ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​កូរ៉ូណា​រាលដាល​យឺតៗ​នៅ​ទ្វីប​អាហ្វ្រិកតែ​អនាគត​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​


Jacob Maphala អ្នក​បើកបរ​តាកស៊ី​ពាក់ម៉ាស់​ ហើយ​បាញ់​ថ្នាំសំអាត​ទៅកាន់អ្នក​ដំណើរ ដើម្បីការពារការ​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុងJohannesburg អាហ្វ្រិក​ខាងត្បូង។
Jacob Maphala អ្នក​បើកបរ​តាកស៊ី​ពាក់ម៉ាស់​ ហើយ​បាញ់​ថ្នាំសំអាត​ទៅកាន់អ្នក​ដំណើរ ដើម្បីការពារការ​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុងJohannesburg អាហ្វ្រិក​ខាងត្បូង។

លោក​ប្រធានាធិបតី​ Alassane Ouattara ​នៃ​ប្រទេស​កូតឌីវ័រ​បាន​ប្រកាស​ភាព​មាន​អាសន្ន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣​ខែ​មីនា​ ហើយ​បាន​ពង្រឹង​ការ​រឹតត្បិតដោយរួម​បញ្ចូល​បម្រាម​គោចរ​ពី​ពេល​ព្រលប់​ដល់​ពេល​ថ្ងៃ​រះ។​

លោក​ប្រធានាធិបតី​ Macky Sall​នៃ​ប្រទេសសេណេហ្គាល់ ក៏​មាន​សារ​ដូច​គ្នា​ដែរ។ ​មេ​ដឹកនាំ​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​ចាត់​ថវិកាដើម្បី​ជួយ​ប្រជា​រាស្ត្រ​និង​ក្រុម​អ្នក​ធ្វើការ​ខាង​ការ​ថែ​ទាំ​សុខ​ភាព​ប្រជា​រាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេ​រោគ​នេះ។​

រហូត​មក​ដល់​ថ្ងៃទី​២៤​ខែ​មីនា​មាន​ការ​រាយ​ការណ៍​ថា​ មាន​ករណី​មនុស្ស​ផ្ទុក​មេរោគកូរ៉ូណា​នៅ​ក្នុង​ប្រទេស​ជាង​៤០​ក្នុង​ទ្វីប​អាហ្វ្រិក​ហើយ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​អ្នក​ជំងឺ​កូវីដ-១៩​ច្រើន​ជាង​គេ។​ តួ​លេខ​អ្នក​ជំងឺ​នេះ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នៅ​តែ​តិច​ជាង​តួលេខ​នៅ​ក្នុង​ទ្វីប​អាស៊ី​ ទ្វីប​អឺរ៉ុប​ឬ​ស.រ.អា.។​

ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​បារម្ភ​ថា​ ការណ៍​នេះ​អាច​ផ្លាស់​ប្តូរ​បាន។​ ប្រព័ន្ធ​ថែ​រក្សា​សុខភាព​មិន​មាំទាំ​ភាព​ក្រីក្រ​ ដង់ស៊ីតេ​ប្រជារាស្ត្រ​ក្នុង​ក្រុង​ធំៗ​និង​អសន្តិសុខ​អាច​កែប្រែ​បញ្ហា​សុខភាព​ឱ្យ​ទៅ​ជា​មហន្តរាយ។​

កាលពី​សប្តាហ៍​ទី​បី​នៃ​ខែ​មីនា ​លោក ​Tedros Adhanom Ghebreyesus ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភព​លោក​បាន​ព្រមាន​ថា​ ទ្វីប​អាហ្វ្រិកត្រូវ​«ភ្ញាក់​ឡើង»​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នៃ​មេរោគ​កូរ៉ូណា។​ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ការ​ទូន្មាន​ល្អ​បំផុត​ដល់​ទ្វីប​អាហ្វ្រិក​គឺប្រុងប្រៀប​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត។​ ហើយ​ប្រុង​ប្រៀប​នៅ​ថ្ងៃ​នេះ។​ ស្ថាន​ភាព​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នាំឱ្យ​មាន​កង្វល់​ជាង​កន្លែង​ឯ​ទៀតៗ។​ ក៏​ប៉ុន្តែ​អាច​មាន​កត្តា​ខ្លះ​ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ខ្លះ»។​

លោក ​Pierre Mendiharat​ ជា​នាយក​រង​ខាង​កិច្ច​ប្រតិបត្តិ​ការ​នៃ​អង្គការ​មនុស្ស​ធម៌​វេជ្ជ​បណ្ឌិត​គ្មាន​ព្រំដែន។​ លោក​និយាយ​ថា​កត្តា​មួយ​នៃ​កត្តា​នានា​ដែល​ជួយ​ឲ្យ​ទ្វីប​អាហ្វ្រិក​មាន​ប្រៀប​ជាង​តំបន់នានា​គឺ​កត្តា​ពេល​វេលា។​ តំបន់​មាន​ការ​រាលដាល​មេរោគ​កូរ៉ូណា​ នេះ​ក្រោយ​កន្លែង​ឯ​ទៀតៗ​ ដូច​ជា​ប្រទេស​ចិន​ឬ​ប្រទេស​អ៊ីតាលី។ ​លោក ​Mendiharat​ និយាយ​ថា៖​

«ទម្រាំ​ដល់​ពេល​ទ្វីប​អាហ្វ្រិក​មាន​ការ​រាលដាល​ខ្លាំង​បំផុត​ពេលនោះ​ពិភព​លោក​នឹង​មាន​ប្រភព​ធនធាន​ថែម​ទៀត»។​

ការណ៍​នេះ​មាន​ន័យ​ថាប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក ​ប្រហែល​អាច​ទទួល​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ​ដូច​ជាម៉ាស់​និង​ម៉ាស៊ីន​ អុកស៊ីសែន​ពី​ប្រទេស​នានា​ដែល​ការ​រាតត្បាត​ជំងឺ​នេះ​បាន​ចុះ​ថមថយ​ ​ហើយ​ប្រយោជន៍​មួយទៀត គឺ​ឬទម្រាំ​ពេល នោះ ទ្វីបអាហ្វ្រិក​នឹង​បានអត្ថ​ប្រយោជន៍​ពី​ការ​ជឿនលឿន​ខាង​ការ​ស្រាវជ្រាវ​ ដូច​ជា​ការ​ធ្វើ​ពិសោធន៍​ឆាប់​រហ័ស​និង​ការ​ពិសោធ​ព្យាបាល​ផង​ដែរ។​

ប្រទេស​អាហ្វ្រិក ​ដែល​ធ្លាប់​មាន​ការ​រាលដាល​នៃ​ជំងឺ​Ebola​ប្រហែល​មាន​ប្រៀប​ផ្សេងទៀត ​ទោះ​ណា​ជា​ពួក​អ្នក​ជំនាញ​កត់​សម្គាល់​ថា ជំងឺ​COVID-19 ​ឆ្លង​ជាង​ជំងឺ​ Ebola ​ក៏​ដោយ។​

លោក ​Mendiharat ​ថ្លែង​ថា៖​

«ខ្ញុំ​យល់​ថា​អាជ្ញាធរ​សុខាភិបាល​បាន​រៀន​អំពី​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​ហើយ​ប្រជា​រាស្ត្រ​ក៏​បាន​រៀន​ច្រើន​ដែរ។​ ហើយ​ក៏​មាន​ការ​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំង​ពីរ​នេះ ​ឧទាហរណ៍​ដូច​ជា​ការ​លាង​ដៃ​ជា​ដើម»។​

ដូច្នេះ​វិធាន​ការ​តឹង​តែង​ដើម្បី​ពន្យឺត​ការ​រាលដាល​មេរោគ​កូរ៉ូណា​និង​ការ​មានពេល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​នេះ​ល្អ​ប្រសើរ​ជាង​មុន ​ប្រហែល​ជា​យុទ្ធសាស្ត្រ​ល្អ​បំផុត​សម្រាប់​ទ្វីប​អាហ្វ្រិក​នៅ​ពេល​នេះ៕​

ប្រែ​សម្រួលដោយ​ពិន ស៊ីសុវណ្ណ​


XS
SM
MD
LG