀសវាង​ពន្ធគយ​ទាំង​នោះ។ ជា​លទ្ធផល​ ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់​២៨% នៅ​ក្នុង​៣ត្រីមាស​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១៩។

មូលហេតុ​ទី២​គឺ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ជាប់​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​នេះ​អាច​ជា​ផលប្រយោជន៍​សម្រាប់​វៀតណាម ដោយ​សារ​តែ​ការ​នាំចេញ​របស់​វៀតណាម​នឹង​មិន​ត្រូវ​បាន​គេ​យក​ទៅ​ពិភាក្សា​ជារឿយៗ​នោះ​ទេ។

លោក Fred Burke ដែល​ជា​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​មេធាវី Baker & McKenzie Vietnam បាន​និយាយ​កាលពី​ចុង​ឆ្នាំ​មុន​ថា «ប្រទេស​វៀតណាម​សង្ឃឹម​ថា ចិន​នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ចរចា​ជាមួយ​ពួកគេ»។

បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាប់​រវល់​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នោះសហរដ្ឋអាមេរិក​នឹង​មាន​ពេលវេលា​ និង​ធនធាន​តិចតួច​ប៉ុណ្ណោះ​ ដើម្បី​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ហៅ​ខ្លួន​លោក​ថា​ជា «បុរស​ពន្ធគយ» បាន​បង្ហាញ​ពីគោល​បំណងចង់ដាក់​ពន្ធគយ​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​នាំចេញ​របស់​វៀតណាម​ ប៉ុន្តែ​ឥឡូវនេះ​លោក​ផ្តោតលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិនតែប៉ុណ្ណោះ។

ចំណុច​សំខាន់​ដែលលោក​ប្រធានាធិបតី ត្រាំ មិន​ពេញ​ចិត្ត​ចំពោះ​ប្រទេស​វៀតណាម​គឺ​ថា​ វៀតណាម​មាន​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​លើស​តម្រូវការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក ដែល​នេះ​ប្រហែល​ជា​ហេតុផល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាមេរិកាំង​ចង់​ទិញ​ទំនិញ​វៀតណាម។ ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ ត្រាំ ចង់​ដាក់​ពន្ធគយ​បន្ថែម​លើ​ទំនិញ​វៀតណាម។

ប្រទេស​វៀតណាម​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។ កាលពី​អតីតកាល សហរដ្ឋអាមេរិក​បាន​យក​ពន្ធគយ​លើ​ការ​នាំចេញ​អាហារ​សមុទ្រ និង​ដែកថែប​វៀតណាម​រួច​ទៅ​ហើយ។ នៅ​ពេល​ខ្លះ​ សហរដ្ឋអាមេរិក​អាច​នឹង​ចាត់ទុក​ប្រទេស​វៀតណាម​ជា​អ្នក​អុកឡុក​តម្លៃ​រូបិយប័ណ្ណ ​និង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​ហេតុផល​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ប្រទេស​វៀតណាម ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​បញ្ជី​តាមដាន​សម្រាប់​ការ​អុកឡុក​តម្លៃ​រូបិយប័ណ្ណ ដូច្នេះ​វៀតណាម​សម្រាប់​ពេល​នេះ​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។

ជា​ការ​ឆ្លើយតប ធនាគារ​រដ្ឋ​វៀតណាម ដែល​ជា​ធនាគារ​កណ្តាល​បាន​សរសេរ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវ​ការ​មួយ​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​រហិរញ្ញវត្ថុ​អាមេរិក «ដោយ​អនុលោម​តាម​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច ការ​អភិវឌ្ឍ​ទីផ្សារ និង​គោលដៅ​គោលនយោបាយ​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​យ៉ាង​ណា​មិន​បង្កើត​ឱ្យ​មាន​ផលប្រយោជន៍​ពី​ការប្រកួត​ប្រជែង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​មិន​ស្មើ​ភាព​គ្នា»។

សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា ​ប្រទេសនានា​អាច​រក្សា​រូបិយប័ណ្ណ​របស់​ខ្លួន​ឱ្យ​នៅ​ទាប ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​ខ្លួន​មាន​តម្លៃ​ទាប ដូច្នេះ​ការ​នាំចេញ​របស់​ខ្លួន​មាន​ភាព​ងាយស្រួល។

មូលហេតុ​មួយ​ទៀត​ដែល​សហរដ្ឋអាមេរិក​អាច​នឹង​ដាក់​ទណ្ឌកម្ម​លើ​វៀតណាម​គឺពាក់ព័ន្ធនឹង​ការបន្លំ​ពាណិជ្ជកម្ម​ នោះ​មាន​ន័យ​ថា​ប្រសិន​បើ​វៀតណាម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នានា​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចេញ​របស់​ចិន​កាត់​តាម​ប្រទេស​ខ្លួន ​និង​ធ្វើ​ឱ្យ​គេ​យល់​ថា វា​ជា​ការ​នាំ​ចេញ​របស់​វៀតណាម​ដើម្បី​គេច​ពន្ធ។ ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជាការ​ប្តូរ​ទិសដៅ​នៃ​ការ​ដឹកជញ្ជូន​ទំនិញ។

ក្រុមហ៊ុន ING ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធនាគារ បាន​និយាយ​ថា វា​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​ថា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​មិន​បាន​រិះគន់​ប្រទេស​វៀតណាម​ចំពោះ​ការ​ប្តូរ​ទិសដៅ​នៃ​ការ​ដឹកជញ្ជូន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន។

លោក Chris Turner និង​លោក Francesco Pesole ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន ING បាន​សរសេរ​នៅ​ក្នុង​ការ​វាយតម្លៃ​រួម​គ្នា​ទៅ​លើ​របាយការណ៍​ស្តីពីការ​អុកឡុក​តម្លៃ​រូបិយប័ណ្ណ​របស់ស​ក្រសួងហិរញ្ញវត្ថុអាមេរិក​ថា «ជំហរ​ទន់ភ្លន់​ចំពោះ​វៀតណាម​អាច​បង្ហាញ​ថា​ រដ្ឋាភិបាល​អាមេរិក​មាន​ផលប្រយោជន៍​តិចតួច​ក្នុង​ការ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​របស់​អាស៊ី​ទៅ​ឱ្យ​ក្រុមហ៊ុន​អាមេរិកាំង។ សហរដ្ឋអាមេរិក​ហាក់​ដូចជា​ពេញចិត្ត​ជាមួយ​នឹង​កិច្ចប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពាណិជ្ជកម្ម​បោកប្រាស់»។

អ្នក​យុទ្ធសាស្ត្រ​ទាំង​ពីររូប​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ទៀត​ដែល​ជឿ​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក​ពិត​ជាកាត់បន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន​មែន​នោះ គោលដៅ​បន្ទាប់​ដែល​សហរដ្ឋអាមេរិក​នឹង​ផ្តោត​លើ​គឺទ្វីប​អឺរ៉ុប។ ពួកគេ​និយាយ​ថា ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម ​យ៉ាង​ហោច​ណាស់​នៅ​ពេល​នេះ​វៀតណាមមិន​ទាន់​មាន​គ្រោះថ្នាក់​នៅ​ឡើយ​ទេ ។ ពិតណាស់​មិន​មាន​អ្នកណា​ម្នាក់​ដឹង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​នឹង​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ​ទេ៕

XS
SM
MD
LG