ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ


អតិថិជន​ពាក់​ម៉ាស់​ដើរ​ទិញ​ទំនិញ​​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Nanjing ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៥។
អតិថិជន​ពាក់​ម៉ាស់​ដើរ​ទិញ​ទំនិញ​​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Nanjing ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៥។

សម្រាប់​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ប្រទេស​ចិន​មានកំណើន​សេដ្ឋកិច្ច​យឺត​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា និង​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។ មេដឹកនាំ​ចិន​ក៏​កំពុង​សម្លឹង​មើល​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ទាំង​ក្តី​បារម្ភ​ នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ឡើង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី​២​របស់​លោក។

ទីក្រុង​ប៉េកាំង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​វិធានការ​គាំទ្រ​យ៉ាង​ខ្លាំងដែល​មិន​ធ្លាប់​មាន ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ងើប​ឡើង​វិញ​បន្ទាប់​ពី​បាន​រង​គ្រោះ​ផ្ទួនៗ​គ្នា​ រួម​មាន​ទាំង​វិបត្តិ​បំណុល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​យូរ និង​ការ​ចំណាយ​តិច​តួច​របស់​អ្នក​ប្រើប្រាស់​ចិន។

ប៉ុន្តែ បើ​តាម​ទិន្នន័យ​ផ្លូវការ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី១៧ ខែមករា​ ថា សេដ្ឋកិច្ច​ចិន​មាន​កំណើន​ ៥ ភាគរយ​កាល​ពី​ឆ្នាំ​២០២៤ គឺលើស​បន្តិច​បន្តួច អត្រា​ព្យាករណ៍ ៤,៩ ភាគរយ​ដែលទីភ្នាក់ងារ​ព័ត៌មាន​ AFP បាន​ព្យាករ​តាម​រយៈ​ការ​ស្ទង់​មតិ​អ្នកវិភាគ​នានា។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី ក៏​តួលេខ​នេះ​នៅ​តែ​ទាប​ជាង​កំណើន​សេដ្ឋកិច្ច​ដែល​មាន ៥,២ ភាគ​រយ​កាល​ពី​ឆ្នាំ​២០២៣។ ​ការិយាល័យ​ជាតិ​ស្ថិតិ​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​ចិន​នេះ​កើត​មាន​ឡើង​នៅ​ចំពោះ​មុខ«បរិយាកាស​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ បូក​រួម​ជាមួយ​នឹង​សម្ពាធ​ពី​ខាង​ក្រៅ​និង​ការ​លំបាក​នៅ​ខាង​ក្នុង»។

មន្ត្រី​ចិន​ជា​ច្រើន​បាន​សារភាព​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅ​តែ​ប្រឈមមុខ​ជាមួយ​នឹង​«ការ​លំបាក​និង​បញ្ហា​ប្រឈម​ជា​ច្រើន»។

អត្រា​នៃ​ការ​លក់​រាយ​ដែល​ជា​កត្តា​វាស់​ស្ទង់​សតិអារម្មណ៍​របស់​អ្នក​ប្រើប្រាស់​ បាន​កើនឡើង​ ៣,៥ ភាគរយ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំងមួយ​ពី​អត្រា​កំណើន​ ៧,២​ភាគរយ​កាល​ពី​ឆ្នាំ​២០២៣ ទោះបីជាផលិតផល​ឧស្សាហកម្ម​បាន​កើន​ឡើង​ពី​ ៤,៦ ភាគរយ​នៅ​ឆ្នាំ​២០២៣ ទៅ​ដល់​ ៥,៨ ភាគរយ​នៅ​ឆ្នាំ​២០២៤​ក្ដី។

ទោះ​ជាង​យ៉ាង​ណា​ក្ដី ការ​ហក់​ឡើង​នៃ​សេដ្ឋកិច្ច​ ៥,៤​ភាគរយ​ដែល​កើត​មាន​នៅ​ក្នុង​រយៈ​ពេល ៤​ខែ​ចុង​ក្រោយនៃ​ឆ្នាំ​២០២៤ គឺ​មាន​កំណើន​លឿន​ជាង​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន Bloomberg ដែល​បាន​ព្យាករ​ថា​នឹង​មាន​តែ ៥ ភាគរយ​ប៉ុណ្ណោះ ហើយ​កំណើន​នេះ​ក៏​ល្អ​ប្រសើរ​ជាង​កំណើន​នៅ​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។

លោក Zhiwei Zhang ប្រធាន​ក្រុមហ៊ុន​ Pinpoint Asset Management និយាយ​ថា ទិន្នន័យ​ដែល​បាន​បង្ហាញ​នេះ​បញ្ជាក់​ពី​សារ​ដែល​មាន​ន័យ​ចម្រុះ​គ្នា។

លោក​ថ្លែង​ថា៖ «ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ទីក្រុង​ប៉េកាំង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​ចិន​មាន​ស្ថិរភាព​នៅ​ក្នុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ​២០២៤ ប៉ុន្តែ វា​ទាមទារ​ឱ្យ​មាន​កញ្ចប់​លើក​ទឹក​ចិត្ត​ជា​គោលនយោបាយ​ធំៗ​និង​ទៀងទាត់​មួយ ដើម្បី​បង្កើន​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​និង​ធ្វើ​ឱ្យ​ការ​ស្ដារ​ឡើង​វិញ​មាន​ស្ថិរភាព»។

អ្នកស្រី Zichun Huang អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ចិន​ប្រចាំ​នៅ​ក្រុមហ៊ុន Capital Economics និយាយ​ថា អ្នកស្រី​រំពឹង​ថា «កំណើន​សេដ្ឋកិច្ច​ចិន​នឹង​បន្ត​កើន​ឡើង​ខ្លាំងនៅ​ក្នុង​ប៉ុន្មានខែ​ខាង​មុខ​នេះ»។

អ្នកស្រី​ថ្លែង​ថា៖ «វិធានការ​គាំទ្រ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​កំពុង​ធ្វើ​ឱ្យធូរ​ស្រាល​ខ្លះ​ដែរ ដោយ​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផ្ទះមិន​ធ្លាក់​ខ្លាំង​ដូច​មុន ហើយ​ការ​លក់​ផ្ទះ​ថ្មីៗ​បង្ហាញ​ថា វិស័យ​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​មួយ​កម្រិត»។

តើ​នឹង​មាន​បញ្ហា​អ្វី​នា​ពេល​ខាង​មុខ?

អត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GPD ​នេះ ​មាន​កម្រិត​ទាប​បំផុត​នៅ​ប្រទេស​ចិន​ចាប់​ពី​ឆ្នាំ​១៩៩០ មក ដោយ​មិន​ទាន់​គិត​ដល់​ឆ្នាំ​ដែល​មាន​ភាព​ច្របូកច្របល់​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ក្រុម​អ្នកវិភាគ​ដែល​ត្រូវ​បាន​ស្ទង់មតិ​ដោយ​ទីភ្នាក់ងារ AFP បាន​ប៉ាន់​ប្រមាណ​ថា កំណើន​សេដ្ឋកិច្ច​ចិន​អាច​ធ្លាក់​មក​នៅ​ត្រឹម​តែ​ ៤,៤ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៥ ហើយ​អាច​បន្ត​ធ្លាក់​ចុះ​នៅ​ក្រោម​ ៤ ភាគរយ​នៅ​ឆ្នាំ​បន្ទាប់។

រហូត​មកទល់​ពេល​នេះ ចិន​បាន​បរាជ័យ​ក្នុង​ការ​ងើប​ចេញ​ពី​វិបត្តិ​កូវីដ១៩ ខណៈ​ដែលការ​ចំណាយ​នៅ​ក្នុង​ស្រុក​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​រដ្ឋាភិបាល​មូលដ្ឋាន​ដែល​ពោរពេញ​ដោយ​បំណុល​ក៏រួម​ចំណែក​ដល់​ភាព​យឺតយ៉ាវ​នៃកំណើន​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ ទិន្នន័យ​ដែលបាន​បញ្ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពីផ្នែក​វិជ្ជមាន​ដ៏​កម្រ​ នោះ​គឺ​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​មុន​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ ប៉ុន្តែ បញ្ហា​ជា​ច្រើន​ដែល​កំពុង​ហ៊ុមព័ទ្ធ​ការ​នាំ​ចេញ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិននេះ​មាន​ន័យ​ថា ទីក្រុង​ប៉េកាំង​ប្រហែល​ជា​មិន​អាច​ពឹង​ពាក់​លើ​ការ​ដឹក​ជញ្ជូន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដ៏​អាប់អួរ​របស់​ខ្លួន​បាន​ទេ។

លោក​ Trump បាន​សន្យា​ថា​នឹង​បន្ថែម​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​ចិន។

អ្នកស្រី Huang ថ្លែង​ថា៖ «យើង​នៅ​តែ​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន​នៅឆ្នាំ​២០២៥ នឹង​នៅ​តែ​ថយចុះ​ដដែល ហើយលោក Trump ទំនង​ជា​បន្ត​ការ​គំរាម​កំហែង​តាម​រយៈ​ការ​ដាក់​ពន្ធគយ​ឆាប់ៗ​នេះ ហើយ​អតុល្យភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នឹង​នៅ​តែ​ដាក់​សម្ពាធ​ទៅ​លើ​សេដ្ឋកិច្ច​ដដែល»។

ទីក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ងើប​ឡើង​វិញ រួម​មាន​ការ​ទម្លាក់​អត្រា​ការប្រាក់​សម្រាប់​វិស័យ​សំខាន់ៗ ការ​បន្ធូរបន្ថយ​បំណុល​របស់​រដ្ឋាភិបាល​មូលដ្ឋាន និង​កម្មវិធី​ពង្រីក​ការ​ផ្ដល់​ប្រាក់ឧបត្ថម្ភសម្រាប់​ទំនិញ​ប្រើប្រាស់​តាម​ផ្ទះ។

វិបត្តិ​ទំនុក​ចិត្ត

ក្រុម​អ្នក​ឃ្លាំមើល​បានតាម​ដាន​យ៉ាង​ដិតដល់​ទៅ​លើ​ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី១៧ មករា ថា ​តើ​វា​មាន​សញ្ញា​ណា​មួយ​អាច​ធ្វើ​ឱ្យ​វិធានការ​ទាំង​នោះ​ទទួល​បាន​ជោគជ័យ​ក្នុង​ស្ដារ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ។

ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​បាន​ឱ្យ​ដឹង​ថា៖ «កញ្ចប់​គោលនយោបាយ​បន្ថែម​ទាំង​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ទាន់​ពេល​វេលា ដែល​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​របស់​សង្គម​ត្រូវ​បាន​ធានា​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​សេដ្ឋកិច្ច​ក៏​បាន​ងើប​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់»។

ធនាគារ​កណ្ដាល​ចិន​បាន​ចង្អុល​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ថា នៅ​ឆ្នាំ​២០២៥ ចិន​នឹង​បន្ត​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែប្រែ​ដ៏​សំខាន់​ដែល​បង្ហាញ​ឡើង​តាម​រយៈ​គោលជំហរ​គោលនយោបាយ​រូបិយប័ណ្ណ​«ដែល​បន្ធូរបន្ថយ​ខ្លះ»។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ចិន​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​កំណើន​នៃការ​ប្រើប្រាស់​ក្នុង​ស្រុក​ឡើង​វិញ ខណៈ​ដែល​ទិដ្ឋភាព​នៃ​ការ​នាំ​ចេញ​របស់​ចិន​មាន​សភាព​កាន់​តែមិន​ច្បាស់។

លោក Harry Murphy Cruise មក​ពី​ក្រុមហ៊ុន​វិភាគ​សេដ្ឋកិច្ច Moody's Analytics បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ ថា៖ «ការ​គាំទ្រ​តាម​រយៈ​គោលនយោបាយ​ហិរញ្ញវត្ថុ​តែ​មួយ​មុខ ទំនង​ជា​មិន​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​វិញ​បាន​ទេ។ ចិន​កំពុង​រង​គ្រោះ​ពី​វិបត្តិ​ខ្វះ​ទំនុក​ចិត្ត​ មិន​មែន​វិបត្តិ​ឥណទាន​នោះ​ទេ។ គ្រួសារ​និង​ក្រុមហ៊ុន​នានា​មិន​មាន​ទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​ចិន​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​ហ៊ាន​ខ្ចី​ប្រាក់​ មិន​ថា​កម្ចីនោះ​មាន​អត្រា​ការប្រាក់​ទាប​យ៉ាង​ណា​ក៏ដោយ។ ដើម្បី​សម្រេច​គោលដៅ​នេះ​បាន គេ​ត្រូវ​ផ្តល់​ជំនួយ​ខាង​សារពើពន្ធ​ដើម្បី​ឱ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​អាច​ដើរ​បាន​រលូន​ជាង​មុន»។

ធាតុផ្សំមួយ​នៃ​គោលនយោបាយ​ថ្មី​បំផុត​របស់​ទីក្រុង​ប៉េកាំង​គឺ​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ពង្រីក​ទៅ​ដល់របស់​របរ​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ ​ដូចជា​ឆ្នាំ​ដាំបាយ និង​ចង្ក្រាន​មីក្រូវ៉េវ​ជា​ដើម ដែល​ការ​ធ្វើ​ដូច្នេះ ទីក្រុង​ប៉េកាំង​សង្ឃឹម​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​ឡើង​វិញ។

ប៉ុន្តែ ទិន្នន័យ​ចុងក្រោយ​នេះ​បង្ហាញ​ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មិន​ទាន់​ទទួល​បាន​ផល​ត្រឡប់​មក​វិញ​នៅ​ឡើយ​ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សកម្មភាពអ្នក​ប្រើប្រាស់​ឡើង​វិញ។

បើ​យោង​តាមអាជ្ញាធរ​ស្ថិតិ​របស់​ចិន​ថា ប្រទេស​ចិនបាន​គេច​ផុត​ទាំង​ប្រផឹតប្រផើយ ពី​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​បរិត្តផរណា ឬ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញ កាល​ពី​ខែ​ធ្នូ ដោយ​នៅ​ពេល​នោះ​តម្លៃ​ទំនិញ​បាន​កើន​ឡើង​ក្នុង​ល្បឿន​យឺត​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៩ ខែ។

ចិន​បាន​ងើប​ចេញ​ពី​បរិត្តផរណា​មាន​រយៈ​ពេល ៤ ខែ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន គឺ​មួយ​ខែ​ក្រោយ​ពេល​ទទួល​រង​នូវ​កា​ធ្លាក់​ចុះ​តម្លៃ​ទំនិញ​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១៤ ឆ្នាំ។

ការ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ អាច​បង្ក​ការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ទាំង​មូល ដោយសារ​តែ​អតិថិជន​និង​អ្នក​ប្រើប្រាស់​មាន​ទំនោរ​ផ្អាក​ការ​ទិញ​របស់​របរ​ប្រើប្រាស់​ក្នុង​ស្ថានភាព​បែប​នេះ ដោយ​ពួក​គេ​រំពឹង​ថា​តម្លៃ​ទំនិញ​នឹង​បន្ត​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

XS
SM
MD
LG