ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិចិន​តៃវ៉ាន​ ​និង​ខ្មែរ​៤​នាក់ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរគ្រឿងញៀន


រូបឯកសារ៖ មន្ត្រីកម្ពុជាដុតគ្រឿងញៀន នៅភ្នំពេញ​ កាលពីថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០១៧។
រូបឯកសារ៖ មន្ត្រីកម្ពុជាដុតគ្រឿងញៀន នៅភ្នំពេញ​ កាលពីថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០១៧។

ក្រុម​កែច្នៃ​គ្រឿងញៀន​ទាំង​៤​នាក់​ ​ត្រូវបាន​បង្ក្រាប​នៅ​ថ្ងៃទី៧​ ​ខែ​មេសា ឆ្នាំ​២០១៨​ ​ជាមួយ​ថ្នាំញៀន​ប្រភេទ​​ផ្សេងៗ​ជិត​២៧​គីឡូក្រាម​ ​នៅ​៣​គោលដៅ​ផ្សេង​គ្នា​ ​ក្នុង​នោះ​២​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ ​និង​មួយ​ទីតាំង​ទៀត​ក្នុង​ខណ្ឌ​ចំការមន។

ជន​ជាតិ​ចិន​តៃវ៉ាន់​២នាក់​និង​ជនជាតិខ្មែរ២​នាក់​ទៀត​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ ​និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ​ពីបទ​ជួញដូរ​គ្រឿងញៀន​ ​ក្រោយ​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ជន​ទាំង​នេះ​ជាមួយ​គ្រឿង​ញៀន​កែច្នៃ​ជិត​២៧​គីឡូ​ក្រាម។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​សៀង សុខ​ ​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក​ ​សៀង សុខ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ​លោក​បាន​ចោទ​ប្រកាន់​ ​និង​បញ្ជូនជន​ជាតិ​ចិន​តៃវ៉ាន់​ និង​ខ្មែរ​៤​នាក់​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៧ ​ខែមេសា​នេះ​ ​ទៅ​ចៅក្រម​ដើម្បី​ស៊ើប​សួរ​បន្ត​ តាម​មាត្រា​៤០ ​នៃ​ច្បាប់​ស្តីពី​គ្រឿងញៀន។​

ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រូបនេះ​បញ្ជាក់​ថា៖

​«មាត្រា​៤០​ ​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​អំពើជួញដូរ​គ្រឿង​ញៀន​ដោយ​ខុសច្បាប់។​ ​អា​នេះ​វា​អាស្រ័យលើ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​រួច ទៅ​លើ​ការផ្តន្ទាទោស​ហ្នឹង គឺ​លើ​សារធាតុ​សុទ្ធ»។​

ក្រោយ​ការចាប់ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ និង​ជនជាតិ​ខ្មែរ​ទាំង​៤​នាក់​នោះ​ ​កាលពី​ថ្ងៃទី​៧ ខែ​មេសា​ ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ។​

លោក​ ​ឡឹក វណ្ណៈ​ ​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា​ ​ក្រុម​កែច្នៃ​គ្រឿងញៀន​ទាំង​៤​នាក់​ ​ត្រូវបាន​បង្ក្រាប​នៅ​ថ្ងៃទី៧​ ​ខែ​មេសា ឆ្នាំ​២០១៨​ ​ជាមួយ​ថ្នាំញៀន​ប្រភេទផ្សេងៗ​ជិត​២៧​គីឡូក្រាម​ ​នៅ​៣​គោលដៅ​ផ្សេង​គ្នា​ ​ក្នុង​នោះ​២​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ ​និង​មួយ​ទីតាំង​ទៀត​ក្នុង​ខណ្ឌ​ចំការមន។​ ​

លោក​ថា​ ​ក្នុង​ការបង្រ្កាប​គ្រឿង​ញៀន​ជិត​២៧​គីឡូ​ក្រាម​នោះ​ ​សមត្ថកិច្ចរឹបអូស​គ្រឿងញៀន​ប្រភេទ​ម៉ាទឹកកក​ ​ទម្ងន់​ជាង​១៨​គីឡូក្រាម​ ​ហេរ៉ូអ៊ីន​ទម្ងន់​ជាង​២០០​ក្រាម និង​កេតាមីន​ទម្ងន់​ជិត​៩​គីឡូក្រាម។​

លោក​បញ្ជាក់​ថា៖

«នៅ​កម្ពុជា​ហ្នឹង​មិនទាន់​មាន​ទីតាំង​ផលិត​គ្រឿងញៀន​ទេ។​ ​អញ្ចឹង​គ្រឿងញៀន​នេះ​វា​នាំ​ចូល​មក​ពី​ខាង​ឡាវ​ ​ប៉ុន្តែ​គ្រាន់តែ​ថា​មក​ដល់​ស្រុកខ្មែរ​ហើយ​ ​វាអាច​កៃច្នៃ​បង្កើន​គុណភាព​ ​ឬ​បន្ថយ​គុណភាព​ប៉ុណ្ណឹង​ទេ ហើយ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ ​ហើយ​និង​ប្រើប្រាស់​ក្នុង​ស្រុក​មួយ​ចំនួន​តូច»។​

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រយៈពេល​៤​ខែ គិត​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ដល់​ថ្ងៃទី​១១​ ​ខែ​មេសា​ ​ឆ្នាំ​២០១៨​ ​សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​២ពាន់​ករណី​ ​ដោយ​ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួនជាង​៤ពាន់​នាក់​ និង​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទបានចំនួន​៦៤​គីឡូក្រាម​ ​និង​២៥៦​កញ្ចប់​ ហើយ​និង​កញ្ឆា​ក្រៀមចំនួន​២២​គីឡូក្រាម។​

បើតាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៧​ ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨ពាន់​ករណី។​ ​ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជិត​១ម៉ឺន ​៨ពាន់​នាក់​ ​ចាប់​យក​គ្រឿង​ញៀន​សរុប​ចំនួន​ជិត​៣០០​គីឡូ​ក្រាម​ និង​មាន​អ្នកប្រើ​ប្រាស់​សរុប​ចំនួន​ជាង​១ម៉ឺន​៤ពាន់​នាក់៕

XS
SM
MD
LG