ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការប្រឆាំង​តវ៉ា​ដ៏​កម្រ​មួយ​​​ក្នុង​ទីក្រុង​ប៉េកាំង ខណៈ​ប្រទេស​ចិន​កំពុង​ត្រៀម​រៀបចំ​ធ្វើ​សមាជ​គណបក្ស​កុម្មុយនីស្ត​របស់​ខ្លួន


ការរឹតបន្តឹង​លើ​ការប្រើប្រាស់​អ៊ីនធឺណេត​នៅ​ចិន​ត្រូវបាន​ធ្វើឡើង​យ៉ាងឆាប់រហ័ស​ដើម្បី​រារាំង​មិនឱ្យ​មាន​ការបង្ហោះ​តាមបណ្តាញ​សង្គម បន្ទាប់ពី​មាន​របាយការណ៍​អំពី​បដារិះគន់​ការដឹកនាំកុម្មុយនិស្ត​ដែល​ត្រូវ​បាន​ព្យួរ​នៅ​ផ្លូវ​ដ៏​មមាញឹក​ក្នុង​រដ្ឋធានី​ប៉េកាំង នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ការរឹតបន្តឹង​លើ​ការប្រើប្រាស់​អ៊ីនធឺណេត​នៅ​ចិន​ត្រូវបាន​ធ្វើឡើង​យ៉ាងឆាប់រហ័ស​ដើម្បី​រារាំង​មិនឱ្យ​មាន​ការបង្ហោះ​តាមបណ្តាញ​សង្គម បន្ទាប់ពី​មាន​របាយការណ៍​អំពី​បដារិះគន់​ការដឹកនាំកុម្មុយនិស្ត​ដែល​ត្រូវ​បាន​ព្យួរ​នៅ​ផ្លូវ​ដ៏​មមាញឹក​ក្នុង​រដ្ឋធានី​ប៉េកាំង នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

គណបក្ស​កុម្មុយនីស្ត​ចិន​កំពុង​ត្រៀមរៀប​ចំ​ធ្វើ​សមាជ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ដែល​គេ​រំពឹង​ថា ​មេដឹកនាំ​ប្រទេស​នេះ​គឺ​លោក Xi Jinping នឹង​ត្រូវទទួល​បាន​ការយល់ព្រម​ឱ្យ​បន្ត​អាណត្តិ​ទី៣ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​ដែល​មាន​រយៈ​ពេល ​៥​ឆ្នាំ​ជា​អគ្គលេខាធិការ​គណបក្ស។

សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ត្រូវ​បា្ររព្ធធ្វើ​ឡើងក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង។ អាជ្ញាធរ​ក្នុង​ទីក្រុង​ប៉េកាំងបាន​រឹតបន្តឹង​សន្តិសុខ បិទផ្លូវ ​និង​បង្កើន​ការល្បាត​ត្រួតពិនិត្យ​ដើម្បី​ធានា​ថា​អ្វី​គ្រប់យ៉ាង​នឹង​ប្រព្រឹត្តិទៅ​ដោយ​រលូន។

បើ​ទោះបី​ជា​យ៉ាង​នេះ​ក្តី​ ក៏ការណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​បិទ​មាត់​នៅស្ងៀម​ឡើយ​ បើ​ទោះបី​ជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ជាប់​ពន្ធនាគារយូរ​ក្តី។ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ គេ​ឃើញ​ផ្ទាំងបដា​ពណ៌​សធំ​មួយ​ចំនួន ដែល​មាន​អក្សរ​ចិនពណ៌​ក្រហម​ត្រូវ​បាន​ចង​នៅ​លើ​ផ្លូវ​ខ្ពស់មួយ​កន្លែង​ក្នុង​សង្កាត់ Haidian ភាគ​ពាយព្យ​រដ្ឋធានី​ប៉េកាំង។ ផ្ទាំង​បដា​នោះ​បាន​សរសេរថា លោក Xi «ជា​ជន​ផ្តាច់ការ» ហើយ​បាន​ជំរុញ​ឱ្យ​និស្សិត និង​កម្មករ​ចិន​ចេញ​ធ្វើ​កូដកម្ម។ ផ្ទាំង​បដា​ដទៃ​ផ្សេងទៀត​បាន​សរសេរ​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​គ្មាន​ជំងឺកូវីដ​របស់​ប្រទេស​ចិន​ផង​ដែរ។

បន្ថែម​ពី​លើការ​ចង​ផ្ទាំង​បដា​នេះ​ គេ​ក៏​ឃើញ​មាន​ផ្សែង​ភ្លើង​ហុយ​ឡើង​ទៅ​លើពី​គំនរ​ភ្លើង​មួយកន្លែង​ដែល​ទំនង​ជា​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ចង​ផ្ទាំង​បដាទាំងនោះ​ដើម្បីទាក់ទាញ​ឱ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សារ​ដែល​សរសេរ​នៅ​លើ​បដា​នោះ។ រូបភាព​បដា​ប្រឆាំង​នេះត្រូវ​បាន​គេ​បិទជាបន្ទាន់​មិន​ឱ្យ​មានការ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គមក្នុង​ប្រទេស​ចិន​នោះ​ឡើយ។ កម្មវិធី​ទូរសព្ទ​សម្រាប់​ការផ្ញើសារ វីដេអូ និង​រូបភាព​ផ្សេងៗ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា WeChat ត្រូវ​បាន​បិទ ប៉ុន្តែ​ខ្លឹមសារនៅតែ​ត្រូវបាន​បន្ត​ចែក​រំលែក​នៅ​តាម​បណ្តាញ Twitter ដែល​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​ចិន​នោះ៕

XS
SM
MD
LG