កងទ័ពនៃប្រទេសឥណ្ឌានិងចិន បានប្រឈមមុខគ្នាជាថ្មីម្តងទៀតនៅតាមព្រំដែននៃភ្នំហិម៉ាល័យឬភ្នំហេមពាន្តដែលមានជម្លោះគ្នាកាលពីសប្តាហ៍មុន ដោយធ្វើឱ្យកងទ័ពទាំងសងខាងមានរបួសជាច្រើននាក់។ នេះបើតាមប្រភពមួយចំនួនដែលបាននិយាយកាលពីថ្ងៃចន្ទ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្តីរាយការណ៍។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ក៏បានប្រាប់ដល់សភានៅថ្ងៃអង្គារនេះពីការប៉ះទង្គិចគ្នានោះដោយបានចោទថាទាហានចិនព្យាយាមចូលមកទឹកដីរបស់ឥណ្ឌាប៉ុន្តែត្រូវបានធ្វើឲ្យបរាជ័យ។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៩ខែធ្នូ សប្តាហ៍មុន បានធ្វើឱ្យកងទ័ពពីរបីនាក់នៃភាគីទាំងសងខាងរងរបួសបន្តិចបន្តួច។ នេះបើតាមប្រភពមួយឱ្យដឹង។ ចំណែកប្រភពមួយទៀតនិយាយថា កងទ័ពឥណ្ឌាយ៉ាងហោចណាស់ក៏ចំនួន៦នាក់ដែរ បានទទួលរងរបួស។
ប្រភពនោះបន្តទៀតថា កងទ័ពចិនបានចូលមកកៀកនឹងតំបន់នៃខ្សែត្រៀមគ្រប់គ្រង (Line of Actual Control) ដែលជាព្រំប្រទល់ជាក់ស្តែង ដែលត្រូវបានឯកភាពគ្នាថា គ្មានភាគីណាមួយនឹងត្រូវធ្វើការដើរល្បាតនៅទីនោះឡើយ។
ទង្វើរបស់កងទ័ពចិននេះ ត្រូវបានឆ្លើយតបដោយកងទ័ពឥណ្ឌា ក្នុងលក្ខណៈម៉ត់ចត់និងរឹងមាំ។ នេះបើតាមការបញ្ជាក់របស់ប្រភពទី១នោះ។
បន្ទាប់ពីការប៉ះទង្គិចគ្នាមក ភាគីទាំងពីរក៏បានដកថយចេញពីតំបន់នោះជាបន្ទាន់ផងដែរ។
មេបញ្ជាការកងទ័ពឥណ្ឌាមួយរូប បានជួបប្រជុំជាមួយសមភាគីចិនរបស់លោកក្នុងពេលបន្ទាប់មក «ដើម្បីពិភាក្សាលើបញ្ហានេះ ដោយអនុលោមទៅតាមយន្តការដែលត្រូវបង្កើតឡើង ដើម្បីស្តារសន្តិភាពនិងភាពស្ងប់ស្ងាត់»។
ប្រទេសចិននិងឥណ្ឌាធ្លាប់បានប្រយុទ្ធក្នុងសង្គ្រាមកាលពីឆ្នាំ១៩៦២ ជុំវិញបញ្ហាជម្លោះព្រំដែន ដែលលាតសន្ធឹងដ៏វែងនៃប្រទេសទាំងពីរ។
ភាពតានតឹងខ្លាំងបានកើតឡើងរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២០ ក្នុងពេលដែលកងទ័ពព្រំដែននៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយការបង្ហូរឈាម ដែលធ្វើឱ្យកងទ័ពឥណ្ឌាចំនួន២០ និងកងទ័ពចិនយ៉ាងហោចណាស់ក៏៤នាក់ផងដែរ បានស្លាប់៕