ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​ឯកភាព​គ្នា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង


លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ស្ថិត​នៅ​លើ​របៀបវារៈ​នៃ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​វៀតណាម​នៅ​កម្ពុជា​កាល​ពី​ពេល​ពេល​ថ្មីៗនេះ ដោយ​ភាគី​កម្ពុជា​និង​វៀតណាម​​បាន​ឯកភាព​ជំរុញ​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី​។​

រដ្ឋាភិបាល​វៀតណាម​ នៅ​សប្ដាហ៍​នេះ​បាន​បង្ហាញ​ជំហរ​ឯកភាព​ជាមួយ​ភាគី​កម្ពុជា​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ដល់​ជម្លោះ​គ្រប់គ្រង​ដែន​កោះ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស់។​ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ ដែល​ VOA ​បាន​ទទួល​នៅ​សប្ដាហ៍​នេះ។

ការ​ឯកភាព​គ្នា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​បាន​ធ្វើ​ឡើង​ នៅពេល​មានការបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ​ង្វៀន ហ៊្វូជុង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ និង​ជា​ប្រធានាធិបតី​វៀតណាម​ ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម​ដែល​មាន​កម្រាស់​៧ទំព័រ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ភាគី​ទាំងពីរ​បាន​ផ្ដល់​សារៈសំខាន់​លើ​ការ​រក្សា​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​ និង​សុវត្ថិភាព​នាវាចរណ៍​ និង​ការ​ហោះហើរ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ ​បន្ថែម​ពី​លើ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ​២៥លាន​ដុល្លារ​អាមេរិក​ដល់​ប្រ​ទេស​កម្ពុជា​ ​សម្រាប់​ការ​អនុវត្ត​គម្រោង​សាងសង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។

សេចក្ដី​ថ្លែង​ការណ៍​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី​ រក្សា​ភាព​អត់​ធ្មត់​ ដោយ​មិន​ធ្វើការ​គំរាម​កំហែង​ ឬ​ប្រើប្រាស់​កម្លាំង​ ស្រប​តាម​ច្បាប់​អន្តរជាតិ​ និង​គោល​ការណ៍​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​ រួម​ទាំង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ (UNCLOS) ​និង​បាន​ប្ដេជ្ញា​រួមគ្នា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ អនុវត្តន៍​ឲ្យបាន​ពេញលេញ​ និង​មាន​ប្រសិទ្ធ​ភាព​នូវ​សេចក្ដី​ថ្លែងការណ៍​ ស្ដីពី​ការ​ប្រតិបត្តិ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ការ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ (COC) មួយ​ប្រកប​ដោយ​ខ្លឹមសារ​ និង​លម្អិត​ សំដៅ​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ កិច្ចសហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក»។

ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ កម្ពុជា​ក៏​ត្រូវ​អ្នកវិភាគ​មើល​ឃើញ​ថា​ មាន​ភាព​ទោរទន់​ទៅ​រក​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ ដែល​ប្រឹង​ទាមទារ​យក​ស្ទើរ​តែ​ទាំង​អស់​នូវ​ដែន​កោះ​ដែល​មាន​ជម្លោះ។

​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​របស់​កម្ពុជា​ដល់​ប្រទេស​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ប្រទេស​ចិន​ បាន​ប្រកាស​គាំទ្រ​ច្បាស់ៗ​ដល់​ប្រទេស​កម្ពុជា​នៅ​ចំ​ពេល​មាន​ការ​បង្ក្រាប​ផ្នែក​នយោបាយ​យ៉ាង​ទូលំទូលាយនៅ​រាជធានី​ភ្នំពេញ ​ដែល​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ជំទាស់​ធំ​ជាង​គេ ​និង​ចាប់​ប្រធាន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ២០១៨។

នៅឆ្នាំ​២០១៨​ដដែល​នោះ​ ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ជំហរ​រួមគ្នា​ជា​ថ្មី​ដោយ​ទទូច​ដល់​ភាគី​នានា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បញ្ចប់​ការ​តាក់តែង​ ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឬ COC ​ឲ្យ​បានឆាប់​ដើម្បី​កសាង​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ក្លាយ​ទៅជា​សមុទ្រ​សន្តិភាព ​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត ​ឈាង​ វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់ ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ឆ្លើយ​ឆ្លង​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជំហរ​របស់​កម្ពុជា​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​កម្ពុជា​នៅ​ជាមួយ​សមាគម​អាស៊ាន។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជំហរ​របស់​កម្ពុជា​ គឺ​នៅ​ស្រប​ជាមួយ​សមាគម​អាស៊ាន​ ពោល​គឺ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ ហើយ​និង​ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​ COC»។

បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ក៏​នៅតែ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រទេស​អាស៊ាន​និង​ប្រទេស​ក្នុង​តំបន់ ​ហើយ​នឹង​ពិភពលោក​ ដោយសារ​ចិន​ទាមទារ​គ្រប់គ្រង​សឹងតែ​ទាំងអស់ នៅ​ពេល​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​ទាមទារ​ជា​កម្មសិទ្ធិ ​ដោយ​ទាមទារ​ឲ្យ​ចិន​គោរព ច្បាប់​និង​គោលការណ៍​អន្តរជាតិ។

ភាគី​ទាំងឡាយ​កំពុង​តាក់តែង​ក្រម​ប្រតិបត្តិ​ COCមួយ​ដែល​អាច​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតឡើង​បាន។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ក្រម​ប្រតិបត្តិ​ COC ​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​គោលការណ៍​សំខាន់ៗ​មួយ ចំនួន​រួម​ទាំង​ថា​តើ​គួរ​មាន​ស្ថាប័ន​ណាមួយ​ដែល​អាច​កាត់​សេចក្ដី​ចំពោះ​វិវាទ​នេះ​ទេ​ឬ ​ក៏​ប្រើ​កិច្ច​ចរចា​ទ្វេភាគី​ដែល​គេ​គិត​ថា​ចិន​នៅតែ​មានប្រៀប​នោះ​ឬ​យ៉ាងណា៕

XS
SM
MD
LG