ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​ចិន


កញ្ចក់​ផ្សាយ​ពាណិជ្ជកម្ម​ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua នៅ Times Square ក្នុង​សង្កាត់ Manhattan ទីក្រុង​ញូវយ៉កកាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២០។
កញ្ចក់​ផ្សាយ​ពាណិជ្ជកម្ម​ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua នៅ Times Square ក្នុង​សង្កាត់ Manhattan ទីក្រុង​ញូវយ៉កកាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២០។

ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​ការទូត​ចិន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្វែរ​ព័ត៌មាន​ឲ្យ​​ចេញ​​ឆ្ងាយ​ពី​ការ​និយា​យ​អំពី​ចំណាត់ការ​របស់​ចិន​ដើម្បី​ទប់​ទល់​នឹង​មេរោគ​កូរ៉ូណា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​កំពុង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថាកំពុង​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា«វីរុស​នយោបាយ» ដោយ​ធ្វើ​ការ​បន្ទោសប្រទេស​ចិន ខណៈ​ដែល​អាមេរិក​ថែម​ទាំងធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​ចិន​ខណៈ​ដែល​ពិភពលោក​ទាំង​មូលកំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​កូវីដ១៩។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ចោទ​ប្រកាន់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ (Donald Trump) ថា​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​ប្រឆាំង​នឹង​ចិន និង​បាន​ពិពណ៌នាមន្ត្រី​សេតវិមាន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ ថា​មាន​លក្ខណៈ​«អាក្រក់​និង​មិន​សម​ហេតុ​ផល»។

នេះ​ជា​ចំណាត់ការ​ចុង​ក្រោយ​បំផុត​នៃ​កិច្ចប្រឹងប្រែង​កាន់ខ្លាំង​ឡើងជា​បន្តបន្ទាប់​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​និង​អ្នក​ការទូត​របស់​ចិន​ ដើម្បី​បង្វែរ​រឿង​រ៉ាវព័ត៌មាន​ពិភពលោក​ឲ្យ​ងាក​ចេញ​ពី​រឿងរ៉ាវ​នៃ​ការ​គ្រប់គ្រង​មិន​បាន​ល្អ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ​រាតត្បាត​នៃ​មេរោគ​កូវីដ១៩។​

ម៉ាស៊ីន​ឃោសនា​របស់​ចិន

អ្នក​សង្កេត​ការណ៍​នានា​និយាយ​ថា​ កិច្ចប្រឹងប្រែងចុង​ក្រោយ​នេះ​បង្ហាញ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន កំពុង​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ដើម្បី​ព្យាយាមបង្វែរ​ការ​ផ្សាយ​ព័ត៌មាន​អំពី​ការ​រាតត្បាត​មេរោគ​កូរ៉ូណាឲ្យ​ទៅ​ជា​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ចិន​វិញ។

លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​រូប​នៅ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​ថ្លែង​ថា៖

«គោលដៅ​សំខាន់​នៃ​កិច្ចប្រឹងប្រែង​ឃោសនា​របស់​ចិនគឺ​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ចិន​ក្នុង​ប្រទេស​។ ជា​ថ្មី​ម្តង​ទៀត កិច្ច​ប្រឹងប្រែង​នេះ​គឺ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ភាព​ស្រប​ច្បាប់នៃ​គណបក្ស​កុម្មុយនិស្ត​ចិននិង​ការ​ក្តោបក្តាប់​អំណាច​របស់​លោក​ប្រធានាធិបតី Xi ក្នុង​ក្រសែ​ភ្នែក​ពលរដ្ឋ​ចិន»។​

លោក Oh ថ្លែង​ថា ប្រទេស​ចិន​កន្លង​មក​ពូកែ​ខាង​ការ​បង្វែរ​ព័ត៌មាន​អវិជ្ជមាន​នានា​ឲ្យ​ទៅ​ជា​ប្រយោជន៍​របស់​ខ្លួន។

ការ​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មករវាង​អាមេរិក​និង​ចិន

ការ​ស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន បាន​កើតមាន​ឡើង​ដំបូង​នៅ​ពេល​ដែល​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បានលាក់បាំងព័ត៌មាន​នៅ​ដំណាក់​កាល​ដំបូង​ ដែល​នេះ​បាន​នាំ​ឲ្យ​មាន​វិធានការ​ឆ្លើយ​តបយឺតយ៉ាវ​ទៅ​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូវីដ១៩។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ជំនឿដែលគ្មាន​ភស្តុតាង​អំពី​ផែនការ​ឃុបឃិត​គ្នា​ដែល​អះអាង​ថា ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​មាន​ប្រភព​នៅ​សហរដ្ឋ​អាមេរិក​និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ពី​ភាព​យឺតយ៉ាវ​របស់​ខ្លួន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រីករាលដាល​ជា​សាកល​នេះ។​

ចំនួន​នៃ​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្រៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​ជាង៤៩០.០០០​នាក់​ ខណៈ​ដែល​ចំនួន​អ្នក​ជំងឺ​នៅ​ប្រទេស​ចិន​បាន​នៅ​ត្រឹង​មិន​កើន​លើស​ចំនួន​ប្រហែល​៨១.០០០​នាក់ គិត​ត្រឹម​ទី​២៦​ខែ​មីនា​នេះ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ (២១ ២២ មីនា) ស្ថាប័ន​ព័ត៌មាន​សំខាន់ៗ​របស់​ចិន រួម​ទាំង​ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua និង​កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន People's Daily ផង​ដែរ ​បាន​ផ្សាយវិចារណកថា និង​អត្ថបទ​អត្ថាធិប្បាយ​ដែល​បាន​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

នៅ​ក្នុង​បទ​វិចារណកថា​មួយ កាសែត​ People's Daily និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើជា​គំរូមិន​ល្អ​មួយ ដោយ​ចាប់​ផ្តើម​យុទ្ធនាការ​បង្ខូច​ឈ្មោះ​ប្រទេស​ចិន។ (((http://en.people.cn/n3/2020/0322/c90000-9670968.html)))

កាសែត​នេះ​បាន​ចុះ​ផ្សាយយ៉ាង​ដូច្នេះ ថា៖ (((http://en.people.cn/n3/2020/0322/c90000-9670968.html)))

«ការ​បង្ខូច​ឈ្មោះ​និង​ការ​បរិយាយ​មើល​ងាយ​ មិន​អាច​បដិសេធ​នូវលទ្ធផលដែល​ចិន​សម្រេច​បាន​នៅ​ក្នុង​ការទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​[កូរ៉ូណា​ប្រភេទ​ថ្មី]​នេះ។ វា​ក៏​មិន​អាច​ជួយ​អ្វី​ដល់​ការ​បង្ការ​និង​គ្រប់គ្រង​មេរោគរាតត្បាត​នេះ​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ យុទ្ធនាការ​នេះ​បាន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​នយោបាយ​នៅ​សេតវិមាន​ដែល​បាន​ផ្តួចផ្តើម​គំនិតធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​ចិន​នេះ​ មើល​ទៅអាក្រក់​និង​មិន​សម​ហេតុ​ផល ប៉ុណ្ណោះ»។

ចំណាត់​ការ​យឺតយ៉ាវ​របស់​សហរដ្ឋ​អាមេរិក

កាសែត​ផ្លូវ​ការ​របស់​រដ្ឋ​ចិន​នេះ​និយាយ​បន្តថា ចាប់​តាំង​ពី​ដើម​ខែ​មករា​មក ប្រទេស​ចិន​តែង​បានផ្តល់​ព័ត៌មានថ្មីៗ​ដល់​សហរដ្ឋ​អាមេរិក អំពី​ការ​វិវត្ត​នៃ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាលដាល​របស់​មេរោគ​កូវីដ១៩ ក៏​ដូច​ជា​វិធានការ​ទប់ស្កាត់​នានា​ដែល​ខ្លួន​បាន​ប្រើ។ កាសែត​នេះ​បញ្ជាក់​ថា៖ «ប៉ុន្តែ​ភាគី​សហរដ្ឋ​អាមេរិក​បាន​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ដែល​ប្រទេស​ចិន​បានបន្សល់​ទុក​ឲ្យពិភពលោក​ក្នុងយុទ្ធនាការ​ប្រឆាំង​នឹងមេរោគ​ដែល​រាលដាល​ជាសាកល​នេះ»។​ (((http://en.people.cn/n3/2020/0321/c90000-9670852.html)))

កាសែត​នេះ​ក៏​បាន​ចុះ​ផ្សាយ​រឿងរ៉ាវ​ព័ត៌មាន​មួយ​អំពីញត្តិ​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​គេហទំព័រ​របស់​សេតវិមាន​នៅ​ក្នុង​ខែ​មីនា​នេះ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​បាន​បិទមន្ទីរពិសោធន៍​ជីវសាស្ត្រ​របស់យោធាឈ្មោះ Fort Detrick នៅ​ទី​ក្រុង​ Fredrick រដ្ឋ​ Maryland កាល​ពីខែ​សីហា​ឆ្នាំ​២០១៩។

ញត្តិ​ដែលព្យាយាម​ភ្ជាប់​ដោយ​គ្មានភស្តុតាង ​នូវ​ទំនាក់ទំនង​រវាង​មន្ទីរ​ពិសោធន៍​និង​វីរុស​ថ្មី​នេះ បាន​ទទួល​ហត្ថលេខា​គាំទ្រ​តិច​ជាង​១.០០០​។ ដើម្បីឲ្យសេតវិមាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ ញត្តិ​មួយ​ត្រូវការ​ហត្ថលេខា​ចំនួន ១០០.០០០។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ កាសែត People's Daily កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ចេញ​ផ្សាយ​ព័ត៌មាន​ទំព័រ​មុខ​របស់​ខ្លួន​អំពី​កិច្ចប្រឹងប្រែង​ការទូត​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង (Xi Jinping) ក្នុង​ការ​លើក​តម្កើង​កិច្ចប្រឹងប្រែង​សុខាភិបាល​សាកល​ដើម្បីបង្រួបបង្រួមមនុស្សជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​រាតត្បាត​ជា​សាកល​នេះ។​

ការទូត​របស់​លោក Xi

អត្ថបទ​ព័ត៌មាន​នោះ​បាន​ចុះ​ផ្សាយ​ថា៖ «បទ​ពិសោធន៍​របស់​ចិន​ខាង​ផ្នែក​គ្រប់គ្រង​ជំងឺ​រាតត្បាត​ និង​ជំនួយ​របស់​ចិន​ដល់​ប្រទេស​ដែល​ត្រូវ​ប៉ះពាល់​ដោយ​មេរោគ​នេះ កំពុង​ជួយ​លើក​តម្កើង​ទំនុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ»។​(((http://en.people.cn/n3/2020/0323/c90000-9671021.html)))

លោក Arthur Ding​ អ្នកស្រាវជ្រាវ​ជំនួយ​នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi ក្នុង​ទី​ក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់ និយាយ​ថា រដ្ឋាភិបាល​លោក​ Xi យល់​ថា​ខ្លួន​ត្រូវ​តំឡើង​សំឡេង​ជាង​មុន​ទប់​ទល់​នឹង​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក ដោយ​សាររបៀប​គ្រប់គ្រង​របស់លោក Xi ​ផ្ទាល់​ក៏​ត្រូវ​បានអ្នក​ដទៃ​រិះ​គន់​ដែរ។​

លោក Ding ពន្យល់​ថា៖ «មនុស្ស​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ​ប្រព័ន្ធ​គ្រប់គ្រង​ប្រកប​ដោយ​ការិយាធិបតេយ្យ​នៃ​របបកុម្មុយនិស្ត​បាន​បរាជ័យ​មែន​ឬ​ទេ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​គឺ​មានអ្នក​ខ្លះ​អះអាង​ថា គំរូ​នៃ​ការ​គ្រប់គ្រង​បែប​ចិន អាច​នឹង​ជិត​ដល់​ដំណាក់កាល​នៃ​ការ​ដួល​រលំ។ ហេតុ​នេះ​ហើយ លោក Xi ត្រូវ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាងមុន​ដើម្បី​ទប់ទល់​នឹង​ផល​វិបាក​នេះ។​

ការ​ប្រកាន់​ជំហរ​រឹងប៉ឹង​ជាង​មុន​យ៉ាង​ដូច្នេះ ធ្វើ​ឲ្យ​លោក Xi មាន​អំណះអំណាងដើម្បី​ការពារ​របៀប​ដែល​លោក​គ្រប់គ្រង​បែប​ផ្តាច់ការ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ។

នៅ​ក្រៅ​ប្រទេស​ចិន លោក Xi បាន​ចាប់​យក​នយោបាយ​ការទូត​ដ៏​ទន់ភ្លន់និង​ទាក់ទាញ ដោយ​ផ្តល់​ជំនួយ​ខាង​សុខាភិបាល​ដល់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ពី​មេរោគ​កូរ៉ូណា​ដូច​ជា​អ៊ីតាលី​និង​អេស្ប៉ាញ និង​បង្ហាញ​រូបភាពនៃ​ប្រទេស​ចិន​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះរាតត្បាត​នៃ​មេរោគ​នេះ ដោយ​លក្ខណៈ​ទទួល​ខុស​ត្រូវ​ជា​សាកល នេះ​បើ​តាមការវិភាគ​លោក លោក Arthur Ding នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi នៅកោះ​តៃវ៉ាន់។​

ការ​តម្រូវ​ឲ្យ​ប្រទេសចិន​មាន​ការ​ទទួល​ខុស​ត្រូវ

លោក Arthur Ding ពន្យល់​បន្ថែម​ទៀត​ថា៖ «ប្រព័ន្ធ​គ្រប់គ្រង​បែប​ចិន​នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច[​ដែល​ទទួល​ជំនួយ]​ចិន​ចាប់​អារម្មណ៍​ទេ។ ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់​ចិន​អាច​នឹង​នាំ​ឲ្យ​ប្រទេស​ទាំង​នោះ​កាន់​តែ​ស្និទ្ធ​នឹង​ចិន ហើយ​ងាក​ចេញ​កាន់​តែ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក។ ខ្ញុំ​គិត​ថា​ទាំង​នេះ​អាច​ជាផលវិបាក​ដែល​អាច​កើត​មាន​ឡើង»។

លោក Ding អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​តាមដាន​ឥទ្ធិពលភូមិសាស្ត្រ​នយោបាយ​កាន់​តែ​កើន​ឡើង​របស់​ចិន ខណៈ​ដែល​ចិន​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​នេះ។​

ថ្វី​បើ​មានកិច្ច​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​របស់​ចិន​ដើម្បី​ព្យាយាម​បង្វែរ​សាច់​រឿងការ​ទទួល​ខុស​ត្រូវ​ពី​មេរោគ​ថ្មី​នេះ​ចេញ​ពី​ខ្លួន ក៏សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ពីរ​រូប​គឺ​លោក Yang Jianli និងលោក Aaron Rhodes បាន​សរសេរ​នៅ​ក្នុង​អត្ថបទមួយ​ថា ពិភពលោក​មិន​ត្រូវភ្លេចការពិត​ទេ​ ដោយ​ពួក​គេ​សរសេរ​យ៉ាង​ដូច្នេះ​ថា៖

«ការ​ផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ចិន។ ប្រទេស​ចិនខកខាន​ដោយ​ចេតនា មិន​ចាត់​ការ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​នេះ ដែល​នេះ​បណ្តាល​ឲ្យ​មេរោគ​នេះ​ក្លាយ​ទៅ​ជា​មេរោគ​រាតត្បាត​ជា​សាកល ហើយ​ដែល​បាន​នាំ​ឲ្យមាន​ការ​បាត់បង់​ជីវិត​យ៉ាង​ច្រើន​ដែល​ទើប​នឹង​ចាប់​ផ្តើម​ប៉ុណ្ណោះ ទាំង​នៅ​ក្នុង​ប្រទេស​ចិន​និង​ជុំ​វិញ​ពិភពលោក»។

​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ពីរ​រូបទទូច​ឲ្យ​ពិភពលោក​ទាមទារ​ឲ្យ​ប្រទេស​ចិន​ទទួល​ខុស​ត្រូវ​អំពី​រឿង​នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត


XS
SM
MD
LG