ជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខស្បៀងស្ថិតក្នុងរបៀបវារ:នៃការពិភាក្សានៅថ្ងៃអង្គាររបស់រដ្ឋមន្ត្រីការបរទេសប្រទេស G-20 ដែលជួបប្រជុំគ្នានៅក្នុងប្រទេសអ៊ីតាលី។
កិច្ចប្រជុំនៅក្នុងទីក្រុង Matera ប្រទេសអ៊ីតាលី ជាជំនួបដោយផ្ទាល់លើកទីមួយចាប់តំាងពីឆ្នាំ២០១៩ មក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងសុន្ទរកថានៅក្នុងការបើកនៃកិច្ចប្រជុំនោះថា «ដើម្បីបញ្ចប់នូវជំងឺរាតត្បាតកូវីដ១៩ យើងត្រូវតែធ្វើឲ្យមានវ៉ាក់សាំងកាន់តែច្រើនឡើងនៅក្នុងកន្លែងជាច្រើនថែមទៀត។ កិច្ចសហប្រតិបត្តិការពហុភាគី ជាគន្លឹះដ៏សំខាន់នៅក្នុងការបញ្ចប់នូវវិបត្តិសុខភាពជាសាកលនេះ»។
លោក Blinken ក៏បានបញ្ជាក់ផងដែរពីការចូលរួមវិភាគទានរបស់អាមេរិកដល់កម្មវីធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោកដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ លោកក៏បានសរសើរដល់ប្រទេសអ៊ីតាលីក្នុងការរៀបចំកិច្ចប្រជុំនៅថ្ងៃអង្គារនេះ ដែលផ្តោតយ៉ាងសំខាន់លើប្រធានបទនៃការរាតត្បាតឆ្លងនៃជំងឺកូវីដ១៩នោះ។
មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងលើកឡើងពីភាពចាំបាច់នៃការធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដែលជាប្រធានបទរួមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈលោក និងលោកប្រធានាធិបតី Joe Biden បានកំណត់គោលនយោបាយការបរទេស ដោយផ្ដោតយ៉ាងខ្លាំងលើការរឹតចំណងមិត្តភាពជាមួយសម្ព័ន្ធមិត្ត។
អ្នកស្រី Susannah Cooper នាយិកាការិយាល័យកិច្ចការរូបិយវត្ថុប្រចាំការិយាល័យកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំថា៖ «ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ លោករដ្ឋមន្រ្តី Blinken នឹងលើកទឹកចិត្តប្រទេសសមាជិក G-20 ឲ្យធ្វើការរួមគ្នាឆ្ពោះទៅរកលទ្ធផលប្រកបដោយមហិច្ឆតា រួមទាំងការទទួលស្គាល់ភាពចាំបាច់ដើម្បីរក្សាកម្រិតនៃកំណើនកំដៅផែនដីត្រឹម១,៥អង្សាសេសារៈសំខាន់នៃសកម្មភាពក្នុងទសវត្សរ៍នេះដែលស្របនឹងគោលដៅនេះ និងការចាត់វិធានការផ្សេងៗទៀត ដូចជាការប្តេជ្ញាចិត្តដើម្បីបញ្ចប់ការផ្ដល់ហិរញ្ញវត្ថុសាធារណៈសម្រាប់ការដុតធ្យូងថ្មដែលគ្មានការគ្របគ្រងឧស្ម័នពុលជាដើម»។
អ្នកស្រី Cooper បាននិយាយថា លោក Blinken នឹងតស៊ូមតិដើម្បី«កសាងការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព» រាប់បញ្ចូលទាំងប្រព័ន្ធពន្ធដារពិភពលោកដែលមានសមធម៌ ដោយមានអត្រាពន្ធសាជីវកម្មអប្បបរមា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅកាត់ថា G-7 ដែលជាប្រទេសស្ថិតក្នុងចំណោម G-20 ដែរនោះ បានព្រមព្រៀងគ្នាជាគោលការណ៍កាលពីដើមខែមិថុនាដើម្បីបង្កើតពន្ធអប្បបរមាជាសកលលើសាជីវកម្ម ដែលនឹងបង្ខំឲ្យក្រុមហ៊ុនដែលផ្ទេរប្រាក់ចំណេញទៅក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបង់ពន្ធទាប ឬមិនបង់ពន្ធ ឲ្យបង់ពន្ធ១៥ភាគរយលើប្រាក់ចំណូលនោះ ទៅឲ្យប្រទេសដែលជាទីតាំងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
កិច្ចប្រជុំនៅថ្ងៃអង្គារនេះក៏នឹងពិចារណាការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងបញ្ហាសមភាពយេនឌ័រ និងឱកាសសម្រាប់យុវជន ហើយនឹងការខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងសិទ្ធិមនុស្ស។
ប្រទេសអ៊ីតាលីគឺជាចំណតចុងក្រោយសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបរបស់លោក Blinken ដែលរួមមានសន្និសីទអំពីប្រទេសលីប៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ ជំនួបជាមួយប្រធានាធិបតីបារំាង លោក Emmanuel Macron នៅក្នុងទីក្រុងបារីស និងជំនួបជាមួយសម្ដេចប៉ាបនៅបុរីវ៉ាទីកង់៕