ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិភាគ៖ សមយុទ្ធ«នាគមាស»បំពេញប្រយោជន៍យុទ្ធសាស្ត្រឱ្យកម្ពុជានិងចិន


រូបឯកសារ៖ កងយោធា​កម្ពុជា​និង​ចិន ចូលរួម​សមយុទ្ធ​នាគមាសឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨។
រូបឯកសារ៖ កងយោធា​កម្ពុជា​និង​ចិន ចូលរួម​សមយុទ្ធ​នាគមាសឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨។

អ្នកវិភាគ​បាន​អង្កេត​ឃើញថា​ ​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ ​ភាគី​ទាំងពីរ​កម្ពុជា​ ​និង​ចិន​ ​បាន​បំពេញ​តម្រូវការ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

កងទ័ព​រាប់រយ​នាក់​នៃ​ប្រទេស​កម្ពុជា​ ​និង​ចិន​ ​គ្រោង​នឹង​ចំណាយ​ពេល​ពេញ​មួយ​ខែ​ ក្នុងខែ​មីនា​នេះ​ ​ស្នាក់​នៅ​និង​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ ​នៅ​ក្នុង​ស្រុក​ជុំគីរី​ ​ខេត្តកំពត​ ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ ​ដែលគេ​ដាក់ឈ្មោះ​ថា​ ​«សមយុទ្ធ​នាគ​មាស២០១៩»។

នេះ​ជា​លើក​ទីបី​ហើយ​នៃ​ការ​ប្រារព្ធ​សមយុទ្ធ​នាគ​មាស​នេះ​ ​បន្ទាប់ពី​បាន​ធ្វើ​កាលពី​ឆ្នាំ២០១៦​ ​និង​ឆ្នាំ២០១៨​ ​កន្លងទៅ​ ​ដែល​លើក​នេះ​ ​ភាគី​កម្ពុជា​ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​មាន​រយៈពេល​២៨ថ្ងៃ​ ​យូរ​ជាង​ឆ្នាំ​មុន​ៗ​ ​ដែល​មាន​រយៈពេល​តែ​ពីរ​សប្ដាហ៍​ ​ហើយក៏​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ការ​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​ពីរ​ដង​ខាងដើម​ដែរ។​

​អ្នក​តាមដាន​ស្ថានការណ៍​វិវត្តន៍​នៃ​ចរន្ត​នយោបាយសន្តិសុខ​ក្នុង​ប្រទេស​និង​ក្នុង​តំបន់​បាន​បកស្រាយ​ថា​ ​តាមរយៈ​សមយុទ្ធ​នាគ​មាស​នេះ​ ​កម្ពុជា​ ​និង​ចិន​ ​បាន​បំពេញ​តម្រូវការ​ផល​ប្រយោជន៍​សន្ដិ​សុខ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​បើ​ទោះជា​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ពោល​ថា​ការ​ហ្វឹកហាត់​យោធា​រួម​ជាមួយ​ចិន​មិនមែន​ជា​ការ​បញ្ចេញ​សាច់ដុំ​អ្វីក៏ដោយ​ចុះ។​

​យោង​តាម​ការប្រកាស​ឱ្យ​ដឹង​របស់ក្រ​សួង​ការពារ​ជាតិ​កម្ពុជា​ ​កងកម្លាំង​៣៨២នាក់​ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​និង​កងកម្លាំង​២៥២នាក់​ ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ ​នឹង​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​នេះ​ ​ដែល​រួមមាន​ការប្រើ​ប្រាស់​អាវុធយុទ្ធភណ្ឌ​បម្រើ​ឱ្យ​សមយុទ្ធ​រួមមាន​ ​រថក្រោះ​ ​រថពាសដែក​ ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ ​កាំភ្លើងធំ​ ​កាំភ្លើង​ត្បាល់​ ​បរិក្ខារ​ឈ្លបយក​ការណ៍​ ​និ​ងយុទ្ធុបក​រណ៍​ទប់ទល់​នឹង​អាវុធគីមី​ជីវសាស្ត្រ​ផង​ដែរ។

ការរៀបចំ​ ​ដែល​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី២៨ខែកុម្ភៈ​ម្សិលមិញ​ ​និង​បញ្ចប់​នៅ​ថ្ងៃទី២៧ខែមីនា​ខាងមុខ​ ​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ទីលាន​ហ្វឹកហាត់​ក្នុង​ស្រុក​ជុំគីរី​ខេត្តកំពត​ ​របស់​កងពលតូច​ថ្មើរជើង​លេខ៧០​ ​ដែល​ជា​អង្គភាព​ឈានមុខ​មួយ​នៃ​កងទ័ពជើង​គោក​កម្ពុជា​។​

​លោក​ ​ឈុំ សុជាត​ ​អនុរដ្ឋ​លេខាធិការ​និង​ជាអ្នក​នាំពាក្យ​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​បាន​ប្រាប់​ VOA​ ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​ ​លំហាត់​ហ្វឹកហ្វឺន​លើក​នេះ​ ​មាន​គោលដៅ​កសាង​សមត្ថភាព​ ​និង​ជួយ​ឱ្យ​យោធិន​នៃ​ប្រទេស​ទាំងពីរ​រក្សា​ចំណេះដឹង​ទាន់​សភាពការណ៍​នៃ​ដំណើរ​វិវត្ត​ចុង​ក្រោយ​នៃ​បច្ចេកទេស​ ​និង​បច្ចេកវិទ្យា​ថ្មី​ ​ដើម្បី​គោលបំណង​បន្ស៊ាំ​កងកម្លាំង​ទៅ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ​វិស្វកម្ម​យោធា​ ​និង​កិច្ចការ​ងារ​មនុស្សធម៌។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​រូប​នេះ​ ​បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖

«ឆ្លងតាម​ការ​ធ្វើ​សមយុទ្ធ​ហ្នឹង​ ​យើង​បាន​ផ្លាស់ប្ដូរ​នូវ​មិត្តភាព​របស់​កងទ័ព​យើង​ទាំងពីរ​ ​គឺ​កន្លងមក​ ​ការណ៍​ដែល​យើង​ធ្វើ​សមយុទ្ធ​នាគ​មាស​ ​ពីរ​ដង​កន្លងមក​ហ្នឹង​ ​ខាង​ចិន​ក៏បាន​ចូលរួម​ជា​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​យើង​ ​មិត្តភាព​កងទ័ព​យើង​ ​ដើម្បី​ឈាន​ទៅ​ដំណាក់កាល​មួយ​ ​ដែល​ជា​គ្រប់​ជ្រុង​ជ្រោយ​ ​និង​ជា​យុទ្ធសាស្ត្រ​ ​រវាង​កងទ័ព​យើង​ទាំងពីរ​ ​បាទ!»។​

​ការរៀបចំ​ធ្វើ​សមយុទ្ធ​នេះ​ ​ធ្វើឡើង​ខណៈ​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​ប៉េកាំង​ ​បាន​ឈានឡើង​ដល់កម្រិត​កំពូល​ ​ជាពិសេស​លើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​វិស័យ​សន្តិសុខ​ ​និង​យោធា​។​ ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​មកកាន់​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​ ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន​ ​Wei​ ​Fenghe​ ​បាន​ប្រកាស​ផ្ដល់​ជំនួយ​សឹក​តម្លៃ​ប្រមាណ​ ​១០០លាន​ដុល្លារ​អាមេរិក​ ​ដល់​កម្ពុជា។

ទាំង​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ ​និង​លោក​ ​វង្ស​ ​ពិ​សេន​ ​អគ្គ​មេបញ្ជាការ​ថ្មីថ្មោង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​សុទ្ធតែ​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​ ​ចាប់​តាំង​ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា​ ​កាលពី​ខែកក្កដា​ ​ឆ្នាំ២០១៨​កន្លងទៅ​មក។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កូនប្រុស​ច្បងរបស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​កាន់​អំណាច​យូរឆ្នាំ​ ​បាន​នឹង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ​ជាលើកដំបូង​ក្នុង​សប្ដាហ៍​នេះ​ ​ក្នុង​នាម​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ ​ហើយ​លោក​ក៏បាន​ជួប​សម​ភាគី​ចិន​ ​និង​មន្ត្រី​គ្រាក់ៗ​ដែល​មាន​អំណាច​សម្រេចចិត្ត​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​បញ្ជាការ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​និង​ក្រសួង​ការពារប្រទេស​ចិន​ផង​ដែរ។​

លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាត្រូវបានទទួលដោយ សមភាគីចិន Wei Fenghe នៅទីស្ដីការក្រសួងការពារប្រទេសចិន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ក្រសួងការពារជាតិកម្ពុជា)
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាត្រូវបានទទួលដោយ សមភាគីចិន Wei Fenghe នៅទីស្ដីការក្រសួងការពារប្រទេសចិន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ក្រសួងការពារជាតិកម្ពុជា)

​លោក​ ​ឈុំ​ ​សុជាត​ ​នៃ​ក្រសួង​ការពារជាតិ​កម្ពុជា​ ​ក៏បាន​ប្រាប់​ VOAដែរ​ថា​ ​ការ​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​នេះ​ ​នឹង​ជួយ​ជា​វិភាគទាន​ពីសំណាក់​កងទ័ព​ចិន​ ​ដល់​កងទ័ព​កម្ពុជា​ ​ដើម្បី​បង្កើន​សមត្ថភាព​ ​និង​គុណភាព​នៃ​ការ​រក្សា​ការពារ​ ​បូរណភាពទឹកដី​ ​និង​ការពារ​មាតុភូមិ​របស់​ខ្លួន។

ការ​ថ្លែង​នេះ​មាន​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨​កន្លងទៅ​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ដែលVOAទទួល​បាន​ ​និង​ដែល​បាន​បង្ហាញថា​ ​បណ្ដា​ប្រទេសជិតខាង​នៅតែ​បញ្ចេញ​សកម្មភាព​ដែល​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ​តាម​ខ្សែបន្ទាត់​ព្រំដែន។​

​របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ថា​ ​ពេញ​មួយឆ្នាំ២០១៨​កន្លងទៅ​ ​មានការ​ហោះហើរ​របស់​កងទ័ព​ថៃ​រំលោភ​លើ​ដែនអាកាស​កម្ពុជា​ ​ចំនួន​សរុប១៤៦លើក​។​ ​ខាង​វៀតណាម​បាន​ធ្វើសកម្មភាព​ចាក់​បេតុង​សង់​បង្គោល​អគ្គីស​នី៦ដើម​ ​កាលពី​ខែកក្កដា​ ​កន្លងទៅ​ ​នៅក្នុង​តំបន់​សមុទ្រ​ចំណុច​ជិត​មួយ​គីឡូម៉ែត្រ​ពី​ខ្សែទឹក​ប្រវត្តិសាស្ត្រ​កម្ពុជា​-​វៀតណាម​ ​ក្នុង​ខេត្តកំពត​របស់​កម្ពុជា​ ​ដែល​របាយការណ៍​បាន​បញ្ជាក់​ថា​វៀតណាម​បាន​បញ្ឈប់​សកម្មភាព​នេះ​ហើយ។​

​ដោយឡែក​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​ខាង​យោធា​ឡាវ​បាន​ឈូស​ឆាយ​ផ្លូវ​ ​ចម្ងាយ​ពី០៨​ ​ម៉ែត្រ​ ​ទៅ​ ​២៥​ ​ម៉ែត្រ​ ​ចូលក្នុង​ទឹកដី​កម្ពុជា​ ​នៅត្រង់​ពី០២ចំណុច​ ​ចន្លោះ​បង្គោល​លេខ៤១​ ​និង​លេខ៤២​ ​និង​ដែល​ទាហាន​ឡាវ​ក៏បាន​បញ្ឈប់​សកម្មភាព​ទាំងនេះ​ហើយ​ដែរ។

ប្រទេស​វៀតណាម​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នៅ​បន្ត​រក្សា​ឥទ្ធិពល​យុទ្ធសាស្ត្រ​ជា​ប្រពៃណី​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូចិន​ ​តែ​ឥទ្ធិពល​នេះ​រង​ការ​គំរាមកំហែង​ពី​ការ​មកដល់​យ៉ាង​គំហុក​នៃ​អនុត្តរភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​ដ៏​លើសលប់​របស់​ប្រទេស​ចិន​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​ ​តាមរយៈ​យន្តការ​ទ្វេភាគី​ ​និង​ពហុភាគី​នានា​ ​រួម​ទាំង​វិស័យ​សន្តិសុខ​ ​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​យោធា​ជា​ហូរហែ​ផង។

ប្រធានាធិបតី​វៀតណាម​ ​Nguyen​ ​Phu​ ​Trong​ ​ទើបបាន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ឡាវ​ ​និង​ប្រទេស​កម្ពុជា​ ​ក្នុង​សប្ដាហ៍នេះ​ ​និង​ក៏បាន​ជួប​សវនាការ​ជាមួយ​ព្រះករុណា​ ​ព្រះមហាក្សត្រ​កម្ពុជា​ ​ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​និង​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ផង​ដែរ​។​

មិន​មានការ​បញ្ជាក់​ច្បាស់​ឡើយ​ថា​ ​ថា​តើ​ប្រធាន​រឿង​ព្រំដែន​ត្រូវ​បាន​ ​ប្រធាន​រដ្ឋ​វៀតណាម​ ​លើក​មក​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជាដែរឬទេ​ ​តែ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​ ​ដើម្បី​សរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ ​មានការ​សរសេរ​នៅ​ ​កថាខណ្ឌ​ដែល​ទាក់ទង​នឹង​ ​យោធា​ ​និង​សន្តិសុខ​ ​ថា​ប្រទេស​ទាំងពីរ​នឹង​«​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមានឡើង​រវាង​ប្រទេស​ទាំងពីរ​ដោយសន្តិវិធី»។

អ្នកវិភាគ​នយោបាយ​ ​លោក​ ​ឡៅ​ ​ម៉ុង​ហៃ​ ​បាន​លើកឡើង​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​វៀតណាម​ ​ជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ហាណូយ​ក្នុង​ការ​ព្យាយាម​ទប់ទល់​ការ​រីក​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ក្បែរ​ខាង​របស់​ខ្លួន។

លោក​ ​ឡៅ ម៉ុងហៃ​ ​បាន​លើកឡើង​ថា​ ​វៀតណាម​ ​ដែល​ស្រវាឱប​ក្រសោប​សហ​រដ្ឋ​អាមេរិក​នា​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​ប្រឈម​នឹង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​នា​ប៉ែក​ខាង​កើត​ប្រទេស​ខ្លួន​ ​និង​ទប់​ទល់​ឥទ្ធិពល​ចិន​នៅ​ប្រទេស​ជិតខាង​ប៉ែក​ខាងលិច​ផង​ដែរ។​

​«វៀតណាម​ក៏​គេ​ខំប្រឹង​ប្រែង​ដើម្បី​កុំឱ្យ​កម្ពុជា​យើងធ្លាក់​ទៅ​ក្នុង​ដៃ​ចិន​ ​ដូច​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​ ​ដែល​ជា​គ្រោះថ្នាក់​ទៅដល់​សន្តិសុខ​របស់​គេ។​ ​វៀតណាម​គឺ​ជា​ទណ្ឌិត​ក្នុង​គុក​ភូមិសាស្ត្រ​របស់​ខ្លួន»។

អ្នកវិភាគ​នយោបាយ​ ​លោក​ ​ឡៅ​ ​ម៉ុង​ហៃ​
អ្នកវិភាគ​នយោបាយ​ ​លោក​ ​ឡៅ​ ​ម៉ុង​ហៃ​

ស្រប​ពេល​ដែល​ទំនាក់​ទំនង​ខ្មែរ-ចិន​ជិតស្និទ្ធ​ខ្លាំង​កាលពី​ឆ្នាំមុន​ ​មានការ​ដាក់​សង្ស័យ​ថា​ចិន​បាន​នឹង​កំពុង​បញ្ចុះបញ្ចូល​កម្ពុជា​ ​ស្នើសុំ​ទឹកដី​ដាក់មូលដ្ឋាន​ទ័ព​ចិន​ ​ដែល​គេ​មើលឃើញ​ថា​នឹង​គំរាម​កំហែង​ខ្លាំង​ដល់​ប្រទេស​វៀតណាម​ ​តែ​កម្ពុជា​បាន​បដិសេធ​ថា​ខ្លួន​មិនបាន​ទទួល​មូលដ្ឋានទ័ព​បរ​ទេស​ណា​នោះ​ទេ​ ​ព្រោះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ ​ហើយក៏​មិន​មានបំណង​កែ​រដ្ឋ​ធម្មនុញ្ញ​នោះ​ដែរ​ ​បើ​ទោះជា​បក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ទាំងស្រុង​នូវ​សភា​ទាំងពីរ​ជាន់ថ្នាក់​ ​តាម​រយៈ​ការបោះឆ្នោត​ដែល​មិន​មាន​បក្ស​ប្រឆាំង​ចម្បង​ចូលរួម​កាលពី​ឆ្នាំមុន​យ៉ាង​ណាក្ដី។

មេដឹកនាំ​កម្ពុជា​ក៏បាន​សម្ដែង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ ​ផ្ដល់​សេចក្ដី​ធានា​មួយដង​ជា​ពីរ​ដង​ ​ដល់​សម្ព័ន្ធ​មិត្ត​ជា​ប្រពៃណី​របស់​ខ្លួន​នៅ​ទីក្រុង​ហាណូយ​ ​ដែល​ធ្លាប់​បាន​ផ្ដួលរំលំ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ១៩៧៩​ ​និង​បើក​សករាជ​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​តាំងពី​ពេលនោះ​មក​។​ ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​សរុប​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ប្រធាន​រដ្ឋ​វៀតណាម​ ​ក៏បាន​បញ្ជាក់​សាជាថ្មី​ ​ថា​ប្រទេស​ទាំងពីរ​នឹង​មិន​អនុញ្ញាត​ឱ្យ​កម្លាំងយោធា​ ​ឬន​យោ​បាយ​ណាមួយ​ប្រើប្រាស់​ទឹកដី​ប្រទេស​មួយ​ ​ទៅ​ប្រឆាំង​នឹង​ប្រទេស​មួយទៀត​នោះ​ទេ។

ដូច​សព្វមួយ​ដង​ដែរ​ ​ស្ថានទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ​ ​មិនបាន​ឆ្លើយតប​សំណើ​របស់​ VOA​សុំ​សេច​ក្ដី​អធិប្បាយ​សម្រាប់​អត្ថបទ​នេះនោះ​ទេ។​

​អ្នកជំនាញ​ក៏បាន​លើកឡើង​ដែរ​ថា​ ​តាមរយៈ​ការ​ចាប់​យក​សមយុទ្ធ​យោធា​នានា​ ​ជាមួយ​បណ្ដា​រដ្ឋ​ជាស​មា​ជិ​ក​អាស៊ាន​ ​ប្រទេស​ចិន​មាន​យុទ្ធសាស្ត្រ​សន្តិសុខ​ធំជាង​នេះ​ ​ក្នុង​ស្ដារ​ឡើងវិញ​នូវ​ឥទ្ធិពល​អុងអាត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​នៅ​ក្បែរ​សំ​យាប​ផ្ទះ​ខ្លួន​ ​ដូចដែល​ធ្លាប់​មានការ​ពី​សម័យ​ចក្រភព​ចិន​នា​ជំនាន់​អតីត​កាល។​

​លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​កម្ពុជា​ ​បាន​លើក​ឡើង​ថា៖

«​យុទ្ធសាស្ត្រ​ចិន​ ​គេ​គិតវែងឆ្ងាយ​ ​គឺ​ចិន​មាន​មហិច្ឆតា​ ​មាន​ឥទ្ធិពល​ ​លើ​អាស៊ី​ហ្នឹង​ ​ជាពិសេស​អាស៊ី​អាគ្នេយ៍​ ​ហើយ​តំបន់​នេះ​ ​ពីដើម​មក​ក៏​ចិន​វា​មាន​ឥទ្ធិពល​ខ្លាំង​ ​ដែល​ត្រួតត្រា​គ្របដណ្ដប់​ដែរ​។​ ​ពីដើម​ ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​ហ្នឹង​ ​រួម​ទាំង​ប្រទេសខ្មែរ​ផង​ ​ចិន​ទុកជា​ប្រទេស​រណប​ ​ហើយ​ចិន​ ​ដោយ​បច្ចុប្បន្ន​ជាម​ហា​អំណាច​ខាងសេដ្ឋកិច្ច​ផង​ ​យោធា​ផង​ ​មាន​ប្រៀប​ជាង​វៀតណាម​ ​ហើយ​ចិន​គ្របដណ្ដប់​លើ​វៀតណាម​ផង​ ​ហើយ​ចិន​គ្របដណ្ដប់​លើ​ខ្មែរ​ផង!»។

ក្រៅតែ​ពី​ធ្វើ​សមយុទ្ធ​នាគ​មាស​ជាមួយ​កម្ពុជា​ ​ចិន​ក៏បាន​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​ប្រទេស​ម៉ា​ឡេស៊ី​ ​ដែល​មានឈ្មោះ​ថា​ ​Aman​ ​Youi​ ​ឬ​ប្រែថា​ ​លំហាត់​ហ្វឹក​ហ្វឺ​ន​សន្ដិ​ភាព​ ​និង​មិត្តភាព​ ​ដែល​កាលពី​ឆ្នាំ២០១៨​កន្លងទៅ​ ​មានការ​ចូលរួម​ពី​សំណាក់​ប្រទេស​ថៃ​ ​ជា​ភាគី​សង្កេត​ការណ៍​ផង​ដែរ។​ ​ឆ្នាំ២០១៨​កន្លង​ទៅ​ ​ប្រទេស​ចិន​ ​ក៏បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើក​ដំបូង​នៃ​លំហាត់​ហ្វឹកហ្វឺន​រួម​ផ្លូវ​សមុទ្រ​ ​អាស៊ាន​ចិន​ ​ផង​ដែរ។

រូបឯកសារ៖ មេបញ្ជាការយោធាចិនលោក Zhang Jian និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួមក្នុងពិធីសម្ពោធ​សមយុទ្ធនាគមាសឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨។
រូបឯកសារ៖ មេបញ្ជាការយោធាចិនលោក Zhang Jian និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួមក្នុងពិធីសម្ពោធ​សមយុទ្ធនាគមាសឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨។

ហើយ​ក្នុង​នោះ​ ​សមយុទ្ធ​នាគ​មាស​ ​ជាមួយ​ប្រទេស​កម្ពុជា​ ​ជាផ្នែក​នៃ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​ចិន​ ​ក្នុង​ការពង្រីក​ឥទ្ធិពល​យោធា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ធ្វើ​សមតុល្យ​កម្លាំង​ប្រជែង​នឹង​ឥទ្ធិពល​របស់​អាមេរិក​ ​និង​សមយុទ្ធ​ធំ​របស់​អាមេរិក​ ​ប្រចាំឆ្នាំ​នៅ​ប្រទេស​ថៃ​ ​Cobra​ ​Gold​ ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ខេត្ត​លពបុរី​ ​ភាគ​កណ្ដាល​ប្រទេស​កាលពី​ថ្មីនេះ​។​ ​នេះ​បើ​យោង​តាម​ ​លោក​ ​Paul Chambers​ ​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​យោធា​ ​នៅ​សាកល​វិទ្យាល័យ​នរេសូរ​ ​ខេត្ត​ពិស្ណុលោក​ ​ប្រទេស​ថៃ។

លោក​ ​Paul Chambers​ ​បាន​ថ្លែងប្រាប់ VOA​ ​តាម​សារ​អេឡិចត្រូនិក​ ​ជា​ភាសាអង់គ្លេស​ដែល​ប្រែ​សម្រួល​ ​មានន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ក្នុង​ខ្សែបណ្ដោយ​នេះ​ ​ជាមួយនឹង​គោលដៅ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ​ឱ្យទៅ​ជា​ទីបណ្ដុំឈរជើង​ផ្នែក​សេដ្ឋកិច្ច​ ​និង​យោធា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​លំហាត់​ហ្វឹកហ្វឺន​នេះ​ក៏​ជួយ​ពូន​ជ្រំការទូត​យោធា​របស់​ចិន​ ​និង​ព្រមពេល​ជាមួយគ្នា​ ​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ ​ថា​ប្រទេស​ចិន​ផ្ដល់​អត្ថិភាព​សំខាន់​ដល់​តំបន់​នេះ​ប៉ុណ្ណា»។​

​អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា៖​

​«​ប្រទេស​ចិន​ក៏​កំពុង​ស្វះស្វែង​រក​ការ​ដំឡើង​សមតុល្យ​កម្លាំង​នៃ​លំហាត់​ហ្វឹកហ្វឺន​ ​និង​ជំនួយ​សឹក​របស់​ខ្លួន​ ​ជា​ឧបករណ៍​ក្នុង​ការប្រកួត​ប្រជែង​ផ្នែក​យោធា​ជាមួយ​អាមេរិក​ ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​នៅទីបំផុត​ទៅ​ ​នឹង​នាំ​ឱ្យ​មានការ​រន្ថើន​ឡើង​នៃ​ការរត់ប្រណាំង​ផ្នែក​សព្វាវុធ​រវាង​មហាអំណាច​ទាំងពីរ​ក្នុង​តំបន់​មួយ​នេះ»។

យ៉ាង​ណាក្ដី​ ​លោក​ ​ឈុំ សុជាត​ ​នៃ​ក្រសួង​ការពារជាតិ​ ​បាន​លើកឡើង​ថា​លំហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ២០១៩​នេះ​ ​មិន​មានបំណង​ក្នុង​ការ​គំរាមកំហែង​បណ្ដា​ប្រទេសជិតខាង​ណាមួយ​នោះ​ទេ​។

លោក​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖​

​«គិតថា​ ​នោះ​មិន​មាន​ជា​បារម្ភ​ទេ​ ​ព្រោះ​ការសមយុទ្ធ​ហ្នឹង​ជា​ការ​ហ្វឹកហាត់​ហ្នឹង​ ​ហ្វឹកហាត់​ដើម្បី​លើកកម្ពស់​សមត្ថភាព​ ​នៃ​កងទ័ព​ប្រទេស​រៀង​ៗ​ខ្លួន​ ​ខាង​វៀតណាម​ក៏​គេ​ធ្វើ​ ​ខាង​ថៃ​ក៏​គេ​ធ្វើ​ ​ខាង​ឡាវ​ក៏​ធ្វើ​ដែរ​ ​អាហ្នឹង​ខាង​សមយុទ្ធ​ជា​រឿង​ធម្មតា​!​ ​យើង​មិនមែន​ទៅ​គំរាមកំហែង​ ​ហើយ​ការ​សម​យុទ្ធ​របស់​យើង​មិនមែន​ជា​អាវុធ​ណា​ធំធេង​ ​គួរ​ឱ្យ​យើង​បារម្ភ​ឯណា​ប្អូន​!​ ​អាវុធ​នេះ​គ្រាន់​ដោយ​សារ​សមត្ថភាព​ ​និង​យុទ្ធវិធី​ ​ក្នុង​ការ​ថែរក្សា​ការពារ​សមត្ថភាព​បូរណភាពទឹកដី​របស់​យើង​»​។

នាយ​ឧត្ដមសេនីយ៍​រូប​នេះ​បាន​បន្ត​ថា៖

«យើង​ដូចជា​មិន​មានសាច់​ដុំ​ណា​ដំឡើង​ទេ​ប្អូន​អើយ​!​ ​ព្រោះ​យើង​ជា​ប្រទេស​តូចតាច​ណាស់​ ​ហើយ​ខាង​ចិន​ក៏​គេ​សហការ​ជាមួយ​យើង​ ​ក្នុងនាម​ជា​មនុស្សធម៌​ ​សំខាន់​គឺ​លើ​ផ្នែក​មនុស្សធម៌​ទេ​ ​ហើយ​ខាង​វិស្វកម្ម​ ​ខាង​.​.​.​ ​និយាយរួម​គឺ​ផ្អែកលើ​ខ្លឹមសារ​មនុស្សធម៌​ ​និង​វិស្វកម្ម​ ​មិនមែន​ជា​អ្វី​ធំដុំ​ទេ​ ​មិនមែន​ជា​ទ្រង់ទ្រាយ​សមយុទ្ធ​ធំ​ទេ​។​ ​ដូច្នេះ​យើង​អត់មាន​ទាក់ទង​បញ្ហា​គំរាមកំហែង​អី​ទេ​បាទ!»។

បើ​តាម​ការ​គ្រោងទុក​ ​បើ​ទោះជា​ចាប់ផ្ដើម​តាំងតែពី​ថ្ងៃទី២៨កុម្ភៈ​ ​ពិធី​បើក​ជា​ផ្លូវការនៃសមយុទ្ធនាគមាស​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី១៣មីនា​ ​ក្រោម​អធិបតី​លោក​ ​វង្ស​ ​ពិ​សេន​ ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ធ្វើពិធី​បិទ​នៅ​ថ្ងៃទី២៧មីនា​ ​ក្រោម​ការចូលរួម​របស់​លោក​ ​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ការពារ​ជាតិ៕

XS
SM
MD
LG