យានអវកាសរបស់ចិនដែលមិនមានអវកាសយានិកត្រូវបានបង្ហោះចេញនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងដំណើរពេញមួយឆ្នាំទៅកាន់ភពព្រះអង្គារ ដែលនេះគឺជាការចាប់ផ្ដើមនូវបេសកកម្មដែនអវកាសដ៏មានមហិច្ឆិតាបំផុតរបស់ប្រទេសចិនមកទល់នឹងពេលបច្ចុប្បន្ននេះ។
យានអវកាស Tianwen-1 ដែលផ្ទុកនៅក្នុងគ្រាប់រ៉ុកកែត Long March 5 បានហោះចេញពីកន្លែងបង្ហោះយានអវកាស Wenchang នៅលើកោះ Hainan ភាគខាងត្បូងប្រទេសចិន។
យានអវកាស Tianwen-1 នេះ ត្រូវគេរំពឹងថានឹងហោះដល់ភពព្រះអង្គារនៅខែកុម្ភៈឆ្នាំក្រោយ។ នៅពេលដែលយានអវកាសនេះចូលទៅដល់គន្លងវិថីគោចរ យានអវកាសនឹងផ្ដាច់ចេញពីគ្រាប់រ៉ុកកែត និងចុះចតនៅលើតំបន់ Utopia Planitia នៃភពព្រះអង្គារ ដែលនៅទីនោះ យានអវកាសនេះនឹងបញ្ចេញយានគោចរតូចមួយដើរដោយថាមពលព្រះអាទិត្យ ដើម្បីរុករកផ្ទៃខាងក្រៅនៃភពព្រះអង្គារសម្រាប់រយៈពេលយ៉ាងតិច ៣ ខែ។
ប្រសិនបើការចុះចតនៃយានអវកាសនេះទទួលបានជោគជ័យ នោះនឹងធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសទីពីរនៅលើពិភពលោកដែលអាចចុះចតយានអវកាសនៅលើភពព្រះអង្គារបាន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយកន្លងមក សហរដ្ឋអាមេរិកបានចុះចតយានអវកាសចំនួន ៨ គ្រឿងរួចមកហើយ តាំងពីឆ្នាំ ១៩៧៦ មក។
ប្រទេសចិនក៏នឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងការសម្រេចបាននូវដំណាក់កាលទាំង ៣ នៃដំណើរឆ្ពោះទៅកាន់ភពព្រះអង្គារនេះក្នុងបេសកកម្មតែមួយ ដែលនោះគឺការចូលដល់គន្លងវិថីគោចរ ការចុះចត និងការបញ្ចេញយានគោចរ៕