នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការ«សេរីភាពនាវាចរណ៍»នៅថ្ងៃសុក្រនេះនៅក្នុងដែនសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីយោធាសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងាររ៉យទ័រក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាវាចម្បាំង USS Mustin បានស្ថិតនៅចម្ងាយប្រហែល២២គីឡូម៉ែត្រពីតំបន់ថ្មប៉ប៉្រះទឹកម៉ីជីដែលជាកោះសិប្បនិម្មិតកសាងឡើងដោយប្រទេសចិននៅលើប្រជុំកោះស្ប្រ៉ាតលី ហើយបានធ្វើប្រតិបត្តិការហ្វឹកហាត់។
ក្រសួងការពារជាតិនិងក្រសួងការបរទេសចិននៅមិនទាន់បានឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅឡើយទេ។
សហរដ្ឋអាមេរិកបានរិះគន់ប្រទេសចិនចំពោះការសាងសង់កោះសិប្បនិម្មិតនិងការសាងសង់មូលដ្ឋានយោធានៅក្នុងដែនសមុទ្រ ហើយបានសម្តែងការព្រួយបារម្ភថាមូលដ្ឋានទាំងនេះអាចប្រើប្រាស់ដើម្បីរឹតត្បិតសេរីភាពនាវាចរណ៍នៅក្នុងដែនទឹកយុទ្ធសាស្រ្តនេះ។
ប្រទេសចិនមានជម្លោះដែនទឹកជាមួយនឹងប្រទេសជិតខាងនៅតំបន់សមុទ្រចិនខាងត្បូង។
ប្រតិបត្តិការនៅថ្ងៃសុក្រនេះកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយដែលនឹងកំណត់ពន្ធគយលើទំនិញរបស់ប្រទេសចិនមានតម្លៃ៦០ពាន់លានដុល្លារ៕