ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​កោះ​តៃវ៉ាន់​នឹង​ធ្វើ​អ្វី​ប្រសិនបើ​ចិន​ឈ្លានពាន​នោះ?


រូបឯកសារ៖ ទង់ជាតិចិន និងទង់ជាតិតៃវ៉ាន់ ត្រូវបានដាក់បង្ហាញជាមួយយន្តហោះយោធា នៅក្នុងរូបភាពនេះ ថតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ ទង់ជាតិចិន និងទង់ជាតិតៃវ៉ាន់ ត្រូវបានដាក់បង្ហាញជាមួយយន្តហោះយោធា នៅក្នុងរូបភាពនេះ ថតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ (Reuters)

ការ​ហោះឆ្លង​កាត់​របស់​យន្តហោះ​យោធា និង​ការចរចាតឹង​សរសៃក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ធ្វើឲ្យ​ជម្លោះដែល​អាច​កើត​ឡើង​នៅកោះ​តៃវ៉ាន់​ហាក់​ដូចជា​កាន់តែ​អាច​កើត​ឡើង​ពិតប្រាកដ​មែន​ក្នុង​អំឡុង​ពេលមួយ​ខែចុង​ក្រោយ​នេះ។ នេះ​ជា​ការពិត​សម្រាប់​លោក Chen Yi-guang ជា​អ្នក​ជំនាញ​ផ្នែកហិរញ្ញវត្ដុ​ចូល​និវត្តន៍។

លោក Chen Yi-guang ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​និង​ក្រុម​គ្រួសារ​របស់​លោក បាន​ស្តុក​ទុក​ចំណី​អាហារ​និង​ទឹក​យ៉ាង​ច្រើន។ លោក​បាន​និយាយ​ថា ពួកគេ​អាច​រត់​គេច​ខ្លួន ប្រសិន​បើ​មាន​ការវាយ​ប្រហារ ក៏ប៉ុន្តែជើង​ហោះហើរ​អាច​ត្រូវ​លុប​ចោល​ទាំង​អស់។ លោក Chen អាយុ​ ៥២ឆ្នាំ និយាយ​ថា «ជានិច្ច​ជាកាល​លទ្ធភាព​នៃ​ការ​ឈ្លានពាន​អាច​កើតឡើង​»។

ការ​គេច​ខ្លួន​ការនៅ​រស់រាន​មាន​ជីវិត​និង​ការងើប​បះបោរ​ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ស្ថិត​នៅ​ក្នុង​ចំណោមគម្រោង​ដែល​ត្រូវ​បាន​គេ​នឹក​ស្រមៃ​ទុក​ជាមុន​ប្រសិន​បើការ​ឈ្លានពាន​របស់​ចិនកើតឡើង​ភ្លាមៗហើយ​ធ្វើ​ឲ្យ​បាត់បង់​ស្វ័យភាព​របស់​កោះ​តៃវ៉ាន់នោះ។

លោក​ Shane Lee ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ចូល​និវត្ត​មកពី​សាកល​វិទ្យាល័យ Chang Jung Christian នៃ​កោះ​តៃវ៉ាន់​និយាយ​ថា «ពលរដ្ឋ​តៃវ៉ាន់ បាន​មើលឃើញ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ហុងកុង​ហើយ​ពួកគេ​មាន​ការភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​រឿង​នេះ»។

ពលរដ្ឋ​ជាងពាក់​កណ្តាល​របស់​កោះ​តៃវ៉ាន់ ចង់​រក្សា​ស្ថានភាព​នៅ​ដដែល​ជា​រៀង​រហូត​ឬធ្វើ​ការសម្រេចនៅពេល​ក្រោយ​ចំពោះ​រឿង​បង្រួប​បង្រួម​ជាមួយ​ចិន​ឬ​ឯករាជ្យភាព​នោះ។ នេះ​បើ​តាមការស្ទង់​មតិ​ដោយ​មជ្ឈមណ្ឌល​ការសិក្សា​ការបោះឆ្នោត​នៃ​សាកល​វិទ្យាល័យ​ជាតិ Chengchi។ ពលរដ្ឋ​តែ១,៥ភាគរយដែល​ត្រូវបាន​ស្ទង់​មតិ​ចង់​បាន​ការ​បង្រួប​បង្រួម​ជាតិ«ឲ្យ​បាន​ឆាប់​ទៅ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

រងើកភ្លើង​ចាស់ ផ្កា​ភ្លើងថ្មី

ចិន​បាន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ដែល​ស្ថិត​នៅ​ចម្ងាយ១៦០​គីឡូម៉ែត្រ​ពី​ខ្លួន​ហើយ​មិន​បាន​ទម្លាក់​ចោល​ការគំរាម​កំហែង​ដោយ​ប្រើ​កម្លាំង​ដើម្បី​កាន់កាប់​កោះ​នោះ​ទេប្រសិន​បើ​ចាំបាច់។ ភាគី​ទាំងពីរ​បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ពីគ្នា​ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​ចិន​ក្នុង​ទសវត្សរ៍​១៩៤០មក​នៅពេល​ដែល​គណបក្ស​ជាតិ​និយម​របស់​លោក Chiang Kai-shek បាន​ដកថយ​ទៅ​កាន់​កោះ​នោះ​បន្ទាប់ពី​ការចាញ់​សង្គ្រាម​ទៅ​ពួក​កុំម្មុយនិស្ត​ ម៉ៅ សេទុង។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​សន្យា​កាល​ពី​ដើម​ខែ​ធ្នូ​ដើម្បី​ស្វះស្វែង​រក​ការបង្រួប​បង្រួមដោយ«សន្តិវិធី»ជាមួយ​តៃវ៉ាន់។

ក៏ប៉ុន្តែ​ទិដ្ឋភាព​នៃ​សង្គ្រាម​នេះ​បាន​បង្កការ​ចាប់​អារម្មណ៍​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២០​មក នៅ​ពេល​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចាប់ផ្តើមប្រើ​យន្តហោះ​យោធា​ហោះ​ស្ទើរ​តែ​រាល់​ថ្ងៃលើ​សមុទ្រ​ភាគ​ខាង​លិច​កោះ​តៃវ៉ាន់ ដែល​ពួក​អ្នក​ជំនាញ​បាន​និយាយ​ថា ជា​ការ​ប៉ុនប៉ង​របស់ចិន​ដើម្បី​ធ្វើឲ្យ​មាន​ប្រក្រតីភាព​កិច្ចប្រតិបត្តិការ​ខាង​យោធា​របស់​ខ្លួន​នៅ​ជិត​តៃវ៉ាន់។

អត្ថាធិប្បាយ​កាលពី​ខែ​តុលា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន«តាំងចិត្ត»​ការពារ​កោះ​តៃវ៉ាន់​នោះ បាន​ជំរុញ​បន្ថែម​ឲ្យមាន​ជម្លោះ​ផ្នែក​គំនិត​កាន់តែលេចធ្លោ​ឡើង។

ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​រដ្ឋាភិបាល​ចិនដីគោគ​បាន​និយាយ​កាលពី​ខែ​តុលា​ថា​ការហោះ​ឆ្លង​កាត់​ទាំងនេះ​មាន​គោល​បំណង​មួយ​ផ្នែក​បង្ខំ«កម្លាំង​ខាង​ក្រៅ»ឲ្យចេញ​ពី​ជម្លោះរវាង​ចិន​និង​កោះ​តៃវ៉ាន់។ ការិយាល័យ​ដដែល​នោះ​បាន​បញ្ចាក់​កាលពី​ខែ​វិច្ឆិកា​ថា​ការដាក់​សម្ពាធ​នឹង​បន្ធូរបន្ថយ​ប្រសិន​បើតៃវ៉ាន់ ពឹង​ផ្អែក​កាន់តែ​តិច​ទៅ​លើ​កម្លាំងមកពី​ខាង​ក្រៅ​ទាំង​នោះ។

កត្តា​ផ្លាស់ប្តូរ​ជីវភាព​តៃវ៉ាន់​និង​ចិន

លោក Xi និយាយ​ថា ចិន​នឹង​ត្រួតត្រា​កោះ​តៃវ៉ាន់​នៅ​ក្នុង​របៀប«ប្រព័ន្ធ២​ប្រទេស១»ដូច​ដែល​បាន​សន្យា​នៅ​ក្នុង​ឆ្នាំ១៩៩៧​សម្រាប់​ទីក្រុង​ហុងកុង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្តល់សេរីភាព​ដល់​ដែនដីដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​នេះ នូវ​កម្រិត​ស្វ័យភាព​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បន្ត​សកម្មភាព​ស្ទើរតែ​ដូច​មុន​ឆ្នាំ១៩៩៧។ ការណ៍​នេះ​បាន​ចាប់ផ្តើម​បំផ្លាញ​ទៅវិញ​បន្ទាប់​ពី​មាន​បាតុកម្មជាច្រើន​លើក​ប្រឆាំង​ចិន​កាលពី​ ២ឆ្នាំ​មុន។

លោក Ken Wu អនុ​ប្រធាន​សមាគម​តស៊ូមតិ​ក្រុម​ជនជាតិដើម​ Formosan ​តៃវ៉ាន់​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​ក្រុង Los Angeles បាន​និយាយ​ថា​ពលរដ្ឋ​តៃវ៉ាន់ នឹង​ប្រយុទ្ធ​តបត​វិញ​ដល់​កម្លាំង​របស់​ខ្លួន​ដែល​មាន​កម្រិត​របស់​ខ្លួន។ ការណ៍​នេះ នឹង​ក្លាយ​ជា​ការ​លំបាក​ក្នុងការ​ចាក​ចេញ​ពីដែន​កោះ​តៃវ៉ាន់​ប្រសិន​បើ ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​នាវា​ចិន។ ពួក​អ្នកបះបោរ​អាច«រត់​គេច​ទៅកាន់​ជួរ​ភ្នំ»ដើម្បី​រស់រាន​មាន​ជីវិត។

លោក Wu បាន​និយាយ​ទៀត​ថា «ខ្ញុំនឹង​នឹកស្រម័យ​ថា តៃវ៉ាន់ នឹង​ព្យាយាម​ធ្វើ​ការប្រយុទ្ធ​តបត​វិញ​គ្មាន​ទីបញ្ចប់។ ការណ៍​នេះ នឹង​មិន​ដូចជា​អ្វី​ដែល​តាម​រយៈ​ការ​ឃោសនារបស់​ចិន និយាយ​ថា ប្រជាពលរដ្ឋ​តៃវ៉ាន់​នឹង​មិន​ប្រយុទ្ធ​តបត​វិញហើយ​ពួកគេ​គ្រាន់​តែ​លំអោន​ទៅតាម​ការឈ្លានពាន​របស់​ចិន​ហើយ​ចុះចាញ់​នោះទេ»។

សមាជិក​គណៈកម្មាធិការ​ការពារ​ជាតិ​របស់​សភា​តៃវ៉ាន់​លោក Freddy Lim បាន​ប្រាប់ VOA ថា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​និយាយ​កាលពី​ខែ​កញ្ញា ឆ្នាំ២០២០​ថា ខ្លួន​រំពឹង​ថា​នឹង​សម្រេចបាន​នូវគោលដៅរើស​បុគ្គលិក​ចំនួន​ ៩០ភាគរយនៅ​ឆ្នាំ​នេះ។ ប្រាក់​និង​អាវុធ​កាន់​តែ​ច្រើន​ឡើង​កំពុង​បញ្ជូន​មក។

លោក Lim និយាយ​ទៀត​ថា «ខ្ញុំ​បាន​ឃើញ​របាយការណ៍​អន្តរជាតិ​ដែល​បាន​ប៉ាន់ស្មាន​ថា ជម្លោះ នឹង​កើត​មាន​ឡើង​នៅពេល​ឆាប់ៗ​នេះ ហើយ​របាយការណ៍​ផ្សេង​ទៀត​បាន​និយាយ​ថា​ជម្លោះ​នឹង​មិន​កើត​មាន​ឡើង​ទេ។ ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ធ្វើ​ការប្រុង​ប្រៀប​ជាមុនទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដូច្នេះ ខ្ញុំ​នឹង​គាំទ្រ​ក្នុង​ឋានៈជា​សមាជិក​ម្នាក់​របស់​គណៈកម្មាធិការ​ដែល​យើង​ត្រូវ​បង្កើន​សមត្ថភាព​ការពារ​ជាតិ​របស់​យើង»។

លោក Alexander Huang ប្រធាន​មូលនិធិ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​នៅ​ក្នុង​ទីក្រុង​តៃប៉ិ និយាយ​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ដាក់ពង្រាយ​កងទ័ព​នៅ​កំពង់ផែ​ទាំង​អស់​នៅ​កោះ​តៃវ៉ាន់​និង​ប្រជុំ​កោះ Pratas ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បំបែក​ខ្សែ​សង្វាក់​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក។

សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក ភ្ជាប់​បណ្តាញ​ទាក់ទង​នៅពេល​សព្វថ្ងៃ​នេះ​ដើម្បី​ពិនិត្យ​មើល​ការវាតទី​ផ្ទៃ​ទឹក​របស់​ចិន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​រួម​ជាមួយ​ប្រទេស​ជប៉ុន​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ហ្វីលីពីន។

លោក Lee បាន​និយាយ​ថា «ចិន នឹង​មាន​កម្លាំង​យោធា​កាន់​តែ​ខ្លាំង​ឡើង​ពីព្រោះ​តែ​ខ្លួន​អាច​ចេញចូល​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដោយ​ងាយ​ហើយចិន​អាច​គំរាម​កំហែង​សហរដ្ឋ​អាមេរិក​ចំ​ៗ​តែ​ម្តង»។

លោក បន្ថែម​ទៀត​ថា អ្នក​ទទួល​អត្ថប្រយោជន៍​ផ្សេង​ទៀត​មកពី​តៃវ៉ាន់​ដោយសារ​ចិន រួមមាន​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២១ ​របស់​ពិភពលោក​និង​ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់។

ប្រតិកម្ម​នៅ​ឯ​នាយ​សមុទ្រ

លោក Wu បាន​និយាយ​ទៀត​ថា ចក្រព័ទ្ធ​ជប៉ុន បាន​ផ្តួល​ការតស៊ូ​របស់​តៃវ៉ាន់​នៅ​ក្នុង​រយៈពេល​ប្រហែល​៦ខែ​នៃ​ការឡើង​លើ​កោះ​នោះ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ១៨៩៥។ ការតស៊ូ​ទ័ព​ព្រៃ​ភាគ​ច្រើន​បាន​ចុះចាញ់​ឬ​ត្រូវ​ទទួល​បរាជ័យ​នៅ​ឆ្នាំ១៩០២។ តែ​ផ្ទុយ​ទៅវិញ​តៃវ៉ាន់ ​នឹង​ទទួល​បាន​ជំនួយ​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ប្រសិនបើ​ចិន​ចូល​កាន់កាប់​តៃវ៉ាន់​នៅពេល​សព្វថ្ងៃ​នេះ។

ថ្វីបើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និយាយ​ថា ខ្លួននឹង​ធ្វើ​ទៅតាម​ច្បាប់​ឆ្នាំ ១៩៧៩ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​គ្រាន់តែ​ពិចារណា​ការពារ​កោះ​តៃវ៉ាន់​តែប៉ុណ្ណោះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ពង្រឹង​នូវ​ការភ្ជាប់​ទំនាក់​ទំនង​យោធា​របស់​ខ្លួន​ជាមួយ​តៃវ៉ាន់ ដោយ​មាន​ការលក់​អាវុធ​ដែល​មាន​តម្លៃ​ជាទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ហើយ​បាន​បង្កើន​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ដោយ​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩។

កាលពី​ខែ​តុលា លោក​ស្រី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​ពី​សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​កងទ័ព​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កោះ​តៃវ៉ាន់​ដើម្បី​ហ្វឹកហាត់​កងទ័ព​តៃវ៉ាន់។

លោក Lee បាន​និយាយ​ទៀត​ថា «ខ្ញុំ​មិន​គិត​ភ្លាម​ៗ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ចេញ​ផុត​ពី​ដៃ​ខ្លួន​ទេ។ តៃវ៉ាន់​មាន​សារៈសំខាន់​ទាំង​ផ្នែក​សេដ្ឋកិច្ច​យោធានិង​នយោបាយ​ដូច្នេះ ​ខ្ញុំ​គិត​ថា ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ទោះជា​មេដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិកនិយាយ​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ម៉េច​ក៏ដោយ​សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់»។

លោក Huang បាន​ចោទសួរ​ថា តើ​ប្រទេស​ប៉ុន្មាន នឹង​ព្យាយាម​បង្ខំ​ចិន​ឲ្យ​ចាក​ចេញ​ពី​តៃវ៉ាន់ ប្រសិន​បើ ចិន​ត្រួតត្រា​កោះ​តៃវ៉ាន់​ពេញ​ទំហឹង​នោះ។ អ្នក​យុទ្ធសាស្ត្រ​ខាង​យោធា​នោះ បាន​និយាយ​ថា «ខ្ញុំ​គិត​ថា នឹង​មាន​សេចក្តី​ថ្លែង​ការណ៍​ខាង​ការទូត​ដ៏​ច្រើន​ដែល​ជា​សេចក្តី​ថ្លែង​ការណ៍​គ្មាន​ប្រយោជន៍»។

សន្តិភាព​សម្រាប់​ពេល​ឥឡូវ​នេះ

អ្នក​ស្រី Lynn Liang ជា​បេឡាធិករ​នៅ​ភោជនីយដ្ឋាន​ក្រុង​តៃប៉ិ​បាន​ច្រានចោល​ពី​គំនិត​នៃ​ការមាន​សង្គ្រាម​ពីព្រោះ​តែ​ការ​ហោះ​ហើរ​របស់​យន្តហោះ​ចម្បាំង​ចិន មិន​បាន​ឆ្លង​កាត់​«ដែន​អាកាស»និង​ដែនដីកោះ​តៃវ៉ាន់​ទេ។ អ្នក​ស្រី Liang ក៏​មាន​ទំនុកចិត្ត​អំពី​ការគ្មាន​ជម្លោះ​ដែរ​ថា អ្នក​ស្រី​កាលពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​កូនប្រុស​របស់​អ្នកស្រី​ចុះ​ឈ្មោះ​នៅ​សាលា​យោធា​ដើម្បី​សិក្សា​ពី​វិន័យ​យោធា។

​អ្នក​ស្រី Liang បាន​និយាយ​ថា «យើង នឹង​មិន​មាន​សង្គ្រាម​ទេ ពីព្រោះ​តែ​ប្រជាពលរដ្ឋ​នៅ​កោះ​តៃវ៉ាន់ មិន​ចង់​ប្រយុទ្ធ​ទេ​ហើយ​ចិន​ដីគោក​ប្រាកដ​ជា​មិនចង់​ប្រយុទ្ធ​ដែរ។ ពួកគេ​គ្រាន់តែ​ចង់​បំភ័យ​តៃវ៉ាន់​ហើយ​បង្ហាញ​ថា ពួកគេ​នឹង​មិន​ខ្លាច​ពី​ការទៅ​ធ្វើ​សង្គ្រាម​ទេ ប្រសិន​បើ​រដ្ឋាភិបាល​តៃវ៉ាន់​ជំរុញ​ឲ្យ​មាន​ឯករាជ្យភាព​នោះ»។

លោក Chen ជឿជាក់​ថា ចិន​មិន​បាន​ដំឡើង​សាច់ដុំ​ទេ។ លោក​បាន​និយាយ​ទៀត​ថា «យើងមិន​បាន​ប្រុង​ប្រៀប​រៀបចំ​ជីក​លេណដ្ឋាន​នៅជាន់​ក្រោម​ដី​ក្នុង​ផ្ទះ​របស់​យើង​សម្រាប់ការពារ​អាវុធ​នុយក្លែអ៊ែ​ឬស្តុកទុក​ម្ហូបអាហារ​សម្រាប់​រយៈពេល​៣ខែ​ឬ​ទឹក​ស្អាត​សម្រាប់​រយៈពេល​មួយ​ខែ​ទេ។ យើង មិន​ទាន់​បាន​រៀបចំ​អ្វី​ដូចនេះ​ទេ»៕

XS
SM
MD
LG