ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​ចាប់អារម្មណ៍​ជំនួញ​នាំ​ចេញ​សត្វ​លា​អូស្ត្រាលី


(រូបភាព​ឯកសារ) ក្មេង​ប្រុសៗ​ប៉ាឡេស្ទីន​លាង​សត្វ​លា​នៅ​ក្នុង​សមុទ្រ នៅ​ក្នុង​ក្រុង Gaza City កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
(រូបភាព​ឯកសារ) ក្មេង​ប្រុសៗ​ប៉ាឡេស្ទីន​លាង​សត្វ​លា​នៅ​ក្នុង​សមុទ្រ នៅ​ក្នុង​ក្រុង Gaza City កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។

អាជ្ញាធរ​ដែនដី​ភាគ​ខាងជើង​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា​ មាន​ក្រុមហ៊ុន​ចិន​ជិត​៥០ក្រុមហ៊ុន​បាន​ទាក់ទង​រក​ទិញ​ដី​ដើម្បី​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​សត្វលា។ ដោយ​សារ​មាន​តម្រូវការ​ផលិតផល​ពី​សត្វលា​នៅក្នុង​ទីផ្សារ​ ជាពិសេស​គឺ​ប្រូតេអ៊ីន​ចម្រាញ់​ពី​ស្បែក​សត្វលា​ដែល​កំពុង​ពេញនិយម​នៅ​ប្រទេស​ចិន​ ខណៈ​ដែល​ការ​ផ្តត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​សកលលោក​កំពុង​ធ្លាក់ចុះ។ ​

អាជ្ញាធរ​ដែនដី​ភាគខាងជើង​ប្រទេស​អូស្តា្រលី​បាន​ទិញ​សត្វលា​ព្រៃ​មួយហ្វូង​ដាក់​នៅ​ក្នុង​ស្ថានីយ៍​ស្រាវជ្រាវ​មួយ​នៅ​ជិត​ទីក្រុង Katherine ​ដែល​ជា​ទីក្រុង​ដាច់​ស្រយាល​មួយ។ កាល​ពី​ដើមខែ​នេះ​ប្រតិភូ​អ្នកជំនួញ​ចិន​បាន​ធ្វើ​ទស្សនកិច្ច​នៅស្ថានីយ៍​ស្រាវជ្រាវ​នេះ​ហើយ​ក្រុមហ៊ុន​ចិន​ចំនួន៥០ក្រុមហ៊ុន​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ដី​ដើម្បី​ធ្វើ​ជា​កសិដ្ឋាន​ចិញ្ចឹម​សត្វលា។

មាន​ការ​ប៉ាន់ស្មាន​ថា​ សត្វលា​ព្រៃ​ជិត​៦ម៉ឺនក្បាល​នៅក្នុង​ដែនដី​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី។ សត្វលា​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រទេសអូស្រា្តលី​ពី​តំបន់អាហ្វ្រិក​ យក​ទៅ​ ដឹកជញ្ជូន​សម្ភារៈ​កាល​ពី​ទសវត្សរ៍១៨៦០ ហើយ​សត្វលា​ជាច្រើន​ត្រូវ​បាន​គេ​ព្រលែង​ចោលនៅ​ពេល​គេ​លែង​ត្រូវ​ការ​ពួក​វា​ទៀត។ ជា​ច្រើនឆ្នាំ​មក​នេះ​សត្វ​លាព្រៃត្រូវ​បាន​ពួក​កសិករ​ចាត់​ទុក​ជា​សត្វ​ចង្រៃ។ សត្វ​លាព្រៃ​ទាំងនេះ​ជា​ប្រភេទ​សត្វ​បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​ ធ្វើ​ឲ្យ​ស្មៅ​ដុះរាលដាល​ និង​ដណ្តើម​អាហារ​និង​ទឹក​ពី​សត្វគោ​ក្នុង​ស្រុក។

ឥឡូវ​នេះ​ពួក​អាជ្ញាធរ​ជឿ​ថា​សត្វលា​ព្រៃ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជា​ច្រើន។

លោក Alister Trier ប្រធាន​នាយកដ្ឋាន​ឧស្សហកម្មចម្បង​នៃ​ដែនដី​ភាគខាងជើង ជឿ​ថា​ពាណិជ្ជកម្ម​សត្វលា​គឺ​ជា​ជំនួញ​ដ៏​ល្អ​ទៅ​ថ្ងៃអនាគត។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ឧស្សាហកម្ម​នេះ​នឹង​រីកចម្រើន​ ប៉ុន្តែ​វា​នឹង​មិន​ជំនួស​ឲ្យ​ឧស្សាហកម្ម​សត្វ​គោ​នោះ​ទេ។ ខ្ញុំ​មិន​គិតថា​វា​នឹង​កើត​ឡើង​ទេ។ អ្វី​ដែល​នឹង​កើតឡើង​គឺ​ថា​ជំនួញ​សត្វលា​នឹង​បន្ថែម​ឱកាស​ក្នុង​ការ​ប្រើប្រាស់​ដី​វាលស្មៅ​ និង​ដី​របស់​ពួក​ជនជាតិ​ដើម​នៅក្នុង​ដែនដី​ភាគខាងជើង​ប្រទេសអូស្រា្តលី»។

នៅ​ប្រទេសចិន​ គេ​យក​ស្បែក​សត្វលា​ទៅ​ស្ងោរ​ចម្រាញ់​ធ្វើ​ជា​ប្រូតេអ៊ីន​ សម្រាប់ធ្វើ​ជា​ថ្នាំ​ចិន​សែន​ និង​គ្រឿង​សម្អាង។
ក្រុម​ធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិ​របស់​សត្វ​កំពុង​ដាក់​សម្ពាធ​ពួក​អាជ្ញាធរ​កុំ​អនុញ្ញាត​ឲ្យ​

នាំ​ចេញ​សត្វលា​ទៅ​ប្រទេសចិន​ ដោយ​ពួកគេ​អះអាង​ថា​ការ​ដឹកជញ្ជូន​មាន​សភាព​ព្រៃផ្សៃ​ និង​មិន​អាច​ទទួល​យក​បាន។

ពួកសកម្មជន​ក៏​ទាមទារ​ថា​សត្វលា​មាន​ជំងឺ​នៅពេល​គេ​ដាក់​វា​នៅ​ក្នុង​ហ្វូង​ដ៏​ច្រើន។
អង្គការ Royal Society សម្រាប់​ទប់ស្កាត់​អំពើ​ឃោរឃៅ​ទៅ​លើ​សត្វ​ នៅក្នុង​ប្រទេស អូស្ត្រាលី​ចង់​បញ្ឈប់​ការ​ជួញដូរ​សត្វលា​ទាំងអស់​ ដោយសារ​ពួក​គេ​បារម្ភ​ថា​ សត្វ​ទាំងនោះ​នឹង​ត្រូវ​គេ​បក​យក​ស្បែក​ទាំង​រស់​និង​រង​អំពើ​ព្រៃផ្សៃ​ផ្សេងៗ​ទៀត៕

ប្រែសម្រួលដោយស៊ូ ពេជ្រចិន្តា

XS
SM
MD
LG