ប្រទេសឥណ្ឌា និងចិនបានដកកងទ័ពចេញពីតំបន់ព្រំដែនមានជម្លោះនៅក្នុងតំបន់ភ្នំហេមពាន្ត ដែលមានការប្រឈមមុខដាក់គ្នារយៈពេលជាង២ឆ្នាំមកហើយ។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា កងទ័ពបានចាប់ផ្តើមចាកចេញពីតំបន់ Gogra-Hotsprings ទៅ«តាមការសម្របសម្រួលនិងផែនការ ដែលមានប្រយោជន៍ដល់សន្តិភាព និងភាពស្ងប់ស្ងាត់នៃតំបន់ព្រំដែន»។
ការប្រកាសនោះបានកត់សម្គាល់នូវជំហានថ្មីមួយឆ្ពោះទៅដោះស្រាយការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីមានការប៉ះទង្គិចកាលពីខែមិថុនា ឆ្នាំ២០២០ក្នុងតំបន់Ladakh នៃជ្រលងភ្នំហេមពាន្តខាងលិច ដែលបានសម្លាប់ទាហានឥណ្ឌា២០នាក់ និងទាហានចិនចំនួន៤នាក់។
ប្រទេសទាំងពីរបានដាក់កងទ័ពរបស់ខ្លួនប្រមាណ៥ម៉ឺននាក់ម្ខាងៗ គាំទ្រដោយយន្តហោះចម្បាំង កាំភ្លើងធំ និងរថគ្រោះផងដែរ នៅតាមតំបន់ព្រំដែននៅភ្នំហេមពាន្ត តាមតំបន់ដែលគេហៅថា ចំណុចដែលមានបញ្ហាតាមខែ្សបន្ទាប់ព្រំដែន ដែលមិនមានការបោះបង្គោល ប្រវែងប្រមាណ៣ពាន់៨រយគីឡូម៉ែត្រ។ នៅតាមទីតាំងជាច្រើន កងទ័ពទាំងពីរប្រទេសបានឈរជើងនៅក្បែរៗគ្នា។
ការដកកងទ័ពនេះកើតមានឡើងនៅមុនកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅសប្តាហ៍ក្រោយ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលគ្រោងចូលរួមដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីចិនលោក Xi Jinping។ មានការសន្និដ្ឋាននៅក្នុងបណ្តាញព័ត៌មានក្នុងស្រុកថា ទំនងជាមានកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ នៅក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហើយដែលជាការទាក់ទងគ្នាដោយផ្ទាល់ ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើង ក្រោយមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីឆ្នាំ២០២០មកនោះ៕