ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិននិង​វៀតណាម​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​ក្នុង​ការស្ទង់មតិ​អំពី​ការគ្រប់គ្រង​វីរុសកូរ៉ូណា តែ​ក្នុង​ហេតុផល​ផ្សេង​គ្នា


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩ អំឡុងពេលជិះរថយន្តក្រុងមួយ នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩ អំឡុងពេលជិះរថយន្តក្រុងមួយ នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ការ​ស្ទង់មតិ​មួយ​នា​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​បានផ្តល់​ពិន្ទុ​ទាប​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ខ្លួន​ចំពោះ​ការ​គ្រប់គ្រង​វីរុស​កូរ៉ូណា។ បើ​ទោះ​បី​ជាហេតុផលនៅ​ពី​ក្រោយ​មិន​ដូចគ្នា​ក៏ដោយ ចិន និង​វៀតណាម​ជា​ប្រទេស​ដែល​ធ្វើ​បាន​ប្រសើរ​ជាង​គេ​បង្អស់ ដោយសារ​តែ​ក្នុងពេល​កន្លង​មក ប្រទេស​ទាំងពីរ​ធ្លាប់​មាន​បទពិសោធន៍​មួយ​ចំនួន ទាក់ទង​នឹងជំងឺ​រាតត្បាត។

ការ​ស្ទង់​មតិ​សាធារណៈ​ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ Blackbox Research និង Toluna បាន​ផ្តល់​ឲ្យ​ប្រទេស​តែ​៧​ប៉ុណ្ណោះ នូវ​ពិន្ទុ​យ៉ាង​តិច​ ៥០ លើ ១០០ នៅ​ក្នុង​ចំណោម​ប្រទេស​សរុបចំនួន ២៣ ចំពោះ​ការ​គ្រប់គ្រង​លើ​វីរុស​កូរ៉ូណា ដែល​ការណ៍​នេះ «បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​បស្ចឹម​ប្រទេស» និង​ការរំពឹង​ទុក​ពី​ការ​ត្រៀមលក្ខណៈ​របស់​រដ្ឋាភិបាល។

ចិន​ជាប់ថ្នាក់​កំពូល​នៃ​តារាង​ដោយ​ទទួល​បាន​ពិន្ទុ ៨៦ បន្ត​ដោយ​វៀតណាម​ដែល​ទទួល​បាន​ពិន្ទុ​ ៧៧។ ប្រទេស​នៅ​លំដាប់​ថ្នាក់​កំពូល​ទាំង​១០ គឺ​សុទ្ធ​តែ​ជា​ប្រទេស​នៅ​អាស៊ី លើកលែង​តែប្រទេស​អេមីរ៉ាត់អារ៉ាប់រួម និង​ណូវែលសេឡង់​ប៉ុណ្ណោះ។

នៅ​ក្នុង​ការ​បកស្រាយ​ពី​ភាព​ជោគជ័យ​របស់​ទ្វីប​អាស៊ី​ក្នុង​ការ​គ្រប់គ្រង​វីរុស​កូរ៉ូណាធៀប​នឹង​បស្ចិម​ប្រទេស លោក Kent Calder សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ John Hopkins បាន​លើក​ឡើង​ពី​ការ​ឆ្លើយតប​បែប​រួម​បញ្ចូល​គ្នា​នូវ​ផ្នែក​បច្ចេកទេស​យ៉ាងរហ័សរហួន និង​ប្រកប​ដោយ​បទពិសោធន៍​ ក៏ដូចជា​ការ​រឹតត្បិត​ទៅ​លើ​សេរីភាពដើរ​ហើរ​របស់​ជន​ស៊ីវិល។

អ្វី​ដែល​ចិន និង​វៀតណាម​បាន​ធ្វើ​ដូចគ្នា​នោះ​គឺ​ថា ពួកគេ​បាន​ចាប់ផ្តើម​ចាត់វិធានការ​ទៅ​លើ​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ មុន​ប្រទេស​ដទៃ​ទៀត ហើយ​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​នឹង​ជំងឺ​រាតត្បាត​កាល​ពី​ពេល​មុនៗ ដែល​ការណ៍​នេះ បាន​ជួយ​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស និង​ចំណេះដឹងក្នុង​ការ​គ្រប់គ្រង​លើ​ជំងឺ​រាតត្បាត។ ប្រទេស​ទាំង​ពីរ​ក៏​ជា​រដ្ឋ​ដែល​មាន​បក្ស​ដឹកនាំ​តែ​មួយ ដែល​បានធ្វើ​ការតាមដាន និង​ដាក់​ការ​រឹតបន្តឹង​ផងដែរ។

តែ​ទោះជា​យ៉ាងនេះ​ក្តី ចិន​និង​វៀតណាមទទួល​បាន​កេរ្តិ៍ឈ្មោះ​ផ្សេង​គ្នា ពាក់ព័ន្ធ​នឹង​តម្លាភាព​នៅ​ក្នុង​ការ​ឆ្លើយតប ដូច្នេះ​ការបានចំណាត់ថ្នាក់​ខ្ពស់​ចំពោះ​ការ​ទទួលស្គាល់ស្នាដៃ​ពី​សំណាក់​ពលរដ្ឋ​របស់​ខ្លួន ក៏​តម្រូវ​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេង​គ្នា​ផងដែរ។

នៅ​ខណៈ​ពេល​ដែល​ចិន និង​សហរដ្ឋអាមេរិក កំពុង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកចំពោះ​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ វៀតណាម​បាន​ចាប់ផ្តើមព្យាបាល​អ្នកជំងឺ​តាំងពី​គ្រាដំបូង ដោយ​បាន​ធ្វើ​តេស្ត និងតាមដាន​រក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ១៩ ដាក់កំហិត​ទៅ​លើ​ការ​ដើរ​ហើរ និងប្រើ​ទិន្នន័យ ដើម្បី​ធ្វើការ​សម្រេចចិត្ត។

អ្នកវិភាគ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​យុទ្ធសាស្រ្ត​អូស្រ្តាលី​អ្នកស្រី Huong Le Thu បាន​សរសេរ​នៅ​លើ​ទំព័រ​ប្លុក​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​ថា៖

«អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ប្រតិបត្តិការ​ឆ្លើយតប​ភ្លាមៗ យ៉ាង​ដាច់ខាត និង​ម៉ត់ចត់»។ អ្នក​ស្រី​បាន​និយាយ​ថា ការ​មិន​មាន​អ្នកស្លាប់ និង​អត្រា​ឆ្លង​ទាប «បាន​ពង្រឹង​គោលជំហរ​និង​កេរ្តិ៍ឈ្មោះ​វៀតណាម​នៅ​លើ​ឆាក​អន្តរជាតិ និងលើក​កម្ពស់​ជំនឿ​ទុក​ចិត្តរបស់​សាធារណជន​ទៅ​លើ​រដ្ឋាភិបាល»។

លោក Kashif Ansari នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន IQI Global Group ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​លើ​ផ្នែក​អចលនទ្រព្យ​មួយ បាន​ហៅ​វៀតណាម​ថា​ជា «ជម្រក​សុវត្ថិភាព» នៅ​ក្នុង​តំបន់។ លោក​បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ការ​ស្ទង់មតិ​សាធារណៈ​ថា «វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ពលរដ្ឋ​វៀតណាម​មាន​អារម្មណ៍​ថា រដ្ឋាភិបាលរបស់​ពួកគេ​បាន​ឆ្លើយ​តប​យ៉ាង​ល្អ​នោះ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកមាន​មន្ទិល​សង្ស័យ​បានលើក​ឡើង​ពី​លទ្ធភាព​ដែលថា ភាព​ជោគជ័យ​របស់​វៀតណាម​ត្រូវ​បានជួយ​គាំទ្រ​ពី​ក្រោយ​ដោយការ​រាយការណ៍​ពី​ចំនួនអ្នក​ឆ្លង​ជំងឺ​ទាប​ជាង​ចំនួន​ពិតប្រាកដ បណ្តាញ​នៃ​មន្រ្តី​សន្តិសុខ​វៀតណាម និង​ការ​ដាក់​កំហិត​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ថ្មី និង​ចាស់។

​ប៉ុន្តែ​បញ្ញវ័ន្ត​លោក Trang Nguyen និង​លោក Edmund Malesky បាន​អះអាងថា ការ​ផ្តោតទៅ​លើ​លទ្ធិ​ផ្តាច់ការ​បាន​ធ្វើ​ឲ្យ​មាន​ការ​មើល​រំលង​ទៅ​លើ «ការ​វិវត្តទៅ​មុខ​ជា​បន្តបន្ទាប់​នៅ​ក្នុង​វិស័យ​សុខាភិបាល ការ​ទទួល​បាន​ព័ត៌មាន និង​ការ​គ្រប់គ្រង​អំពើ​ពុករលួយ» នៅ​ប្រទេស​វៀតណាម។

​លោក​ទាំងពីរ​បាន​និយាយ​ថា វៀតណាម​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​ស្រុកអាចឆ្លើយតប​បាន​ឆាប់រហ័ស និង​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​ជាង​មុន ដែល​នេះ​បាន​ជួយសម្របសម្រួល​ការងារ​រវាង​មន្រ្តី​ថ្នាក់​កណ្តាល និង​មន្រ្តី​ថ្នាក់​ខេត្ត ខណៈ​ពេល​មាន​ជំងឺ​កូវីដ​១៩។ ជា​ឧទាហរណ៍​ រដ្ឋាភិបាលវៀតណាម​បាន​ចាត់វិធានការ​ពង្រឹង​ឲ្យ​មាន​តម្លាភាព​ជាង​មុន តាមរយៈ​ការ​ផ្សព្វផ្សាយ​លម្អិតនៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំ​ពី​ករណី​កើត​មាន​វីរុស​កូរ៉ូណា និង​បកស្រាយ​ហេតុផល​ដែល​ខ្លួន​មិន​បាន​រាប់​បញ្ចូល​ពី​ការ​ស្លាប់​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​ដោយសារ​អាការៈ​ខូច​ថ្លើម​ ជា​ការ​ស្លាប់​ដោយសារជំងឺ​កូវីដ​១៩។

លោក Nguyen និង​លោក​ Malesky បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​វិភាគ​នៅ​លើ​ទំព័រ​វិភាគ​របស់​វិទ្យាស្ថាន​ Brookings ថា «ក្នុង​ខណៈពេល​ដែល​រិះគន់លើ​ការ​រំលោភបំពាន​ឯកជនភាព និង​កង្វះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ បណ្តាញ​សកម្មជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​វៀតណាម មិន​បាន​លើក​ឡើង​ពី​ការ​ស្លាប់ ឬ​ការ​បំបិទ​ព័ត៌មាន​នោះ​ទេ។ ដូច្នេះ​នៅ​ខណៈ​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​រាប់​មិន​បាន​គ្រប់ជ្រុងជ្រោយ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ការ​បើក​ចំហ​ជា​សាធារណៈ​បាន​ផ្តល់​នូវ​លទ្ធភាព​សម្រាប់​ការ​ពិភាក្សា និង​អនុញ្ញាត​ឲ្យ​មាន​ការកែប្រែ ប្រសិនបើ​ចាំបាច់»។

ទោះ​បី​ជា​វៀតណាម​គ្រប់គ្រងទៅ​លើ​កាសែត និង​អ៊ីនធឺណិត​នៅ​ក្នុង​ស្រុក​ក៏ដោយ មតិសាធារណៈ​គឺ​ផ្អែក​ទៅ​លើ​ការទទួល​បាន​ព័ត៌មាន​ដែល​មាន​ច្រើន​ជាង​នៅប្រទេស​ចិន។

ការបង្ខាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយរដ្ឋាភិបាល​ក្រុងប៉េកាំង រួម​មាន​ការ​ដាក់បម្រាម​មិន​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook គេហទំព័រ Google និង​ប្រភព​ព័ត៌មាន​ដទៃ​ទៀត តែ​ផ្ទុយ​ទៅ​វិញ វៀតណាម​អនុញ្ញាត​ឲ្យ​មាន​ប្រភព​ព័ត៌មាន​ទាំងអស់​នេះ។ ហើយ​មិន​ដូច​វៀតណាម ចិន​បាន​បណ្តេញ​សារព័ត៌មាន​បរទេស​ធំៗ​ចេញពី​ប្រទេសកាល​ពី​ខែ​មីនា ខណៈ​ពេល​មាន​ភាព​ចលាចល​ដោយសារ​ជំងឺ​កូវីដ១៩។

ការ​រឹតត្បិត​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចិន​ដឹង​ឮ​ពី​ការរិះគន់​ផ្សេងៗពី​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ការ​ស្ទង់មតិ​សាធារណៈ លោក David Black ស្ថាបនិកវិទ្យាស្ថាន​ Blackbox បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ពលរដ្ឋ​ចិន​មាន​ការ​ពេញចិត្ត​ខ្លាំង​ ដែល​នេះ​អាច​ដោយសារ​តែ​ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ងើបរើ​ចេញ​ពី​ជំងឺ​កូវីដ១៩ រួច​ទៅ​ហើយ»។

លោក​បាន​ថ្លែង​បន្ត​ថា សម្រាប់​ប្រទេស​ដែល​កំពុង​ជួប​ស្ថានការណ៍​កាន់​តែ​ដុនដាប ការ​ស្ទង់មតិ​នេះ​បង្ហាញ​ពី​ «ការ​ប្រេះស្រាំ​នៃជំនឿទុក​ចិត្ត​នៅ​បស្ចឹម​ប្រទេស»។

ពលរដ្ឋ​ដែល​ត្រូវ​បាន​ស្ទង់មតិ​នៅ​ប្រទេស​នានា​ដូចជា​ សហរដ្ឋ​អាមេរិក បារាំង និង​ជប៉ុន​មាន​ទំនោរក្នុងការ​និយាយ​ថា មេដឹកនាំ​របស់​ពួកគេ​បាន​ឆ្លើយតប​យឺតយ៉ាវ ហើយ​ថា ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​ដែល​រដ្ឋាភិបាល​ប្រទេស​របស់​ខ្លួន​មិន​បាន​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់សម្រាប់​វិបត្តិ​សុខភាព។លោក Calder បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ផ្នែកសារព័ត៌មាន​ឈ្មោះ​ថា The Hub នៅ​សកល​វិទ្យាល័យ​របស់​លោក​ថា ​បស្ចឹម​ប្រទេស​អាច​រៀន​មេរៀន​ពី​អាស៊ី។

មេរៀន​ទាំង​នោះ​រួមមាន ផែនការ​ទំនុកបម្រុងនៅ​ពេល​មានវិបត្តិ​ផ្សេងៗ​ដូចជា ការ​រាតត្បាត​ដោយ​ជំងឺ​ជា​សាកល​ ដែល​ក្នុង​នោះ​អាច​រួម​មាន​ការ​រក្សា​ទុក​គ្រឿង​សម្ភារៈផ្នែក​សុខាភិបាល​ជា​លក្ខណៈ​យុទ្ធសាស្រ្ត និង​ជួយសម្រួល​ប្រព័ន្ធ​ផ្គង់ផ្គង់​នានា៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG