នៅខែធ្នូនេះ រដ្ឋាភិបាលចិនបានចាប់ផ្តើមតម្រូវឲ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃថ្មីថ្មោងទាំងអស់ត្រូវស្គែនមុខ មុនពេលបំពេញចុះឈ្មោះពិតរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍។
ប៉ុន្តែគោលនយោបាយចុងក្រោយបង្អស់នេះបានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិត និងសកម្មជនសិទ្ធិមនុស្សមួយចំនួនបានរអ៊ូរទាំថា ចិនកំពុងតែរំកិលទៅរកការពង្រឹងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងបង្កើតឲ្យមានជាពិភពមួយដែលរដ្ឋគ្រប់គ្រងតាមដានផ្តាច់នូវគ្រប់ផ្នែកនៃជីវិតពលរដ្ឋ ដូចមានរៀបរាប់នៅក្នុងសៀវភៅប្រលោមលោក 1984 ឬ«ឆ្នាំ១៩៨៤» សរសេរដោយអ្នកនិពន្ធជនជាតិអង់គ្លេសលោក George Orwell។
ក្រុមអ្នកសង្កេតការណ៍និយាយថា រហូតទាល់តែមានច្បាប់កំណត់ត្រឹមត្រូវដើម្បីការពារសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ ចំណាត់ការដូចនេះពីសំណាក់រដ្ឋាភិបាលចិននឹងបង្កឲ្យមានការបំពានពីរដ្ឋាភិបាលប្រទេសកុម្មុយនិស្តមួយនេះ ដោយប្រើវាជាឧបករណ៍នយោបាយមួយដើម្បីតាមដានក្រុមអ្នករិះគន់ ឬបង្កឲ្យមានការប្រឈមផ្សេងៗ ជាលទ្ធផលទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវធ្វើឲ្យបែកធ្លាយ ឬយកទៅលក់បន្ត។
ប្រព័ន្ធ«បងធំ»
នៅលើបណ្តាញសង្គម Weibo នៅប្រទេសចិន ដែលមានលក្ខណៈស្រដៀងនឹងបណ្តាញសង្គម Twitter អ្នកប្រើប្រាស់ម្នាក់បានសរសេរថា «បងធំ (Big Brother) កំពុងតែមើលអ្នក – សៀវភៅ 1984 របស់លោក George Orwell»។ ហើយអ្នកប្រើប្រាស់ម្នាក់ទៀតបានពណ៌នា ការតាមដាននោះថា «ភ្នែកពីនរក» ស្របពេលដែលការសរសេរអធិប្បាយភាគច្រើនដែលបង្ហោះក្រោមអត្ថបទអំពីគោលនយោបាយថ្មីនេះក៏បាននិយាយអវិជ្ជមានពីគោលនយោបាយនេះផងដែរ។
លោក Zhou Shugang អ្នកសារព័ត៌មានពលរដ្ឋដ៏ល្បីឈ្មោះ និងជាអ្នកសរសេរប្លុកម្នាក់មកពីប្រទេសចិន ដែលកំពុងរស់នៅកោះតៃវ៉ាន់នាពេលបច្ចុប្បន្នបាននិយាយថា ការប្រមូលផ្តុំនៃរូបស្គែនមុខនឹងដើរតួសំខាន់ដើម្បីពង្រីកប្រព័ន្ធតាមដានដោយវីដេអូនៅប្រទេសចិន ហើយមានពាសពេញប្រទេសរួចទៅហើយ។
ប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងពង្រីកបណ្តាញប្រព័ន្ធកាមេរ៉ារបស់ខ្លួនឲ្យបានធំជាងមុនបីដង រហូតដល់ ៦០០លានដុល្លារនៅឆ្នាំ ២០២២ ឬស្មើនឹងកាមេរ៉ាមួយសម្រាប់រាល់មនុស្សពីរនាក់។
លោក Zhou បាននិយាយថា ប៉ូលិសកំពុងតែតាមដានសកម្មភាពរបស់ពលរដ្ឋចិននៅតាមប្រព័ន្ធអ៊ីនធឺណិត និងតាមប្រមាញ់អ្នកទាំងនោះ ដោយប្រើប្រាស់លេខទូរស័ព្ទដៃ និងអត្តសញ្ញាណបុគ្គល។
ឥឡូវនេះជាមួយនឹងការស្គែនមុខ ប៉ូលិសអាចកំណត់ទីតាំងរបស់អ្នកទាំងនោះ ជាមួយអត្តសញ្ញាណលម្អិត នៅពេលដែលពួកគេដើរកាត់កាមេរ៉ាតាមដានរបស់រដ្ឋចិន ដែលត្រូវបានស្គាល់តាមឈ្មោះថា «ភ្នែកមើលពីមេឃ» និងត្រូវបានបំពាក់នៅកន្លែងសាធារណៈផ្សេងៗ ដូចជា តាមដងផ្លូវ ឬស្ថានីយរថភ្លើង។
ប្រព័ន្ធតាមដានអនឡាញកាន់តែធំជាងមុន
សកម្មជនផ្នែកប្រព័ន្ធអ៊ីនធឺណិត លោក Zhou Shugangដែលត្រូវស្គាល់តាមឈ្មោះហៅក្រៅទូទៅថា Zoula បាននិយាយថា «នេះមានន័យថា ចិនបានពង្រឹងប្រព័ន្ធតាមដានដ៏ធំដែលកំពុងមានស្រាប់ និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត។ ដូចនេះ ពលរដ្ឋចិនកំពុងប្រឈមជាមួយនឹងប្រព័ន្ធតាមដានកាន់តែទំនើប និងពេញលេញជាងមុន ដូចដែលត្រូវបានពណ៌នាដោយ [អ្នកនិពន្ធជនជាតិអង់គ្លេស] លោក George Orwell។
លោក Ou Biaofeng សកម្មជនសិទ្ធិមនុស្សម្នាក់មកពីខេត្ត Hunan ប្រទេសចិនបាននិយាយថា បណ្តាញប្រព័ន្ធតាមដាននឹងមានអំណាចដ៏គួរឲ្យខ្លាចក្នុងការបំបិទសំឡេងក្រុមអ្នកនិយាយរិះគន់។
ដោយបង្ហាញពីការព្រួយបារម្ភដែលថា មនុស្សមួយចំនួននឹងសម្រេចចិត្តថា នឹងមិនបញ្ចេញមតិយោបល់ស្របពេលមានការរឹតបន្តឹងក្នុងសង្គម លោក Ou បាននិយាយថា៖ «ប្រព័ន្ធបច្ចេកវិទ្យាបែបនេះត្រូវបានប្រើដោយជនផ្តាច់ការដើម្បីពង្រឹងការគ្រប់គ្រងសង្គម។ ជាមួយនឹងប្រព័ន្ធនេះ ពួកគេអាចស្វែងរកអ្នកដែលរិះគន់រដ្ឋាភិបាល ឬអ្នករិះគន់ដែលមានទស្សនៈនយោបាយផ្សេងគ្នា យ៉ាងងាយស្រួល»។
សកម្មជនរូបនេះបានបន្ថែមថា ករណីនានាកន្លងមកបានបង្ហាញថា ប៉ូលិសខកខាននៅក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះឲ្យបានល្អត្រឹមត្រូវ ដូចជា ការកំណត់ទីតាំងអ្នកដែលបានបាត់ខ្លួន ទំនិញដែលត្រូវបានលួច ឬក្រុមចោរប្លន់។
ប្រព័ន្ធគ្មានការការពារសិទ្ធិគ្រប់គ្រាន់
ទាំងលោក Zoula និងលោក Ou Biaofeng និយាយថា ដោយប្រព័ន្ធនេះមិនមានការការពារសិទ្ធណាមួយ មិនមានក្រុមហ៊ុនទូរគមនាគមន៍ណាមួយនឹងបដិសេធសំណើរបស់រដ្ឋាភិបាលនៅក្នុងការប្រើប្រាស់ទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ ដែលរួមមាន ការស្គែនមុខ ឬសូម្បីតែស្គែនប្រស្រីភ្នែក ដែលមានសុក្រិតភាពកាន់តែខ្ពស់។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យាចិន បានអះអាងថា គោលនយោបាយស្គែនមុខមានន័យថា «ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ពលរដ្ឋនៅតាមប្រព័ន្ធអ៊ីនធឺណិត»។
សេចក្តីប្រកាសនោះសរសេរថា៖ «ក្រសួងនឹងបន្ត... ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យ... និងលើកកម្ពស់ឲ្យបានមុតមាំនូវការគ្រប់គ្រងការចុះបញ្ជីឈ្មោះពិតប្រាកដនៃអ្នកប្រើប្រាស់ទូរស័ព្ទ»។
ចាប់តាំងពីឆ្នាំ ២០១៣មក រដ្ឋាភិបាលចិនបានជំរុញឲ្យមានការចុះឈ្មោះពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទតាមរយៈការតភ្ជាប់អត្តសញ្ញាណបណ្ណទៅនឹងលេខទូរស័ព្ទដៃ។
VOA បានហៅទូរស័ព្ទ និងផ្ញើទូរសារទៅកាន់ក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យាចិនកាលពីដើមខែធ្នូ ដើម្បីសុំការឆ្លើយតបនឹងការព្រួយបារម្ភបង្ហាញដោយអ្នកប្រើប្រាស់អ៊ីនធឺណិត តែមិនទទួលបានការឆ្លើយតបនោះទេ។
ប្រទេសចិនកំពុងតែពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកំណត់ចំណាំមុខ (facial recognition) ដែលមានចាប់តាំងពីកន្លែងគិតលុយនៅផ្សារធំ រហូតដល់ការត្រួតពិនិត្យសន្តិសុខ និងអត្តសញ្ញាណសម្រាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ សាលារៀន ឬសូម្បីតែសេវាកម្មរថយន្តជួល។
ភាពងាយស្រួលមិនគ្រប់គ្រាន់នោះទេ
មានមនុស្សមួយចំនួនប៉ុណ្ណោះគិតថា វាងាយស្រួលជាងមុន។
ដោយបង្ហាញការគាំទ្រលើបច្ចេកវិទ្យាតាមដាននៅតាមប្រព័ន្ធរថភ្លើងក្រោមដីនៅក្រុងប៉េកាំង អ្នកដំណើរម្នាក់បានប្រាប់ VOA ថា «នេះគឺជា គោលនយោបាយជាតិ ដែលខ្ញុំគិតថា យើងគួរមានជំនឿជឿជាក់ ក៏ដូចជា សម្រាប់ហេតុផលភាពងាយស្រួលផងដែរ។ សរុបមក វាមិនមែនសម្រាប់ផលប្រយោជន៍ពាណិជ្ជកម្ម [របស់សាជីវកម្មណាមួយ] ឬផលប្រយោជន៍អ្នកដទៃនោះទេ។ ដូច្នេះ វាអាស្រ័យលើរបៀបដែលវាត្រូវបានប្រើប្រាស់»។
ប៉ុន្តែលោក Zhou បានកត់សម្គាល់ថា ពលរដ្ឋចិនត្រូវធានាថា សិទ្ធិឯកជនភាព និងការការពារទិន្នន័យរបស់ពួកគេត្រូវបានការពារ មុនពេលយល់ស្របជាមួយនឹងបច្ចេកវិទ្យានោះ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល។
លោក Zhou បាននិយាយថា៖ «ត្រូវមានការពលីសិទ្ធិឯកជនភាពខ្លះដើម្បីជាការដោះដូរនឹងភាពងាយស្រួល។ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន! [ដោយមិនមានការពិនិត្យ និងរក្សាតុល្យភាព] រដ្ឋាភិបាលនឹងបន្តពង្រីកអំណាចរបស់ខ្លួន និងការផ្តល់សិទ្ធិអនុញ្ញាតដល់ខ្លួនឯង រហូតដល់កម្រិតមួយ ដែលរដ្ឋាភិបាលមានអំណាចខ្លាំង ហើយពលរដ្ឋលែងមានអំណាចសោះឡើយ។ នៅទីបំផុត ពលរដ្ឋនឹងក្លាយជាទាសកររបស់រដ្ឋាភិបាល និងទំហំសិទ្ធិរបស់ពួកគេត្រូវរងការរឹតត្បិត»។
ជំនួសឲ្យច្បាប់ទៅលើហានិភ័យឯកជនភាព វាក្លាយជារឿងទូទៅមួយសម្រាប់ក្រុមហ៊ុននៅក្នុងការលក់បន្តទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដែលក្នុងនោះរួមមាន ទិន្នន័យជីវមាត្រទៅកាន់បណ្តាញខុសច្បាប់មួយចំនួន។
មានសេចក្តីរាយការណ៍ខ្លះថា រូបមុខស្គែនចំនួន ៥.០០០ពាន់ត្រូវបានលក់ក្នុងតម្លៃ ១០ យ័ននៅចិន។
ក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យាចិនបានអះអាងជាយូរមកហើយថា ការប្រើប្រាស់បច្ចេកវិទ្យាកំណត់ចំណាំមុខនឹងជួយឲ្យមានការលក់ស៊ីមកាតឡើងវិញ និងជួយពលរដ្ឋពីការចុះឈ្មោះដោយមិនបានដឹងនៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានលួច៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា