ការរាតត្បាតនៃវីរុសកូវីដ១៩ បាននាំឲ្យមានការបិទរោងភាពយន្ត ហើយពន្យារពេលការចាក់បញ្ចាំងខ្សែភាពយន្តនៅលើទីផ្សារភាពយន្តធំបំផុតពីរក្នុងពិភពលោក គឺសហរដ្ឋអាមេរិក និងចិន។
ឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសទាំងពីរ កាន់តែមានភាពជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបណ្តាលមកពីការការរាតត្បាតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសមួយ វាក៏នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយទៀតផងដែរ។
អ្នកស្រី Aynne Kokas គឺជាសាស្រ្តាចារ្យនៃការសិក្សាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យរដ្ឋ Virginia និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ហូលីវូដផលិតនៅប្រទេសចិន» ឬ «Hollywood Made in China»។ អ្នកស្រីបាននិយាយថា៖
«ឧស្សាហកម្មភាពយន្តរបស់ចិន និងសហរដ្ឋអាមេរិក មានភាពប្រទាក់ក្រឡានឹងគ្នា»។
ចំនួនអ្នកទៅមើលភាពយន្តនៅក្នុងប្រទេសចិន កើនលឿនជាងនៅក្នុងពិភពលោក ជាពិសេសនៅពេលដែលរោងភាពយន្តដែលមានបច្ចេកវិទ្យាខ្ពស់ បានបើកនៅក្នុងទីក្រុងលំដាប់ទីបី និងទីបួននៃប្រទេសចិន។ ហូលីវូដចង់បានចំណែកមួយនៅក្នុងទីផ្សារភាពយន្តរបស់ចិននេះ។ អ្នកស្រី Aynne Kokas បាននិយាយបន្តថា៖
«ក្រុមហ៊ុនផលិតភាពយន្តនៅហូលីវូដ កំពុងបង្កើនផលិតភាពយន្តដោយគិតទៅដល់ទីផ្សារនៅប្រទេសចិន»។
ភាយន្តមួយដែលមានចំណងជើងថា «Mulan» គឺជាភាពយន្តមួយដែលមានការចូលរួមសម្តែងដោយតារាសម្តែងជាជនជាតិចិន ដែលក្រុមហ៊ុន Disney សង្ឃឹមថា នឹងបានទទួលការគាំទ្រយ៉ាងខ្លាំងមួយនៅប្រទេសចិន។ ក៏ប៉ុន្តែ ការរាតត្បាតនៃវីរុសកូវីដ១៩ បានបន្ទុចបង្អាក់ការចាក់បញ្ចាំងភាពយន្តនេះជាលើកដំបូងនៅប្រទេសចិន និងសហរដ្ឋអាមេរិក។
ក្រៅពីកិច្ចសហប្រតិបត្តិការរវាងហូលីវូដជាមួយនឹងចិននោះ ក៏មានការសហការផលិតរួមគ្នា ហើយនឹងក្រុមហ៊ុនចិនវិនិយោគនៅក្នុងភាពយន្តហូលីវូដផងដែរ ដូចជាភាពយន្តថ្មីមួយមានចំណងជើងថា «Top Gun: Maverick» ដែលនឹងកំណត់ថា នឹងចាក់បញ្ចាំងក្នុងខែមិថុនា ខាងមុខនេះ។ អ្នកស្រី Aynne Kokas បាននិយាយបន្តថា៖
«អ្វីដែលយើងកំពុងមើលឃើញ គឺការកើនឡើងនៃការវិនិយោគរបស់ចិននៅក្នុងខ្សែភាពយន្តហូលីវូដ។ ដូច្នេះក្រុមហ៊ុនដែលអ្នកប្រហែលជាធ្លាប់ឮហើយ ដូចជាAli Baba ឬ Tencent កំពុងតែវិនិយោគលើខ្សែភាពយន្ត»។
ការបិទរោងភាពយន្ត និងផលិតកម្មនានាក្នុងប្រទេសទាំងពីរ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យសេដ្ឋកិច្ច។ អ្នកស្រី Aynne Kokas រំពឹងថា នឹងឃើញការធ្លាក់ចុះនៃមូលធនវិនិយោគក្រៅប្រទេសពីរដ្ឋាភិបាលចិន ដែលទំនងជានឹងរឹតត្បឹតការវិនិយោគរបស់ចិននៅហូលីវូដ។
ភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរ គឺជាកត្តាមួយផ្សេងទៀត។
ចិនកំពុងបណ្តេញអ្នកយកព័ត៌មាននៃកាសែតThe Washington Post New York Times និង Wall Street Journal ចេញពីប្រទេសខ្លួន។ វិធានការនេះធ្វើឡើង បន្ទាប់ពីកាលពីដើមខែមីនា សេតវិមានបានកំណត់ចំនួនពលរដ្ឋចិន ដែលអាចធ្វើការនៅសហរដ្ឋអាមេរិកសម្រាប់ស្ថាប័នព័ត៌មានចិនដែលគ្រប់គ្រងដោយរដ្ឋចំនួន ៥។
នៅចំពេលនៃការកើនឡើងនូវភាពតានតឹងផ្នែកនយោបាយ និងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការបិទរោងភាពយន្ត ស្ទូឌីយោផលិកម្មមួយចំនួននៅក្នុងប្រទេសទាំងពីរកំពុងសំឡឹងមើលការផ្សាយផ្ទាល់ជាជម្រើសមួយដើម្បីជួយសង្គ្រោះការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។
ក្រុមហ៊ុន Huanxi Media របស់ចិន បានផលិតខ្សែភាពយន្តសំខាន់មួយដែលមានចំណងជើងថា «Lost in Russia» ជាការសាកល្បង ហើយចាក់ផ្សាយតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។
ក្រុមហ៊ុនUniversal នឹងចាក់បញ្ចាំងរឿង «Trolls World Tour» តាមអនឡាញដែលទស្សនិកជនអាចមើលពេលណាក៏បាន។
ក្រុមហ៊ុនUniversal ក៏កំពុងផលិតភាពយន្តដែលសម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្ត ដូចជារឿង«Invisible Man»នោះ សម្រាប់ជួល និងបញ្ចាំងតាមអនឡាញផងដែរ។
លោក Stanley Rosen ជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Southern California និងជាអ្នកជំនាញផ្នែកឧស្សាហកម្មភាពយន្តចិន។ លោកថ្លែងថា៖
«អ្នកមិនអាចធ្វើអ៊ីចឹងបានទេ។ ការធ្វើដូចនេះ វាមិនមាននិរន្តរភាពក្នុងរយៈពេលយូរទេ។ វាមិនល្អសម្រាប់រោងភាពយន្តទេ ហើយវាក៏មិនល្អសម្រាប់ស្ទូឌីយោដែរ ពីព្រោះប្រាក់ចំណូលភាគច្រើនបានមកពីមនុស្សទៅមើលភាពយន្តនៅឯរោង»។
ក៏ប៉ុន្តែ កត្តានៃការបិទរោងភាពយន្តអស់រយៈរយៈពេលដ៏យូរហើយនឹងការភ័យខ្លាចនៃការឆ្លងមេរោគកូរ៉ូណានិងធ្លាក់ខ្លួនឈឺ អាចផ្លាស់ប្តូរឥរិយាបថរបស់ទស្សនិកជន។ អ្នកស្រី Aynne Kokas បាននិយាយពន្យល់បន្តថា៖
«តើមនុស្សនឹងត្រឡប់ទៅមើលភាពយន្តនៅឯរោងវិញទេ? យើងបានឃើញការថយចុះជារួមរួចទៅហើយនូវចំនួនអ្នកទៅមើលភាពយន្តនៅឯរោង ពីព្រោះមានជម្រើសនៃការកម្សាន្តក្នុងផ្ទះជាច្រើន។ ខ្ញុំគិតថា យើងអាចនឹងឃើញមានការផ្លាស់ប្តូរច្រើននៅក្នុងឥរិយាបថទស្សនិកជនមួយចំនួន»។
លោក Stanley Rosen ថ្លែងបន្តថា៖
«ខ្ញុំបានពិនិត្យមើលការស្ទង់មតិដែលបានបង្ហោះនៅលើអ៊ីនធឺណិតរបស់ចិន។ ការស្ទង់មតិក្នុងទ្រង់ទ្រាយធំមួយចំនួនទៅលើមនុស្សរាប់ពាន់នាក់មកពី ៧០ ទីក្រុងផ្សេងគ្នា បង្ហាញថា ជាង ៥០% និយាយថាពួកគេស្ទាក់ស្ទើរក្នុងការត្រឡប់ទៅមើលភាពយន្តនៅឯរោងវិញ។ មនុស្សដែលត្រូវបាន ស្ទង់មតិនិយាយថា «ពួកគេរីករាយក្នុងការមើលកុននៅឯផ្ទះ។ នេះ គឺជាការដាស់តឿនមួយ ហើយខ្ញុំគិតថា ការចាក់បញ្ចាំងតាមអនឡាញ នឹងកាន់តែមានសារៈសំខាន់»។
ផលប៉ះពាល់នៃនិន្នាការថ្មីនេះទៅលើ ឧស្សាហកម្មភាពយន្ដនៅប្រទេសចិន និងសហរដ្ឋអាមេរិក នឹងអាស្រ័យទៅលើរយៈពេលនៃការបិទដំណើរដោយសារតែការរាត្បាតនៃវីរុសកូវីដ១៩នេះ។
ដោយសារតែខ្សែភាពយន្តមួយចំនួនមិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយនៅក្នុងប្រទេសចិននោះ ដូច្នេះសូម្បីតែនៅពេលដែលរោងភាពយន្តនៅចិនបើកទ្វារវិញនៅទូទាំងក៏ដោយ ក៏ហូលីវូដនឹងមានការលំបាកក្នុងការព្យាយាមចូលទីផ្សារនៅចិនដែរ។
លោក Stanley Rosen ថ្លែងបន្តថា៖
«ហូលីវូដ នឹងមានការលំបាកក្នុងការប្រកួតប្រជែងជាពិសេសនៅក្នុងស្ថានភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលប្រទេសចិនចង់ផ្សព្វផ្សាយខ្សែភាពយន្តរបស់ខ្លួន ហើយមិនចង់ផ្សព្វផ្សាយខ្សែភាពយន្តហូលីវូដទេ។ នោះ គឺជារឿងមួយទៀតដែលពិតជាប៉ះពាល់ដល់ហូលីវូដ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់