ចិនទំនងជាប្រុងប្រៀបខ្លួនដើម្បីបំពេញគម្លាតនៅក្នុងប្រទេសអ៊ីរ៉ង់ដែលត្រូវបានចាកចេញដោយក្រុមហ៊ុនផលិតរថយន្តបារាំងដែលបានបិទកិច្ចប្រតិបត្តិការរបស់ខ្លួនមុន ពេលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
ចំណាត់ការរបស់ចិនអាចធ្វើឲ្យមានជម្លោះមួយទៀតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង ដែលនឹងបន្ថែមជម្លោះរវាងប្រទេសទាំង២ ដែលត្រូវបានពាក់ព័ន្ធនៅក្នុងជម្លោះពាណិជ្ជកម្មរាលដាលកាន់តែធំឡើង។
ក្រុមហ៊ុនផលិតរថយន្តម៉ាក Renault របស់បារាំងដែលមានភាគហ៊ុនចំនួន៩ភាគរយនៅក្នុងទីផ្សាររថយន្តអ៊ីរ៉ង់ដែលជាទីផ្សារធំទី១២របស់ពិភពលោក បានប្រកាសកាលពីខែមុនថា ខ្លួននឹងចូលរួមជាមួយក្រុមហ៊ុនអន្តរជាតិជាង១រយទៀតដកខ្លួនចេញពីប្រទេសអ៊ីរ៉ង់ដើម្បីអនុវត្តទៅតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលការដាក់ទណ្ឌកម្មថ្មីចាប់ផ្តើមនៅថ្ងៃអង្គារ ថ្វីបើ ក្រុមហ៊ុនរថយន្តបារាំង Renault មិនមានកិច្ចប្រតិបត្តិការក្នុងសហរដ្ឋអាមេរិកក៏ដោយ។
ក្រុមហ៊ុនផលិតរថយន្តម៉ាក Peugeot បានប្រកាសថា ការចាកចេញរបស់ក្រុមហ៊ុននោះគឺនៅខែមិថុនា ក្រុមហ៊ុននោះមានភាគហ៊ុន៣៤ភាគរយនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានលក់រថយន្តប្រហែល៥សែនគ្រឿងក្នុងមួយឆ្នាំ។
យោងតាមការដាក់ទណ្ឌកម្មនោះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Daimler របស់អាល្លឺម៉ង់ក៏បានប្រកាសដែរថា ខ្លួនបានផ្អាកសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ រហូតទាល់តែមានការជូនដំណឹងបន្ថែម។
សេចក្តីសម្រេចរបស់ប្រធានាធិបតីត្រាំកាលពីខែឧសភាដើម្បីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ដែលបានចុះហត្ថលេខាដោយលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីកាន់តំណែងមុនរបស់លោកដែលក្នុងនោះរដ្ឋាភិបាលអ៊ីរ៉ង់ បានយល់ព្រមបញ្ឈប់សកម្មភាពនុយក្លេអ៊ែរដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែលបានត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ដែលចាប់ផ្តើមនៅថ្ងៃអង្គារ៕