ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​យោធា​កម្ពុជា​ចិន​ឈាន​ដល់​ចំណុច​កំពូល​តាមរយៈ​សមយុទ្ធ​«នាគ​មាស​២០១៨»


ទាហាន​ចិន​អង្គុយ​លើ​រថពាសដែក​ ខណៈ​ដែល​ពួកគេ​ចូល​រួម​ក្នុង​ការ​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​កម្ពុជា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨។
ទាហាន​ចិន​អង្គុយ​លើ​រថពាសដែក​ ខណៈ​ដែល​ពួកគេ​ចូល​រួម​ក្នុង​ការ​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​កម្ពុជា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨។

នាយ​ទាហាន​និង​ពល​ទាហាន​ចិន​និង​​កម្ពុជា​រាប់​រយ​នាក់​បាន​ចាប់​ផ្ដើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់​ទ្រាយ​ធំ​​មួយ​កាល​ពី​ថ្ងៃ​ចុង​​សប្ដាហ៍​កន្លង​ទៅ ​ដែល​មាន​ប្រដាប់​ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​សម្បូរ​បែប ​មាន​ទាំង​យុទ្ធោបករណ៍​ដីគោក ​និង​ផ្លូវ​អាកាស។ ​​អ្នក​តាម​ដាន​ស្ថាន​ការណ៍​តំបន់​បាន​មើល​ឃើញ​ថា ​សម​យុទ្ធ​នេះ​​បាន​បង្ហាញ​នូវ​សម្ព័ន្ធភាព​ចាក់​ទឹក​មិន​លេច​រវាង​ចិន ​និង​កម្ពុជា ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​អនុត្តរភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក ​និង​ដៃ​គូ​ផ្សេង​ទៀត។

កង​យោធា​ចិន​ និង​កម្ពុជា​រាប់​រយ​នាក់​បាន​រួម​គ្នា​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែលអម​ដោយ​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើបៗ ​ក្នុង​គោល​ដៅ​វាយ​បង្ក្រាប​ភេរវកម្ម ​និង​ការ​អន្តរាគមន៍​ផ្ដល់​ជំនួយមនុស្ស​ធម៌​ក្នុង​គ្រា​មាន​អាសន្ន​គ្រោះ​ធម្មជាតិ​នានា។​

លំហាត់​ហ្វឹក​ហ្វឺន​ដែល​មាន​ឈ្មោះ​ថា​«នាគ​មាស​២០១៨» ​ជា​ការ​រៀប​ចំ​ធ្វើ​ឡើង​ជា​លើក​ទី២​ហើយ​ ​បន្ទាប់​ពី​បាន​ធ្វើ​សម្រេច​ជោគ​ជ័យ​កាល​ពី​លើក​ទី​មួយ​នា​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ ​ដែល​លើក​នេះ​មានរាប់​បញ្ចូល​ការ​បាញ់​គ្រាប់​ពិត​ តូច ​ធំ​នានា ​សរុប​ប្រមាណ​១៨.០០០​គ្រាប់ ​រួម​មាន​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ពី​ឧទ្ថម្ភាគ​ចក្រ​ការ​វាយ​ប្រហារ​ដោយ​រថ​ពាស​ដែក​ថែមទៀត​ផង។​

អ្នក​វិភាគ​បាន​និយាយ​ថា​ ការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ឈាន​ដល់​ចំណុច​របត់​កំពូល​ថ្មី​មួយ​ទៀត​នៃ​ទំនាក់​ទំនង​រវាង​មហា​យក្ស​ចិន​ និង​កម្ពុជា ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​ទីក្រុង​ប៉េកាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែលនឹង​អាច​ជា​ការ​ស្ដែង​ឡើង​នៃ​ឥទ្ធិពលដែល​ចេះ​តែ​រីក​ធំ​ធាត់​របស់​ចិន​ទៅ​ក្នុង​តំបន់ ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជាមួយសហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

អ្នក​វិភាគ​ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​បានប្រាប់​ ​VOA​ ថា​ ​ការ​ផ្ដល់​ជំនួយ​សឹក​របស់​ប្រទេស​ចិន​មក​ដល់​កម្ពុជា​បាន​ផ្ដល់​ជា​វិភាគ​ទាន​មួយ​ផ្នែក​ដល់​កង​កម្លាំង​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ឆ្លើយ​តប​នឹង​ស្ថាន​ភាពភូមិ​សាស្ត្រ​ជា​ប្រវត្តិ​សាស្ត្រ​ ស្ថិត​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​ដែល​មាន​មាឌ​ធំ​ជាង​ខ្លួន ​ប៉ុន្តែ​ការណ៍​នេះ​ក៏​ត្រូវ​បាន​ព្រមាន​ដែរថា ​ការ​បង្កក​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​ជាមួយ​យោធា​អាមេរិក ​ទៅ​ស្និទ្ធ​នឹង​ចិន ​អាច​នាំ​ឱ្យ​ជញ្ជីង​សន្ដិសុខ​នយោបាយការ​ទូត​របស់​កម្ពុជា​ផ្អៀង​ផ្អង​បាត់​បង់​លំនឹង ​នឹង​នាំ​ឱ្យ​ការ​ទន់​លោង​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​គឺ​កាន់​តែ​ខ្លាំង។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ឆ្នាំ​ទៅ​មិញ​ ​កម្ពុជា​បាន​ជូន​ដំណឹង​ដល់​កង​ទ័ព​អាមេរិក ​អំពី​ការ​សម្រេច​ផ្អាក​សម​យុទ្ធ​យោធា​រួម​«ឆ្មាំ​អង្គរ» ​(ANGKOR ​SENTINEL) ​រវាង​ប្រទេស​ទាំង​ពីរ ​ខណៈ​ដែល​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​មនុស្ស​ធម៌​ផ្សេង​ទៀត​ដូច​ជា ​កម្មវិធី​«ឃ្មុំ​សមុទ្រ»​(SEABEES) ​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​ នៅ​ចំ​កណ្ដាល​នៃ​ការ​ធ្លាក់​ចុះ​ជា​ទូទៅ​នៃ​ទំនាក់​ទំនង​រវាង​ភ្នំពេញ​ ​និង​វ៉ាស៊ីនតោន ​នា​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។​

លោក​ ​Carlyle ​Thayer​ ​អ្នកជំនាញ​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកល​វិទ្យាល័យ ​New ​South ​Wales ​បាន​និយាយ​ថា​ ស្ថាន​ការណ៍​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​អាច​ជា​កត្តា​មួយ​ជួយ​រុញ​ច្រាន​យោធា​ខ្មែរ-ចិន​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន ​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​ការ​ប្រើ​វិធាន​ការណ៍​ផ្លូវ​ច្បាប់​គ្រប់​រូប​ភាព​ ចាត់​ការ​ដៃ​គូ​ប្រជែង​ផ្នែកនយោបាយ​ និង​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច ​និង​ស្ថាប័ន​សង្គម​ស៊ីវិល​ផ្សេងៗ ​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា។​

សាស្ត្រា​ចារ្យ​រូប​នេះ​បាន​ប្រាប់​ VOA​ ​តាម​សារ​អេឡិច​ត្រូនិក​ តាម​ន័យ​ដើមថា៖​

«ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ខាង​ប្រទេស​ចិន ​មាន​គោល​ដៅ​មួយ​ក្នុង​ការសម្រាល​ខ្លួន​ឯង​ពី​ការដាក់​សម្ពាធពី​បណ្ដា​ប្រទេស​បស្ចិម​លោក​ឱ្យ​រក្សា​របបនយោបាយ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​គោរព​សិទ្ធិ​មនុស្ស។ កម្ពុជា​ដឹង​ថា​ បើ​ខ្លួន​ឈរ​ខ្សែ​ត្រៀម​ជាមួយ​ប្រទេស​ចិន ​មិន​មាន​ឡើយ​ ឬ​បើ​មាន​ពិត​ជា​តិច​តួច​ នូវ​ការ​ជ្រៀត​ជ្រែក​ចូលកិច្ច​ការ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន»។​

លោក​ ​Carlyle ​Thayer​ ​បាន​បន្ថែម​ថា ​ជំនួយ​សឹក​ពី​សំណាក់​ទីក្រុង​ប៉េកាំង​ ​ជួយ​លើក​កម្ពស់​នូវ​សមត្ថភាព​ការពារ​សន្តិ​សុខ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

សមយុទ្ធ​«នាគមាស»​លើក​ទី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងខែ​ធ្នូ ​ឆ្នាំ​២០១៦​ ​នៅ​ឯ​វិទ្យាស្ថានកងទ័ព​ជើងគោក​ ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​មាន​ការឧបត្ថម្ភទាំង​ផ្នែក​ឧបក្ខារ ​និង​បច្ចេកទេស​យោធា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​សំណាក់​ប្រទេស​ចិន ​តាំង​ពី​ឆ្នាំ​២០០០​មក។​

លោក​ឧត្តមសេនីយ៍ទោ Zhang Jian នៃ​ប្រទេស​ចិន និង​លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។
លោក​ឧត្តមសេនីយ៍ទោ Zhang Jian នៃ​ប្រទេស​ចិន និង​លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។

នៅ​ឯ​ទី​សម​យុទ្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ​វិញ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​មន្ត្រី​យោធា​ខ្មែរ​ និង​ចិន​ ដែល​បាន​ចូល​រួម​ពិធី​បើកសម​យុទ្ធ​«នាគមាស​២០១៨»​លើក​ទី​ពីរ​នេះ ​បាន​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​កិច្ចការ​ការពារជាតិ​រវាង​ប្រទេស​ទាំង​ពីរ។ ​ភាគី​កម្ពុជា​បាន​ចាត់​ទុក​ប្រទេស​ចិន​ថា​ ជា​ជញ្ជាំង​ផ្អែក​ដ៏​រឹង​មាំ​ក្នុងកិច្ច​ការ​ពារផល​ប្រយោជន៍​សន្តិសុខជាតិ​របស់​ខ្លួន។​

កម្ពុជា​ធ្លាប់​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ទាំង​ថៃ ​ទាំងឡាវ និង​វៀតណាម។​ ជាមួយ​ប្រទេស​ថៃ ​កម្ពុជា​បានពើប​ប្រទះ​នឹង​ការ​ប្រឈម​មុខ​គ្នា​តាម​ប្រដាប់​អាវុធ​នៅ​លើ​បណ្ដាយ​ព្រំដែន​ឆ្នាំ​២០០៨​ ជុំវិញ​សំណុំ​រឿង​ដណ្ដើម​កាន់​កាប់​តំបន់​ទឹក​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ។​

កាល​ពី​ឆ្នាំ​២០១៧ ​កងទ័ព​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រឈមមុខ​រយៈ​ពេល​ខ្លី​ជាមួយ​កងទ័ព​ឡាវ ​ជុំវិញ​ការ​ដណ្ដើម​កាន់​កាប់​ទឹក​ដី​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹង​ត្រែង។​

​បន្ទាត់​ខណ្ឌសីមាព្រំដែនដ៏វែង​នៅ​ភាគ​ខាង​ត្បូង ​និង​ភាគ​ខាង​កើត​ជាមួយ​ប្រទេស​វៀតណាម​ បាន​សម្រេច​ការ​កំណត់​ និង​បោះ​បង្គោលព្រំដែន​ជា​បន្ត​បន្ទាប់ ​ដែល​អម​ទៅ​ដោយ​ភាព​ចម្រូង​ចម្រាស ​និង​ការ​មិន​យល់​ស្រប​រវាង​ប្រទេស​ទាំង​ពីរ​ជា​ហូរ​ហែ។​

ការ​ចង​សម្ព័ន្ធ​ស្អិត​រមួត​ផ្នែក​យោធា​ជាមួយ​ប្រទេស​ចិន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ជាង​មុន​ ក្នុង​ការ​ឈរ​ជើង​ក្នុង​ភូមិ​សាស្ត្រ​ប្រវត្តិសាស្ត្រ​ជាមួយ​អ្នក​ជិត​ខាង​ដែល​មាន​មាឌធំ​ជាង​ខ្លួន ​រួម​មាន​ថៃ ​និង​វៀតណាម ជា​ពិសេស​វៀត​ណាមដែល​នៅ​រក្សាឥទ្ធិពល​នយោបាយ​ និង​សេដ្ឋ​កិច្ច​លើ​កម្ពុជា។​ នេះ​បើ​យោង​តាម​ ​លោក ​ឈាង វណ្ណារិទ្ធ​ អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី។​ឮ

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​ទូរ​ស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖

«ចិន​ជា​ដៃ​គូ​មួយ​ដ៏​សំខាន់​ គឺ​សំខាន់​ជាង​គេ​តែ​ម្ដង ​និយាយ​ឱ្យ​ចំ​ទៅ ​ទាក់​ទង​នឹង​សន្តិសុខ ​និង​ការពារ​ជាតិ»។​

ក៏​ប៉ុន្តែ​លោក ​ឈាង វណ្ណារិទ្ធ ​បាន​បញ្ជាក់​ដែរ​ថា ​បើ​ទោះ​ជា​ត្រូវ​ការ​ចិន ​ដើម្បី​យក​មក​ធ្វើជា​ខ្នង​បង្អែក​ការពារ​គ្រឹះ​សន្តិសុខ​ជាតិ ​ស្ថិរភាព​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ណា​ក្ដី​ ទំនាក់​ទំនង​នេះត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យការ​ជាមួយ​ប្រទេស​វៀតណាម​ដែល​នៅ​ក្បែរ​ខាង។ ​វៀតណាមបាន​ជួយ​ជ្រោម​ជ្រែង​ឥស្សរ​ជន​នយោបាយ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ចូល​មក​ក្នុង​អំណាច​កាល​ពី​ឆ្នាំ​១៩៧៩។

«និយាយ​ជា​រួម​ទៅ​ កម្ពុជា​យើង​មិន​អាច​ចោល​ពីរ​[ប្រទេស]​ហ្នឹង​បាន​ទេ ​ក្នុង​នយោបាយ​ការ​បរទេស​ ក្រោម​របប​ដឹក​នាំ​បច្ចុប្បន្ន​នេះ»។​

កម្ពុជា​បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​សន្តិសុខ​ជា​បន្ត​បន្ទាប់ ​ដែល​សម្រាប់​ឆ្នាំ​២០១៨​នេះ ​ថវិកា​សម្រាប់​ការ​ការពារ​ជាតិ ​និង​សន្តិសុខ​ផ្ទៃ​ក្នុង​មាន​បរិមាណ​រហូត​ដល់​ប្រមាណ​៩៧៣​លាន​ដុល្លារ​ ដែល​មាន​ចំណែក​ក្បែរ​១៦%​នៃ​ថវិកា​ជាតិ ​ហើយចំណែក​ថវិកា​ចំណាយ​លើ​វិស័យ​នេះ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ ​ក្នុង​អត្រា​ជា​មធ្យម​១៥%​ក្នុង​មួយ​ឆ្នាំ។​

ទាហាន​កម្ពុជា​និង​ទាហាន​ចិន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។
ទាហាន​កម្ពុជា​និង​ទាហាន​ចិន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។

ស្ថានទូត​ចិន​នៅ​ភ្នំពេញ ​និង​ក្រសួង​ការពារ​ជាតិ​ចិន​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាយាម​របស់​ VOA​ ក្នុង​ការ​ស្នើ​សុំ​សេចក្ដី​អធិប្បាយ​លើ​បញ្ហា​នេះទេ ​គិត​ត្រឹម​រយៈ​ពេល​នៃ​ការ​ចេញ​ផ្សាយ​នេះ។​

លោក ​ឈុំ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ពោល​សរសើរ​ជំនួយ​យោធា​របស់​ចិន​ដោយ​និយាយថា ​បាន​ជួយ​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា ​ក្នុង​មូលដ្ឋាន​នៃ​ការការ​ពារ​ខ្លួន​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​នានា ​និង​ពង្រឹង​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ប្រទេស។

«យើង​ឃើញ​ថា​ អ្វី​ដែល​ជា​ជំនួយ​របស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ​មក​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ជំនួយ​ដែល​គ្មាន​ចំណង​ ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​ ជា​ជំនួយ​ដោយ​សុទ្ធ​ចិត្ត​ ជា​ការ​ហ្វឹក​ហាត់ ​និង​សម្ភារៈ​ ដើម្បី​ពង្រឹង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​ឱ្យ​មាន​សមត្ថភាព​យល់​ដឹង ​និង​សមត្ថភាព​វិជ្ជា​ជីវៈ ​ជា​យោធិន​ និង​ជា​យោធា ​មាន​សមត្ថភាព​គ្រប់​គ្រង​ការពារ​ជាតិ​របស់​យើង»។​

នៅ​រយៈ​កាល​មិន​យូរ​ប៉ុន្មាន​ក្នុង​ខែ​មីនា​នេះ​ដែរ ​នាវា​ពិឃាត​ខ្នាត​ធំ​ផ្ទុក​យន្តហោះ​ប្រយុទ្ធ​របស់​អាមេរិក ​USS ​Carl​ Vinson ​បាន​ទម្លាក់​យុថ្កា​ចូល​សំចត​នៅ​កំពង់​ផែ​ទី​ក្រុង​ដាណាំង​ ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជាសម្ព័ន្ធ​មិត្ត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ទប់​ទល់​នឹង​ចិន​ ជា​ពិសេស​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស ​ដែល​រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​បាន​ទាមទារ​ផ្ទៃ​គ្រប់​គ្រង​ស្ទើរ​តែ​ទាំង​អស់​ ហើយ​បាន​សាង​សង់​កោះ​សិប្ប​និម្មិត ​ដើម្បី​ដាក់​មូល​ដ្ឋាន​ទ័ព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​របស់​ខ្លួន​ពាស​ពេញ​ផ្ទៃ​ទឹក​ដែល​ជា​ច្រក​នាវា​ចរណ៍​សំខាន់​របស់​ពិភព​លោក​ទៀត​ផង។​

សេត​វិមាន​របស់​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​បាន​ចេញ​ផ្សាយ​នូវ​សៀវភៅ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ ដោយ​បាន​ដៅ​ឈ្មោះ​ចំៗ​លើ​រុស្ស៊ី​ និង​ចិន​ថា ​មាន​ការ​រីក​ឡើង​នៃ​អនុត្តរ​ភាព​អំណាច​ដែល​បង្ក​ជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​សហ​រដ្ឋ​អាមេរិក។​កាល​ពី​ខែ​មុន ​ ​សេត​វិមាន​បាន​ប្រកាស​កាត់​ផ្ដាច់​ជំនួយ​មក​កាន់​ប្រទេស​កម្ពុជា​ ជុំវិញ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

ការ​កាត់​ជំនួយ​មក​ដល់​ប្រទេស​កម្ពុជា ​ដែល​ជា​សេចក្ដី​សម្រេច​របស់​សេត​វិមាននោះ ​ក៏​មាន​ផង​ដែរ​ការ​ផ្ដាច់​ជំនួយ​យោធា ​ក្នុង​អ្វី​ដែល​អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​និយាយ​ថា​ ​ បណ្ដាល​មក​ពី​វោហាស័ព្ទ​ហិង្សា​ដែល​ត្រូវ​បាន​ថ្លែង​នា​ពេល​កន្លង​ទៅ​ដោយ​មេបញ្ជាការ​កងទ័ព​ទាំង​ឡាយ​ ទាំង​ពួង​របស់​កម្ពុជា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។​

រដ្ឋា​ភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឈ្នះ​បណ្ដឹង​មួយ​នៅ​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ ​នាំ​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​ ជា​មួយ​នឹង​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ដៃ​ ចូល​ជើង​នឹង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​អនុវត្ត​គម្រោងផ្ដួល​រំលំ​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន។

ទាហាន​ចិន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។
ទាហាន​ចិន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៨។

សហ​រដ្ឋ​អាមេរិក ​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ជា​បន្ត​បន្ទាប់។​

​លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​ ក្បែរ​បន្ទាត់​ព្រំដែន​វៀតណាម​នោះ​ ត្រូវ​ប្រឈម​នឹង​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ មេ​ដឹកនាំ​១១៨​រូប​នៃ​គណបក្ស​ជំទាស់​បាន​ទទួល​កាត​ក្រហម​ឱ្យ​ស្ថិត​នៅ​ក្រៅ​សង្វៀន​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ដែល​មួយ​ចំនួន​នៃ​ពួក​គេ​កំពុង​រស់​នៅ​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ដោយ​ខ្លះ​ត្រូវ​ចូល​រួម​នឹង​ចលនា​សង្គ្រោះ​ជាតិ ​ដែល​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី ​ហើយ​ដែល​ត្រូវ​រដ្ឋា​ភិបាល​ពាក់​ស្លាក​ឱ្យ​ថា ​ជា​ក្រុម​«ភេរវជន»។

បណ្ដាញ​សារ​ព័ត៌មាន​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​អនាមិក ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​នូវ​ការ​ជាប់​ពាក់​ព័ន្ធ​រវាង​លោក ​សម រង្ស៊ី ​និង​ក្រុម​នយោបាយ​ផ្សេងៗ​នៅ​វៀតណាម​ ទាំង​ក្រុម​ជន​ជាតិ​ភាគ​តិច ​និង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ ដោយ​មាន​ការ​លេច​ធ្លាយ​នូវ​រូប​ថត​នៃ​ជំនួប​រវាង​មេដឹកនាំ​ចលនា​ជំទាស់​រូប​នេះ​ជាមួយមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម​ កាល​ពី​អំឡុង​ជាង​១០​ឆ្នាំ​មុន​ទៀត​ផង។​

តាម​រយៈ​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត ​The Australian ​កាល​ពី​ខែ​មុន ​លោក​ ​សម រង្ស៊ី​ បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ថា ​ប្រទេស​ចិន​អាច​នឹង​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ការ​ដាក់​មូល​ដ្ឋាន​ទ័ព​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ខណៈ​ណា​មួយ​ នា​ពេល​អនាគត ​ក្នុង​អ្វី​ដែល​ប្រទេស​អូស្ត្រាលី ​សហរដ្ឋ​អាមេរិក ​ជប៉ុន ​និង​ឥណ្ឌា ​អាច​នឹង​រង​ការ​គំរាម​កំហែង។​

ក៏​ប៉ុន្តែ​លោក​ ​ឈុំ សុជាតិ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​បាន​ទាត់​ចោល​មន្ទិល​សង្ស័យ​ខាង​លើ​ ​ដោយ​ថា​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូល​ដ្ឋាន​ទ័ព​បរទេស​ណាមួយ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ។​

លោក ​Carlyle Thayer ​នៃ​សាកល​វិទ្យាល័យ ​New ​South ​Wales ​បាន​និយាយ​ថា ​ដោយសារសភាព​ការណ៍​សន្តិសុខ​កម្រិត​ជាតិ ​និង​កម្រិត​តំបន់ ​ចេះ​តែ​មាន​ការ​ប្រែ​ប្រួល​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជានោះ នោះ ​ប្រទេស​ចិន​មុខ​ជា​នឹង​ពង្រីក​វាតទី​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ក្នុង​តំបន់​បន្ត​ទៀត ​ជា​ពិសេស​តាម​រយៈ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ តែ​ថា​ ចិន​មុខ​ជា​នឹង​ត្រូវ​ការឲ្យកម្ពុជា​ផ្ដល់​ជំនួយ​ជា​ការ​គាំទ្រ​ផ្នែក​ស្មារតី ​ការ​ទូត ​និង​មធ្យោបាយ​ផ្សេង​ទៀត​ នៅ​ពេល​ជម្លោះ​កាន់​តែ​ឡើង​ក្ដៅ៕

XS
SM
MD
LG