ជាលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលរបាយការណ៍រដ្ឋាភិបាលប្រចាំឆ្នាំរបស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang មិនបាននិយាយរំលឹកពីផលិតផលធ្វើនៅក្នុងប្រទេសចិនឆ្នាំ២០២៥ ឬ Made in China 2025 ដែលជាផែនការដ៏ធំមួយរបស់ប្រទេស ដើម្បីសម្រេចឧត្តមភាពខាងបច្ចេកវិទ្យាជាន់ខ្ពស់។ អ្នកវិភាគកំពុងចោទសួរថា តើរដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើការផ្លាស់ប្តូរផែនការនេះទាំងស្រុង ឬរក្សាវាឲ្យនៅស្ងាត់ស្ងៀមនៅខាងក្រោយឆាក។
ផលិតផលធ្វើនៅក្នុងប្រទេសចិន ឆ្នាំ២០២៥ ឬ Made in China 2025 បានពឹងផ្អែកយ៉ាងខ្លាំងលើការជួយឧបត្ថម្ភប្រាក់របស់រដ្ឋាភិបាលដល់ក្រុមហ៊ុនចិននានា ហើយនិងសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានបច្ចេកវិទ្យាថ្មីសម្រាប់វិស័យចំនួន១០ផ្សេងៗគ្នាដូចជា រថយន្តប្រើអគ្គិសនី ជីវវេជ្ជសាស្រ្ត បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី រូបយន្តជឿនលឿននិងបញ្ញានិម្មិត។
ផែនការនេះជាផ្នែកមួយនៃគោលនយោបាយឧស្សាហកម្មដ៏ធំទូលាយរបស់ចិនដែលបានចែងក្នុងផែនការ៥ឆ្នាំលើកទី១៣ ដែលលាតត្រដាងគោលដៅរបស់រដ្ឋាភិបាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ ទោះជាយ៉ាងណាក៏ដោយ ផែនការនោះក៏បានបង្កើននូវការព្រួយកង្វល់ពីព្រោះតែការប្រើការផ្ទេរបច្ចេកវិទ្យាដោយការបង្ខំរបស់ចិននិងការដៅជាក់លាក់ដើម្បីចាប់យកភាគហ៊ុនទីផ្សារនៅកំណត់ឆ្នាំ២០២៥។
នេះចំណុចសំខាន់នៃលើការពិភាក្សារវាងពួកអ្នកចរចាសហរដ្ឋអាមេរិកនិងចិន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទាមទារឲ្យបញ្ចប់ការជួយឧបត្ថម្ភប្រាក់ដល់ក្រុមហ៊ុនក្នុងស្រុកនៅក្រោមផែនការនោះ។ សហរដ្ឋអាមេរិកក៏ចង់ឲ្យចិនបញ្ចប់ការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវដែលរួមមានការផ្ទេរបច្ចេកវិទ្យាដោយការបង្ខំមកពីក្រុមហ៊ុនបរទេស។
ផ្នែកដ៏សំខាន់មួយនៃបច្ចេកវិទ្យា ដែលត្រូវប្រើនៅក្នុងប្រទេសចិននៅក្នុងវិស័យចំនួន១០មានប្រភពមកពីបរទេស។
ក៏ប៉ុន្តែ រដ្ឋាភិបាលនៅពេលឥឡូវនេះ កំពុងកែប្រែច្បាប់ដែលនឹងទុកឲ្យក្រុមហ៊ុនចិនស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ រដ្ឋាភិបាលក៏ត្រូវគេរំពឹងនឹងកាត់បន្ថយការជួយឧបត្ថម្ភប្រាក់ដល់ក្រុមហ៊ុននានា ដើម្បីជម្នះការជំទាស់ប្រឆាំងដែលត្រូវបានលើកឡើងដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម។
ច្បាប់ថ្មី និងការផ្លាស់ប្តូរគោលនយោបាយដែលរដ្ឋាភិបាលនឹងបង្ហាញក្នុងអំឡុងនៃសម័យប្រជុំរបស់អង្គការនិតិបញ្ញតិ្តចិន ឬសមាជជាតិរបស់ប្រជាជន នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ខ្លួនដើម្បីទទួលបានបច្ចេកវិទ្យាបរទេស។
លោកស្រី Lourdes Casanova នាយិកានៅឯវិទ្យាស្ថានទីផ្សាររបស់ប្រទេសមានសេដ្ឋកិច្ចងើបឡើងនៃសាកលវិទ្យាល័យ Cornell បាននិយាយថា៖ «ចិន នឹងរងផលប៉ះពាល់រយៈពេលខ្លី ក៏ប៉ុន្តែក្នុងរយៈពេលមធ្យម ចិនហាក់ដូចជាមិនមានបញ្ហា»។
ភាគច្រើន ក្រុមហ៊ុនចិនបានប្រើប្រាស់មធ្យោបាយ៣ដើម្បីទទួលបានបច្ចេកវិទ្យាគឺ៖ ការប្រើការខ្ចីគំនិតឬលួចគំនិត ការផ្ទេរបច្ចេកវិទ្យាដោយការបង្ខំពីដៃគូបរទេសនិងការទិញក្រុមហ៊ុនបរទេស។
ការទទួលបានបច្ចេកវិទ្យាដោយក្រុមហ៊ុនចិន ឥឡូវនេះ បានក្លាយជាបញ្ហា ពីព្រោះតែការកើនឡើងនូវការប្រយ័ត្នប្រយែងហើយនិងច្បាប់កាលពីពេលថ្មីៗនេះនៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
អ្នកវិភាគខ្លះជឿថា មានភាពចន្លោះប្រហោងក្នុងផែនការឆ្នាំ២០២៥ ហើយរដ្ឋាភិបាល បានគិតឡើងវិញនៅពេលឥឡូវនេះ។
លោក Mats Harborn ប្រធានសភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្នុងប្រទេសចិន បានប្រាប់ VOA ថា៖ «ផែនការដើមឆ្នាំ២០២៥ មានលក្ខណៈជាតិនិយមខ្លាំងពេកហើយនឹងមានការបញ្ជាមកពីលើ។ វាជាការខ្ជះខ្ជាយពេលវេលា»។
លោកនិយាយថា៖ «ពួកមេដឹកនាំរដ្ឋាភិបាលបានគិតថា បច្ចេកវិទ្យាត្រូវតែគ្រប់គ្រងដោយក្រុមហ៊ុនចិន។ ពួកគេគិតថា ខ្លួនអាចធ្វើការងារនេះដោយខ្លួនឯង»។
លោក Harborn និយាយទៀតថា៖ «មានការផ្លាស់ប្តូរ ឬភាពចាស់ទុំក្នុងការយោគយល់នេះ។ មានការយល់ដឹងថា ចិន មិនអាចធ្វើអ្វីទាំងអស់ដោយខ្លួនឯងទេ។ ចិនត្រូវបញ្ចូលប្រព័ន្ធអន្តរជាតិឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
ព័ត៌មានថ្មីដែលលេចចេញឡើងនៅពេលឥឡូវនេះប្រាប់ឲ្យដឹងថា មានការទាស់ទែងគ្នានៅក្នុងរដ្ឋាភិបាលអំពីភាពសាកសមនៃផែនការដ៏ធំហួសហេតុនេះ។
លោក Lou Jiwei រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិននៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦ បាននិយាយនៅខាងក្រៅជំនួបអង្គការនីតិបញ្ញត្តិក្នុងក្រុងប៉េកាំងថា៖ «យុទ្ធសាស្រ្តនេះមិនត្រូវធ្វើតាមរបៀបនេះទេ។ ខ្ញុំបានប្រឆាំងចាប់តាំងពីការចាប់ផ្តើមមកម៉្លេះ ខ្ញុំមិនយល់ស្របជាមួយយុទ្ធសាស្រ្តនេះទេ»។
អ្នកតាក់តែងគោលនយោបាយផ្សេងទៀតបានប្រាប់ VOA ថា រដ្ឋាភិបាលកំពុងធ្វើការកែសម្រួលស្របទៅតាមមតិសាធារណៈ។
លោក Tang Nong ជាប្រតិភូសមាជជាតិរបស់ប្រជាជនឬ (NPC) មកពីតំបន់ស្វយ័ត Guangxi បាននិយាយថា៖ «ការផ្តោតកាន់តែតិចទៅលើផលិតផលធ្វើនៅក្នុងប្រទេសចិននៅឆ្នាំ២០២៥ ឬ Made in China 2025 ឆ្លុះបញ្ចាំងពីរបៀបដោះស្រាយសមហេតុដោយរដ្ឋាភិបាលដើម្បីកាត់បន្ថយឧបសគ្គ ការតវ៉ាប្រឆាំង និងប្រតិកម្មមិនសំខាន់ដើម្បីធ្វើឲ្យជឿនលឿនទៅមុខក្នុងទិសដៅវិជ្ជមាន»។
លោក Sun Xianzhong ជាប្រតិភូសមាជជាតិរបស់ប្រជាជនឬ (NPC) និងជាសាស្រ្តាចារ្យច្បាប់អន្តរជាតិនៅឯបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមរបស់ចិន បានសួរថា៖ «រដ្ឋាភិបាលកំពុងធ្វើឲ្យជឿនលឿនទៅតាមផែនការ ៥ឆ្នាំលើកទី១៣។ តើផលិតផលធ្វើនៅក្នុងប្រទេសចិនឆ្នាំ២០២៥ ជាផែនការឬជាគម្រោងដ៏ធំមួយ?»។
អ្នកវិភាគ ជឿជាក់ថា រដ្ឋាភិបាលអាចកែប្រែនិងធ្វើផែនការនោះឡើងវិញ ក៏ប៉ុន្តែ ការណ៍នេះ មិនទំនងបង្អន់ការខំប្រឹងប្រែងរបស់ខ្លួនទេ។
លោក Duncan Innes-Ker នាយកទទួលបន្ទុកតំបន់អាស៊ីនៅឯអង្គការស៊ើបការណ៍សេដ្ឋកិច្ច បាននិយាយថា៖ «រដ្ឋាភិបាលនៅតែតាំងចិត្តធ្វើឲ្យសេដ្ឋកិច្ចរបស់ចិនរីកចម្រើនហើយនឹងបន្តប្រើគោលនយោបាយឧស្សាហកម្មផ្សេងៗដើម្បីធ្វើឲ្យសម្រេចគោលដៅនេះ»។
លោក Harborn ជឿជាក់ថា រដ្ឋាភិបាល នឹងផ្លាស់ប្តូរគំនិតពីការទទួលបានបច្ចេកវិទ្យាថ្មីទៅស្រូបយកបច្ចេកវិទ្យាទាំងនោះនៅក្នុងផ្នែកឧស្សាហកម្ម។
លោកនិយាយទៀតថា៖ «នេះជាព្រឹត្តិការណ៍ដ៏រន្ធត់មួយ។ ការផ្តោតការយកចិត្តទុកដាក់ថ្មី គឺការបញ្ចូលបច្ចេកវិទ្យាដ៏ល្អបំផុតហើយនឹងបង្កើតផលិតផលឬសេវាកម្មផ្តាច់ព្រាត់ដ៏ល្អបំផុត»។
ក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋនៅក្នុងប្រទេសចិនអាចមានភាពប្រសើរឡើង ប្រសិនបើ ផែនការឆ្នាំ២០២៥ បានត្រូវកែប្រែ ពីព្រោះតែការផ្តោតការយកចិត្តទុកដាក់របស់ពួកគេកាន់តែច្រើនឡើងលើប្រាក់ចំណូលជាងប្រាក់ចំណេញ។
លោកស្រី Casanova នាយិកានៅឯវិទ្យាស្ថានទីផ្សាររបស់ប្រទេសមានសេដ្ឋកិច្ចងើបឡើងនៃសាកលវិទ្យាល័យ Cornell បាននិយាយទៀតថា៖ «ចំពោះក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋ ប្រាក់ចំណេញនឹងធ្លាក់ចុះដោយបង្កើនប្រាក់ចំណូលឬការងារ ដូច្នេះ តើអ្វីជាបញ្ហា?។ ការណ៍នេះ មិនជាអ្វីទេ។ ប្រាក់ចំណេញបានតិច ហើយវាមិនមែនជាការពិចារណាសំខាន់ទេ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន