ពលរដ្ឋប្រេស៊ីលភាគច្រើនគាំទ្រឲ្យមានការរឹតបន្តឹងវិធានការដូចជា ការរក្សាគម្លាតពីគ្នាក្នុងសង្គមខ្លាំងជាងមុនដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ នេះបើតាមលទ្ធផលពីការស្ទង់មតិរបស់ក្រុមហ៊ុន Datafolha ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ការរកឃើញនេះបង្ហាញថា សាធារណមតិផ្ទុយនឹងទស្សនៈរបស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលតែងបានវាយប្រហារលើវិធានការដាក់កំហិតឲ្យពលរដ្ឋនៅផ្ទះនិងបិទសកម្មភាពសេដ្ឋកិច្ច ដែលលោកថា វិធានការទាំងនេះប្រៀបបានដូច «ថ្នាំពុល» ដែលសម្លាប់ពលរដ្ឋតាមរយៈភាពអត់ការងារធ្វើនិងភាពអត់ឃ្លានច្រើនជាងចំនួនពលរដ្ឋដែលវីរុសរាតត្បាតសម្លាប់ទៀត។
ការស្ទង់មតិរបស់កាសែតមួយក្នុងទីក្រុង Sao Pauloនេះរកឃើញថា ពលរដ្ឋប្រេស៊ីល៦០%គាំទ្រវិធានការតឹងរ៉ឹងជាងមុន ដោយ៣៧%ប្រឆាំងនឹងការបន្តឹងនេះ ហើយ៣%មិនមានជំហរច្បាស់លាស់។
ប្រទេសប្រេស៊ីលដែលមានសេដ្ឋកិច្ចធំជាងគេនៅអាមេរិកឡាទីន នៅពេលនេះបានក្លាយជាប្រទេសមានករណីឆ្លងកូវីដ១៩ច្រើនជាងគេទី២ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដោយគិតមកត្រឹមថ្ងៃពុធ ប្រេស៊ីលមានអ្នកស្លាប់ពីកូវីដ១៩ជាង២៤.៥០០នាក់ និងអ្នកឆ្លងវីរុសកូរ៉ូណាជាង៣៩០.០០០នាក់ហើយ៕