ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បញ្ឈប់​ការ​ជជែក​ពិភាក្សា​លើ​ច្បាប់​ជួល​ដី​វិនិយោគ​​បន្ទាប់​ពី​មាន​ការ​បាតុកម្ម​ប្រឆាំង​នឹង​ការ​វិនិយោគ​ចិន


បាតុករ​ស្រែក​ពាក្យ​របស់​ខ្លួន​ប្រឆាំង​នឹង​សំណើ​ជួល​ដី​រយៈពេល​យូរ​ដល់​អ្នក​វិនិយោគ​ចិន​នៅ​ក្នុង​បាតុកម្ម​មួយ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
បាតុករ​ស្រែក​ពាក្យ​របស់​ខ្លួន​ប្រឆាំង​នឹង​សំណើ​ជួល​ដី​រយៈពេល​យូរ​ដល់​អ្នក​វិនិយោគ​ចិន​នៅ​ក្នុង​បាតុកម្ម​មួយ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​វៀតណាម​បាន​ផ្អាក​ការជជែក​វែកញែក​នៅ​សប្តាហ៍​មុន លើ​សេចក្តី​ព្រៀង​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​ហូរ​ចូល​យ៉ាង​សន្ធឹកសន្ធាប់ នៃ​ការ​វិនិយោគ​ពី​សត្រូវ​ចាស់​របស់​ខ្លួន​គឺ​ប្រទេស​ចិន។ ការ​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ធំៗ​ជា​ច្រើន​ថ្ងៃ​ដែល​បង្ក​ឡើង​ដោយ បាតុករ​ដែល​ព្រួយ​បារម្ភ​​ថា ច្បាប់​នេះ​នឹង​បង្កើត​ឲ្យ​មាន​ការវិនិយោគ​របស់​ចិន​ក្នុង​កម្រិត​គ្រោះថ្នាក់​មួយ។

ដោយ​សារ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ពី​ប្រជាជន អ្នក​តាក់​តែង​ច្បាប់​វៀតណាម បាន​សម្រេច​ផ្អាក​ការ​ជជែក​ពិភាក្សា​អំពី​ច្បាប់​វិនិយោគ​ថ្មី​ដែលនឹង​អនុញ្ញាត​ឲ្យ​ជន​បរទេស​ដែល​ភាគ​ច្រើន​ជា​វិនិយោគិន​ចិន អាច​ជួល​ដី​បាន​រហូត​ដល់ ៩៩ឆ្នាំ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣។ រដ្ឋសភា​វៀតណាម​បាន​ពិភាក្សា​អំពី​ច្បាប់​នេះ តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ មក​ម៉្លេះ។

បាតុកម្ម​បាន​ក្លាយ​ទៅ​ជា​កុប្បកម្ម​នៅ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ហិង្សា​រវាង​បាតុករ​និង​ប៉ូលិស។ ពួក​បាតុករ​បាន​បិទ​កាន់​កាប់​ការិយាល័យ​រដ្ឋាភិបាល ហើយ​បាន​ដុត​រថយន្ត​ប៉ូលិស​រាប់​សិប​គ្រឿង​ និង​បំផ្លាញ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការិយាល័យ​ជា​ច្រើន។ មន្ត្រី​នានា​បាន​រត់​ភៀស​ខ្លួន​រក​សុវត្ថិភាព។

លោក Trung Nguyen ដែល​ជា​ព្រឹទ្ធបុរស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ហូជីមិញក្នុង​ប្រទេស​វៀតណាម​និយាយ​ថា បាតុករ​ព្រួយ​បារម្ភ​ថា​ការ​ជួល​ដី​រយៈពេល ៩៩ឆ្នាំ​ នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ឥទ្ធិពលចិន​ក្នុង​ប្រទេស​វៀតណាម។ លោក​ថ្លែង​ថា៖ «ពួកគេ​គិត​ថា​ ចិន​អាច​ទិញ​ក្បាល​រដ្ឋាភិបាល​បាន ហើយ​នោះ​ជា​បញ្ហា»។

លោក Maxfield Brown ដែលជា​សហការី​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សាយោបល់ Dezan Shira & Associates នៅ​ទីក្រុង​ហូជីមិញ មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​អ្នក​មើល​ការ​ស្ទង់​មតិ​ប្រជាជន ជនជាតិ​វៀតណាម​ទូទៅ​មិន​ចូលចិត្ត​ទទួល​ឥទ្ធិពល​ពី​ចិនជាងពី​កន្លែង​ណា​ផ្សេង​ទៀតទាំងអស់ ហើយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រឹត​តែ​ធ្វើ​ឲ្យ​ការ​មិន​ចូលចិត្តឥទ្ធិពលចិន​នេះ​កាន់​តែ​ខ្លាំង​ឡើង»។

ជនជាតិ​វៀតណាម​មិន​ពេញ​ចិត្ត​ប្រទេស​ចិន ដោយសារ​ជម្លោះ​ដែនដី​ដែល​កើត​ឡើង​រាប់​សតវត្សរ៍ ហើយ​ជម្លោះ​ថ្មីៗ​រួម​មានសង្គ្រាម​នៅ​តាម​ព្រំដែន​ក្នុងទសវត្សរ៍១៩៧០និង​វិវាទ​ដែន​សមុទ្រ​ដែល​កំពុង​បន្ត។ ទាំង​វៀតណាម​និង​ចិន បាន​ទាមទារ​ដែន​ទឹក​ជាន់​គ្នា​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅ​ដោយ​ធនធាន។

ភាពភ័យខ្លាចការគ្រប់គ្រងរបស់ចិន

តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​ស្នើ​ឡើង​មួយ ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ចិន។ លោក Frederick Burke ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ Baker McKenzie នៅ​ទីក្រុង​ហូជីមិញ​បាន​ថ្លែង​ថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងបី អាច​នឹង​ផ្តោត​លើ​ការវិនិយោគ​វិស័យ​ទេសចរណ៍ ជា​ជាង​សេដ្ឋកិច្ច​ចម្បង​របស់វៀតណាម ដែល​ជា​វិស័យ​ផលិតកម្ម»។

លោក Burke ថ្លែង​ថា៖

«ខ្ញុំ​មិន​គិត​ថា វា​ពិត​ជា​ផ្តោត​លើវិស័យ​ដូចជា ផលិតកម្ម វិនិយោគ និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នោះ​ទេ។ នេះ​ជា​អ្វី​ដែល​ខុស​ពី​គេ»។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​និយាយ​ថា ភ្ញៀវទេសចរ​ចិន​មក​កាន់​ប្រទេស​វៀតណាម​មាន​ចំនួន​ប្រហែល ៤លាននាក់ កាល​ពី​ឆ្នាំ២០១៧ នេះ​គឺ​កើនឡើង ៤៩ភាគរយ ពីឆ្នាំ២០១៦។ លោក Burke និយាយ​ថា​ភ្ញៀវទេសចរ​ចិន​តែង​តែ​កក់​បន្ទប់​សណ្ឋាគារ​ម្តងៗ​ក្នុង​ចំនួន​ច្រើន ហើយ​ជួន​កាល​បង្អាក់​មិន​ឲ្យ​ភ្ញៀវទេសចរ​មក​ពី​រុស្ស៊ី អឺរ៉ុប និង​អាមេរិក​ខាងជើង​អាច​កក់​បន្ទប់​បាន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​សម្លឹង​ចង់​ឲ្យ​ប្រទេស​វៀតណាម​ចូលរួម​ក្នុង​គម្រោង ​«ខ្សែក្រវ៉ាត់​និង​ផ្លូវ» ក្នុង​៦៥ប្រទេស​របស់​ខ្លួន​ផង​ដែរ ហើយ​បាន​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៅ​មុខ។ ប្រទេស​ចិន​កំពុង​រៀបចំ​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទៅ​កាន់​ព្រំដែន​វៀតណាម។ ថវិកា​ចិន​មាន​ចំនួន ៦,៨ ភាគរយ​នៃ​ការវិនិយោគ​បរទេស​សរុប​ក្នុង​ប្រទេស​វៀតណាម។

ផលវិបាកសេដ្ឋកិច្ច

លោក Brown ថា​សេចក្តី​ព្រៀង​ច្បាប់នេះ​មិន​បាន​បញ្ជាក់​អ្វី​អំពី​ប្រទេសចិន ឬ​ស្នើ​បង្កើត​គោលការណ៍​លើក​ទឹក​ចិត្ត​នានា​សម្រាប់​អ្នក​វិនិយោគិន​ចិន​នោះ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​គិត​ថា​ពួកគេ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុម​បាតុករ។ ដូច្នេះ​កាល​ថ្ងៃចន្ទ ទី១១ ខែមិថុនា៨៧ភាគរយ​នៃ​សមាជិក​សភា​វៀតណាម​បាន​ព្រមព្រៀង​ពន្យារពេល​ការ​ជជែក​វែកញែកលើ​សេចក្តី​ព្រៀង​ច្បាប់​នេះ រហូត​ដល់​សម័យ​ប្រជុំ​ពេញ​អង្គ​មួយ​នៅ​ក្នុង​ខែតុលា។

លោក Nguyen ថ្លែង​បន្ត​ថា៖

«ឥឡូវ​នេះ ពួកគេ​កំពុង​ដក​ថយ​មួយ​ជំហាន ពីព្រោះ​បាតុកម្ម​ប្រៀប​ដូច​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ចំពោះ​ពួកគេ។ ពួកគេ​មិន​អាច​វាយ​តម្លៃ​ទំហំ​និង​កម្លាំង​នៃ​បាតុកម្ម​ប្រឆាំង​ទាំង​នេះ​បាន​ទេ»។

គេហទំព័រ​ព័ត៌មាន TuoiTre News របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា បទបញ្ញត្តិ​ផ្តល់​សិទ្ធិ​ជួល​នឹង​ត្រូវ​បាន​កែសម្រួល​ឡើង​វិញ។ លោក Nguyen មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​អាច​សម្រប​សម្រួល​បន្តិច​បន្តួច»។

លោក Brown និយាយ​ថា​ច្បាប់​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​បន្ថែម​ទៀត ប្រសិន​បើ​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​ពី​ប្រទេស​ផ្សេងៗ​ក្រៅ​ពី​ចិន ក្នុង​ការ​មក​ជួល​ដី។

លោក Adam McCarty ដែល​ជា​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​ Mekong Economics នៅ​រដ្ឋធានី​ហាណូយ​បាន​ថ្លែង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស «ត្រូវ​តែ​មាន​ភាព​ទាក់​ទាញ​នៅ​ទូទាំង​ពិភពលោក»។ ពួកគេ​ប្រហែល​អាច​ដាក់​បញ្ចូល​ការ​បញ្ចុះ​ពន្ធ និង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​អ្នកវិនិយោគ ក៏​ដូចជា​សម្រាប់​កិច្ចព្រមព្រៀង​ជួល​នានា​ផង​ដែរ។ ប្រទេស​ចិន​បាន​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន ចាប់តាំងពីឆ្នាំ ១៩៧៩ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។

លោក McCarty ពន្យល់​ថា៖

«អ្វី​ដែល​សំខាន់​បំផុត​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​គឺ​ថា តំបន់​ទាំង​នោះ​មិន​គួរ​ជា​ការ​ខាត​បង់​ថវិកា​ប្រចាំ​ឆ្នាំរបស់​រដ្ឋ​នោះ​ទេ ហើយ​ទី​ពីរ​ តំបន់​ទាំង​នោះ មិន​គួរ​រំខាន​រដ្ឋាភិបាល​ជាតិ​ក្នុងការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម​ទាំងមូល​នៅ​ក្នុង​ប្រទេស​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ​លោក ចាប ចិត្រា

XS
SM
MD
LG