ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​គម្រោង​លើកស្ទួយ​សេដ្ឋកិច្ច​ ដោយ​ជំរុញអោយ​មាន​ការប្រើប្រាស់ការចំណាយ​ក្នុង​ស្រុក


រូបឯកសារ៖ សមាជិកសភាចិនកំពុងធ្វើកិច្ចប្រជុំមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកសភាចិនកំពុងធ្វើកិច្ចប្រជុំមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​បាន​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ​១៨២ លានលាន​ដុល្លារនៃ​តម្លៃ​ទ្រព្យរួម​ជាតិ​ទាំងមូល​ ក្នុងក្តីសង្ឃឹមថា​ នឹងផ្តល់​ការគាំទ្រ​ដល់កា​រ​លើក​កម្ពស់សេដ្ឋកិច្ច​របស់​ខ្លួនដែល​មាន​ការថយ​ចុះ ដោ​យ​ជំរុញ​ឲ្យមាន​ការ​ប្រើប្រាស់ការ​ចំណាយ​ក្នុង​ស្រុក បន្ទាប់​ពី​ការទប់ស្កាត់បាន​នៃ​ការ​ផ្ទុះ​រីករាលដាល​នៃ​វីរ៉ុសកូរ៉ូណា។​

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណាក៏ដោយ អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក ដែល​ត្រូវ​បាន​ជាប់​គាំង​ដោយ​សារ​តែ​គោល​នយោបាយ​បិទ​ប្រទេស​ និង​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុរបស់​ខ្លួនផង​នោះ​ ប្រហែល​ជា​មិន​អាច​ចេញ​ទៅ​ទិញ​ទំនិញ​ឬឥវ៉ាន់តាម​ហាង​ឲ្យបាន​ព្រោង​ព្រាត​ដូច​មុនទៀតនោះទេ​។ ​

ប្រាក់ចំណូល​ចុះទាប?

លោក Liang Kuo-yuan ​ ប្រធានវិទ្យាស្ថាន​ស្រាវជ្រាវ Polaris ក្នុងទីក្រុងតៃ​ប៉ិបាន​ប្រាប់​វីអូអេ ក្នុងសម្តី​ដើម​ថា «តិច​ឬ​ច្រើន ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​ៗ បាន​ទទួល​រង​ប៉ះ​ពាល់​ដោយ​ជំងឺ​កូវីដ​១៩។ ដូច្នេះ​ក្នុងន័យ​ជា​រួម វានឹង​មិន​មាន​ប្រសិទ្ធភាព​ទេក្នុង​ការជំរុញ​សេដ្ឋកិច្ច​ចិន តាម​រយៈការប្រើប្រាស់​ការចំណាយ​របស់​ប្រជាជន​ក្នុង​ប្រទេស។​

លោក Ning Jizhe អនុប្រធាន​គណៈកម្មាការ​កែទម្រង់និង​អភិវឌ្ឍន៏ជាតិ​របស់ចិន បាន​ថ្លែង​ក្នុង​សនិ្នសិទសារព័ត៌មាន​កាលពីថ្ងៃចន្ទ​ថា ការចំណាយ​ក្នុង​ស្រុក​របស់​ពលរដ្ឋ​ មាន​ការកើន​ឡើងប្រមាណ​៨,៣ ភាគរយក្នុង​អំឡុងពេល​នៃ​ខែ​មីនា​និង​មេសា បើ​ទោះ​បី​ជា​នៅ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​៧,៥ភាគ​រយ បើប្រៀបធៀបរយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​ក៏ដោយ។

លោក Ning លើកឡើង​ថា លោក​សង្ឃឹមថា​ នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើងវិញ​ទាក់ទង​នឹង​រឿង​នេះនៅក្នុង​ខែ​ឧសភា បើ​ទោះ​បី​ជា​គេ​មិនមាន​សញ្ញាណាមួយដែល​ថា ​នឹង​មាន​ការចំណាយរបស់​ពលរដ្ឋ​ទៅ​លើ​អ្វី​ដែល​គេ​មិន​បាន​ទិញ​មុន​ពេល​បិទប្រទេស​កន្លង​មក​ក្តី។ លោកបន្ត​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង បាន​ចាប់​ផ្តើម​វិធានការណ៏​មួយ​ចំនួន ក្នុងការ​ជំរុញឲ្យមាន​ការចំណាយ​ទៅលើ​ផលិតផល​ប្រើប្រាស់​និង​ផ្នែក​សេវាកម្ម។

មន្ត្រីចិនរូបនេះបន្ថែមទៀតថា ប្រទេសចិនក៏បាន​បេ្តជ្ញាផងដែរ​ក្នុង​ការ​ស្ថាបនា​បណ្តាញទូរស័ព្ទ 5G និងការត​ភ្ជាប់ប្រព័ន្ធអិនធឺណិតល្បឿន​លឿន ដើម្បីលើកទឹកចិត្ត​ឲ្យ​មាន​ការធ្វើ​ពាណិជ្ជ​កម្ម​អនឡាញ ក៏ដូចជា​ការ​ចំណាយ​ក្នុង​ការទិញ​ផលិតផល​កសិកម្ម​សរីរាង្គ​ជាដើម។ ​

ការជួយឧបត្ថម្ភផ្នែកសេដ្ឋកិច្ច​

បើតាម​លោក Ning រដ្ឋាភិបាលចិន មាន​គម្រោង​នឹងបញ្ចេញទឹកប្រាក់ប្រមាណ​១៤០ពាន់​លាន​ដុល្លារ​ តាមរយៈការលក់មូល​បត្ររយៈពេល​ខ្លី និងមូល​បត្រ​រដ្ឋាភិបាល​ប្រមាណ៥២៦​ពាន់លានដុល្លារទៀត សម្រាប់កិច្ចសន្យាគង​ម្រោងផ្សេងៗនៃ​រដ្ឋបាល​និងខេត្ត​នានារបស់​ចិន ដើម្បី​ឧបត្ថម្ភគាំទ្រ​ដល់​វិស័យសេដ្ឋកិច្ចនេះ។ ​

ដោយហៅតួលេខសេដ្ឋកិច្ច​របស់ចិន​ថា មាន​ភាព​មិន​ច្បាស់​លាស់ លោក Liang បាននិយាយថា ការ​ចំណាយ​ក្នុង​គ្រួសារ​ប្រចាំថ្ងៃសំរាប់របស់របរចាំបាច់​នឹង​ជួយ​ជំរុញខ្លះៗទៅ​លើការ​ចំណាយការប្រើប្រាស់ក្នុងស្រុក។​

លោក​ក៏បានបញ្ជាក់​ផង​ដែរ​ថា ការចំណាយ​របស់​អ្នកប្រើ​ប្រាស់​លើ​ទំនិញ​ដែល​មាន​តម្លៃថ្លៃៗ ទោះបី​ក្នុង​ចំណោមអ្នកធូរធារក្តី ក៏នឹងមិនមានចំនួន​ច្រើនដែរ។

បើតាម​ការលើក​ឡើង​របស់លោក Liang គឺថា ដោយ​មាន​បន្ទុកបំណុលជាច្រើន ជាពិសេសដែលបិទ​បាំង​នៅក្នុង​វិស័យ​ធនាគារ ដែលមានការ​លាក់​បាំង​នោះ ប្រទេសចិននឹង​មិនមាន​លទ្ធភាពក្នុង​ការ​បង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល​ ដើម្បី​ស្តារសេដ្ឋកិច្ច​របស់​ខ្លួន ដូច​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កាល​ពី​មាន​វិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨នោះ​ទេ។

ដោយឡែក​លោក Liao Qun អ្នកសេដ្ឋវិទូ​នៃ​ធនាគារ CITIC International Ltd ដែលមាន​ស្នាក់ការក្នុងក្រុង​ហុងកុង បានលើកឡើងថា លោក​មិនឯកភាពជាមួយហេតុផលដែលថា ប្រទេសចិន​កំពុងមាន​បំណុល​វ័ន្ត​កនោះឡើយ​។

តែ​លោក​ឯកភាពថា ​ទោះបីជាអត្រា​អ្នក​សន្សំប្រាក់​មាន​ចំនួន​ច្រើន​ក្តី ការចំណាយរបស់​អ្នកប្រើប្រាស់​នឹង​មិន​កើន​ឡើង​មុន​ពេល​ដែល​គោលនយោបាយ​បិទ​ប្រទេស​ ត្រូវ​បាន​គេ​ដកចេញ​ទាំងស្រុង​នោះ​ទេ។ លោកថា​ ទំហំ​ប្រាក់​បំណុល​របស់​ចិន គឺស្ថិតនៅក្រោម ៦០ភាគរយ​នៃផលិត​ផល​សរុប​ក្នុង​ស្រុក​ទាំងមូល​របស់​ប្រទេសនេះ។

ការកើន​ឡើង​នៃ​ចំណាយ​លើ​ការប្រើប្រាស់​

លោក Liao ​ថា ការចំណាយ​លើការប្រើប្រាស់​ក្នុងស្រុក​ មាន​ប្រមាណ៥៥ភាគរយ នៃ​ផលិត​ផលសរុប​ក្នុង​ស្រុករបស់​ចិន ជាមួយនឹង​ចំណាយ​ជាលក្ខណៈឯកជន​មាន​ប្រមាណ​៤០​ភាគរយ ហើយ​សល់​ប៉ុន្មាន​ជា​ចំណាយរបស់​រដ្ឋាភិបាល ។ លោកថាសក្តានុពល​ដែល​កើតមាន​សំរាប់ការចំណាយ​ការប្រើប្រាស់​ក្នុងស្រុកនឹង​កើន​ឡើង ប្រសិន​បើប្រាក់ចំណូល​ពី​សេដ្ឋកិច្ចនៃរោងចក្រផលិត​នៅតែ​រឹងមាំនោះ។

សេដ្ឋវិទូ​មិនចុះសម្រុងគ្នាទាក់ទង​និងរឿងថា​តើ​សេដ្ឋកិច្ច​របស់​ចិន អាច​ទប់​ទល់​ជាមួយ​ការ​ធ្លាក់​ចុះដោយសារវីរ៉ុស​កូរ៉ូណាដែរឬទេ។​ សំណួរនេះ​បានកើត​មាន​ឡើង​ បន្ទាប់​ពី​នាយករដ្ឋមន្រ្តីចិន​លោក Li Keqiang ខកខាន​មិនបាន​ដាក់ចេញនូវទិសដៅ​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋ​កិច្ចក្នុងឆ្មាំ២០២០ នៅពេល​ដែល​លោកថ្លែងសុន្ទកថានៅចំពោះមុខ​សន្និបាត​សភាប្រជាជាតិចិន​ដែលបាន​ពន្យារពេល​បើក​កិច្ចប្រជុំរបស់ខ្លួន​ដែល​ត្រូវ​បាន​ពន្យារអស់រយៈពេលយ៉ាងយូរកាលពីថ្ងៃពីថ្ងៃសុក្រ។ កាលពីឆ្នាំ២០០២ ប្រទេសចិន​ខកខានមិន​បាន​ដាក់ចេញ​នូវ​ទិស​ដៅ​សេដ្ឋកិច្ចរបស់ខ្លួនម្តង​រួច​ហើយ​។​

មុនពេលដែល​សេដ្ឋកិច្ចរបស់​ចិនធ្លាក់ចុះប្រមាណ​៦,៨ ភាគរយក្នុងត្រីមាសទី១កាល​ពីមួយ​ឆ្នាំមុន ថ្នាក់ដឹកនាំកុម្មុយនីស្ត ដែល​ជារឿយៗពឹងផ្អែកលើកំណើនសេដ្ឋកិច្ចសម្រាប់ការគ្រប់គ្រង​ស្របច្បាប់របស់ខ្លួននោះ បាន​ប៉ាន់ប្រមាណថា​ សេដ្ឋកិច្ចរបស់ចិន​នឹងមាន​សន្ទុះកើនឡើងប្រមាណ​៥,៦ ភាគរយក្នុងឆ្នាំនេះ។

លោក Liang និយាយថា ទស្សនៈវិស័យទាក់ទងសេដ្ឋកិច្ច​របស់ចិន មិនទាន់​មាន​ភាព​ប្រាកដនិយម​នៅ​ឡើយទេ ដោយ​អាជ្ញាធរបស់ចិន​បានលើក​ឡើង​ខុសៗគ្នា។

ការងើបឡើង​សេដ្ឋកិច្ចចិនចុះ​ឡើងដែល​មាន​រាង​អក្សរ​ W

បើតាម​ការ​បញ្ជាក់របស់​លោក Liang ប្រសិន​បើមាន​ការ​ងើប​ត្រឡប់​មកវិញនូវ​សេដ្ឋកិច្ចរបស់ចិននោះ យ៉ាងច្រើនបំផុតភាពប្រសើរនោះក៏មានរាងជា​អក្ស W ដែរ ដែលនេះ​មានន័យថា សេដ្ឋកិច្ច​របស់​ចិនធ្លាក់ចុះ មុនពេល​ដែល​ងើប​ប្រសើរឡើងវិញទាំងស្រុង។

ទន្ទឹមគ្នានេះ​ដែរ ប្រទេស​ចិននៅមាន​បញ្ហា​ប្រឈម​ជាច្រើនផងដែរ ក្នុងការសង្គ្រោះសេដ្ឋកិច្ចរបស់​ខ្លួន​ឲ្យ​ចេញផុត​ពី​ការ​រាត​ត្បាតជំងឺកូវីដ​១៩ ជាសកលនោះ។ អ្នកតាម​ដាន​ប្រទេស​ចិនបាន​លើក​ឡើងថា អារម្មណ៏ប្រឆាំងចិន​ដែល​មាន​សន្ទុះកើនឡើង និង​បញ្ហា​ផ្សេងៗទៀត អាចជំរុញ​ឲ្យ​រដ្ឋាភិបាលរបស់​ប្រទេសខ្លះ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើកទី​ក្រុង​ប៉េ​កាំង​ត​ទៅ​ទៀត​ ដោយ​បាន​បង្ខំចិត្ត​ចាក​ចេញ​ពី​ទីផ្សារ​របស់​ចិនយ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

តែទោះជាយ៉ាងនេះ​ក្តី លោក Liao ថា លោក​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា និន្នាការ​នៃ​ការផ្លាស់​ទី​តាំង​របស់​ក្រុមហ៊ុន​ជំនួញ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មូលដ្ឋាន​គ្រឺៈនៃ​សេដ្ឋកិច្ចរបស់​ចិននោះ។ លោកថា និន្នាការនេះ​បាន​កើតមាន​រួច​ហើយ តាំង​ពី​១០ឆ្នាំមុន​ម្ល៉េះនៅពេលដែលក្រុម​ហ៊ុនជំនួញ​បរទេសមួយចំនួន បានដកទីតំាំងជំនួញរបស់ខ្លួន​ចេញ​ពី​ប្រទេស​ចិន ទៅកាន់​ប្រទេសអាស៊ី​ជិត​ខាង​ ដែល​មាន​តម្លៃ​ពលកម្មនិង​តម្លៃ​ដី​ទាប​ជាង។

ក្នុងរយៈពេលដូចគ្នានេះ​ដែរ គឺ​ការ​នាំចេញ​របស់​ចិនបាន​បន្ត​ការរីកលូតលាស់។ លោក Liao ថា​ការ​នាំចេញរបស់​ចិន​នៅ​ពេលនោះ ​មាន​ចំនួន​ប្រមាណ​១៣ភាគរយ នៃចំនួន​ការនាំចេញសរុប​របស់ពិភពលោកក្នុង​ឆ្នាំ២០១៩ ដែល​ចំនួន​នេះ​កើន​ប្រមាណ​៩ភាគរយ កាល​ពី​១០​ឆ្នាំមុន។

លោក Liao បាន​ថ្លែងក្នុង​សម្តីដើមថា «​ប្រសិនបើនេះ​ជាការគិត​គូរនយោបាយ​នោះ មនុស្ស​គ្រប់គ្នានឹង​រងគ្រោះ តាម​ទស្សនៈសេដ្ឋកិច្ច។ គ្មាននរណាម្នាក់​ដឹង​ដោយ​ច្បាស់ទេ​ថា តើ​ជំហរនយោបាយមួយនេះ​ នឹង​ត្រូវ​គេ​ប្រកាន់យកឬយ៉ាងណានោះ។ ប៉ុន្តែ​បើ​និយាយ​ពី​ការប្រកួត​ប្រជែង​ក្នុង​ន័យសេដ្ឋកិច្ចវិញ ឧស្សហកម្មនៅ​ក្នុង​ប្រទេសចិន​ នៅ​តែ​មានតម្លៃថោក ដែល​ជា​វិធី​ទាក់​ទាញ​និងមាន​ប្រសិទ្ធភាព​ចំពោះ​វិនិយោគិន​បរទេស»​ ​។ ​

​ប្រែសម្រួលដោយ​លោក ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG