នៅពេលដែលប្រទេសចិនចាយវាយត្បិតត្បៀត និងសន្សំសំចៃខាងសេដ្ឋកិច្ចជាការឆ្លើយតបនឹងការរាតត្បាតនៃវីរុសកូរ៉ូណា ពួកមេដឹកនាំអាហ្វ្រិកបារម្ភអំពីអនាគតនៃគម្រោងហេរដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មរបស់ចិន ហើយក្នុងករណីខ្លះបានសុំឱ្យមានការសម្រាលបំណុលផងដែរ។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិក ដោយមានការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញរួមគ្នាមានទឹកប្រាក់២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រទេសចិនបានផ្តល់ប្រាក់រាប់ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ កំពង់ផែ និងផ្លូវដែកនៅទូទាំងទ្វីបនេះ។
ក៏ប៉ុន្តែជំងឺកូវីដ១៩បានបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចពិភពលោកដែលនាំឱ្យពួកប្រទេសអាហ្វ្រិកគ្មានសមត្ថភាពសងបំណុល និងបានបន្ថយចំណង់របស់ប្រទេសចិនក្នុងការបណ្តាក់ទុននៅក្រៅប្រទេស។ ពួកអ្នកសង្កេតការណ៍កំពុងរកមើលសញ្ញាថាតើទំនាក់ទំនងរវាងប្រទេសចិន និងទ្វីបអាហ្វ្រិកនឹងផ្លាស់ប្តូរបែបណានៅក្រោយការរាតត្បាតនៃវីរុសកូរ៉ូណា។
លោក Yun Sun ជានាយកនៃកម្មវិធីប្រទេសចិននៅឯមជ្ឈមណ្ឌល Stimson ដែលស្រាវជ្រាវខាងគោលនយោបាយមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកបាននិយាយថា៖ «សេដ្ឋកិច្ចប្រទេសចិនរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩។ ការណ៍នេះនឹងបន្ថយសមត្ថភាពប្រទេសចិនក្នុងការបែងចែកខាងហិរញ្ញវត្ថុ ឬមិនអាចបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានរួមបញ្ជូលទាំងទ្វីបអាហ្វ្រិក តាមអត្រាដែលចិនបានធ្វើពីពេលមុននោះទេ។
សំណួរមួយក្នុងបណ្តាសំណួរធំៗគឺអនាគតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសចិនដោយមានរួមបញ្ចូលការផ្តើមគំនិតផ្លូវក្រវ៉ាត់សេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាល ធនាគារ និងពួកអ្នកបណ្តាក់ទុនឯកជនចិនបានឱ្យប្រទេសនានាក្នុងទ្វីបអាហ្វ្រិកខ្ចីប្រាក់១៤៦ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០០០និងឆ្នាំ២០១៧។ ដោយសារមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ប្រទេសជាច្រើនបានអំពាវនាវឱ្យមានការផ្អាកការសងបំណុលជាបណ្តោះអាសន្ន ឬឱ្យមានទម្រង់មួយនៃការលុបចោលបំណុលថែមទៀតផង។
លោក Su បាននិយាយថា៖ «មិនមែនមានតែអាហ្វ្រិកតែមួយទេដែលស្វាគមន៍កាយវិការសាកលដែលអំពាវនាវឱ្យមានការសម្រាលប្រាក់បំណុលសាកលនេះ។ ក៏ប៉ុន្តែខ្ញុំចង់និយាយថា គំនិតនេះខុសប្លែកពីគំនិតចិន។ ជាដំបូង ដោយគិតអំពីប្រាក់បំណុលដ៏ច្រើនដែលប្រទេសនានានៅក្នុងទ្វីបអាហ្វ្រិកជំពាក់ប្រទេសចិននោះ គេត្រូវពិចារណាថាតើប្រទេសចិនអាចធ្វើបានឬទេក្នុងការលុបចោលបំណុលទាំងនេះ ហើយនេះជាសំណួរសំខាន់មួយ»។
គេស្ទង់ប្រមាណថា ប្រទេសទាំងឡាយក្នុងទ្វីបអាហ្វ្រិកជំពាក់ប្រទេសចិន៤៤ពាន់លានដុល្លារនៅឆ្នាំនេះ។ អង្គការឱ្យខ្ចីប្រាក់សាកលដែលមានរួមបញ្ចូលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងពួកឱ្យខ្ចីប្រាក់ឯកជននៃក្រុមប្រទេស G-7 ដោយមានទាំងប្រទេសចិនផងដែរបានយល់ព្រមផ្អាកការសងបំណុលពីប្រទេសចំនួន៧៧ក្នុងបណ្តាពួកប្រទេសក្រីក្រជាងគេបំផុតក្នុងពិភពលោក។
ប្រទេសចិនបាននិយាយថា ខ្លួនបើកចំហឱ្យមានការសម្រាលបំណុលថែមទៀត ក៏ប៉ុន្តែខ្លួនចង់ធ្វើការចរចាអំពីលក្ខខណ្ឌជាមូលដ្ឋានជាមួយប្រទេសនីមួយៗ។
លោក Sun បាននិយាយថា៖ «ជាដំបូង ឥរិយាបថរបស់ប្រទេសចិនចំពោះបញ្ហានេះគឺមានការជំទាស់ខ្លះ។ ការណ៍នេះមិនមែនមានន័យថាប្រទេសចិននឹងមិនធ្វើការចរចាជាថ្មីអំពីប្រាក់បំណុល ឬការរៀបចំទម្រង់បំណុលជាថ្មី ឬការពន្យារពេលការសងបំណុលសម្រាប់ពួកប្រទេសអាហ្វ្រិកដើម្បីសងបំណុលនោះទេ។ ប៉ុន្តែខ្ញុំយល់ថា ចិនមិនព្រមឱ្យមានការលុបចោលបំណុលទេ»។
ពួកប្រទេសអាហ្វ្រិកហាក់ដូចជាមិនអន្ទះសាប្រឆាំងនឹងប្រទេសចិនអំពីបញ្ហាបំណុលទេ។
អ្នកស្រី Hannah Ryder ជាអ្នកចាត់ចែងកិច្ចការក្រុមហ៊ុន Development Reimagined ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ខាងការអភិវឌ្ឍមានមូលដ្ឋានក្នុងក្រុងប៉េកាំង។ អ្នកស្រីបាននិយាយថាពួកមេដឹកនាំអាហ្វ្រិកច្រើននាក់មានជំនឿថា ការខ្ចីប្រាក់ជាការចាំបាច់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជាតិជាការចាំបាច់សម្រាប់ជំរុញសេដ្ឋកិច្ច និងជួយប្រជាពលរដ្ឋឱ្យចេញផុតពីភាពទីទាល់ក្រ។
អ្នកស្រី Hannah Ryder ចង្អុលបង្ហាញថា ប្រទេសជាតិអាហ្វ្រិកត្រូវមានប្រាក់សរុប៦៨ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីបំពេញសេចក្តីត្រូវការខាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ប្រទេសទាំងនេះមិនមានប្រាក់សម្រាប់សេចក្តីត្រូវការទាំងនេះទេហើយត្រូវតែខ្ចីប្រាក់ពីអង្គការអន្តរជាតិ និងប្រទេសនានាដោយមានរួមបញ្ចូលទាំងប្រទេសចិនផងដែរ។
អ្នកស្រី Ryder បានថ្លែងថា៖ «ជាការពិតគឺមានបញ្ហាប្រាក់បំណុលហើយបំណុលមិនមែននាំឱ្យមានការសប្បាយរីករាយទេ ទោះណាជាបុគ្គលក៏ដោយ។ មិនមែនជាការអស្ចារ្យទេដែលមានបំណុល។ ក៏ប៉ុន្តែហេតុផលដែលនាំឱ្យពួកមេដឹកនាំអាហ្វ្រិកសម្រេចខ្ចីបំណុលគឺដើម្បីយកប្រាក់កម្ចីទៅចាយវាយសម្រាប់កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាថាមពល និងផ្លូវ។ល។ ពីព្រោះទ្វីបនេះត្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ ទ្វីបអាហ្វ្រិកមិនអាចសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចិរភាពទេ ប្រសិនបើគ្មានវិនិយោគទាំងនេះ»។
ក៏ប៉ុន្តែនៅតែមានកង្វល់អំពីថាតើប្រទេសចិននឹងមានប្រតិកម្មបែបណាការដែលពួកប្រទេស អាហ្វ្រិកគ្មានសមត្ថភាពសងប្រាក់បំណុលនោះ។ ជាឧទាហរណ៍ប្រទេសជីប៊ូទី (Djibouti) ជំពាក់ប្រាក់បរទេសស្មើនឹងប្រមាណ៨០ភាគរយនៃផលិតផលសរុបក្នុងស្រុក។ ប្រទេស កេនយ៉ាមានបំណុលស្មើ៦១ភាគរយ។ ប្រទេសទាំងពីរនេះធ្វើកំពង់ផែធំៗដែលផ្តល់ប្រាក់ដោយប្រទេសចិន។ ពួកអ្នកសង្កេតការណ៍បារម្ភថា នៅពេលប្រាក់បំណុលកើនច្រើនឡើងៗ ការធ្វើគម្រោងក៏មិនធ្វើចប់ ឬចិនដែលជាម្ចាស់បំណុលនឹងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីប អាហ្វ្រិកជំនួសការសងបំណុល។
អ្នកស្រី Ryder បានថ្លែងថា៖ «គម្រោងខ្លះនឹងត្រូវផ្អាកដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ បញ្ហាទាំងនេះគួរត្រូវពិនិត្យដោយល្អិតល្អន់។ រដ្ឋាភិបាលប្រទេសអាហ្វ្រិកទាំងនេះគួរគិតអំពីការជំរុញទៅមុខហើយពួកគេគួររៀបចំផែនការហើយនិយាយជាមួយប្រទេសចិនអំពីបញ្ហាទាំងនេះផងដែរ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ