យានអវកាសហោះទៅកាន់ព្រះអាទិត្យនៃបេសកកម្មរួមគ្នារវាងអឺរ៉ុប និងសហរដ្ឋអាមេរិក បានហោះទៅជិតព្រះអាទិត្យបំផុតជាលើកដំបូង ដោយនៅចម្ងាយប្រមាណ ៧៧ លានគីឡូម៉ែត្រពីព្រះអាទិត្យ ហើយបានថតរូបព្រះអាទិត្យចេញពីកន្លែងជិតបំផុតនោះជាលើកដំបូងបង្អស់។
កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានចាប់ផ្តើមកាលពីខែកុម្ភៈ នៅពេលយានអវកាសនេះត្រូវបានបង្ហោះពីជ្រោយ Canaveral ក្នុងរដ្ឋ Florida។
យានអវកាសនេះបានត្រូវរចនាឡើងដើម្បីពិនិត្យមើលតំបន់ប៉ូលនៃព្រះអាទិត្យឲ្យបានជិតបំផុត និងសង្កេតមើលសកម្មភាពនៃមេដែករបស់ព្រះអាទិត្យជាលើកដំបូង។
ពួកអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាស ESA និង NASA បានបញ្ជាក់កាលពីថ្ងៃទី ១៥ ខែមិថុនា ថា យានអវកាសនេះបានហោះទៅជិតព្រះអាទិត្យជាលើកដំបូងនៅចម្ងាយប្រមាណ ៧៧ លានគីឡូម៉ែត្រ គឺប្រមាណជាចម្ងាយពាក់កណ្ដាលរវាងផែនដី និងផ្កាយ។
ពួកអ្នកស្រាវជ្រាវបានប្រើការហោះទៅជិតព្រះអាទិត្យនេះ ដើម្បីពិសោធន៍ឧបករណ៍វិទ្យាសាស្ត្រចំនួន ១០ របស់យានអវកាសនេះ ដែលក្នុងនោះមានទាំងកែវយឹតចំនួន ៦ ផងដែរ។
ទីភ្នាក់ងារអវកាសទាំងពីរនេះបានបញ្ជាក់ថា រូបថតព្រះអាទិត្យដែលយានអវកាសនេះបានថតនឹងចេញផ្សាយនៅខែកក្កដាខាងមុខ។
ទីភ្នាក់ងារអវកាស ESA ថ្លែងថា នៅពេលនេះ យានអវកាសនេះស្ថិតនៅចម្ងាយ ១៣៤ លានគីឡូម៉ែត្រពីផែនដី ដូច្នេះគេត្រូវចំណាយពេលប្រមាណមួយសប្តាហ៍ដើម្បីបញ្ជូនរូបព្រះអាទិត្យដែលថតបានទាំងនោះមកកាន់ភពផែនដី។
ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ឧបករណ៍នៅក្នុងយានអវកាសនេះនឹងជួយឲ្យយើងដឹងអំពីអាថ៌កំបាំងនៃទិដ្ឋភាពនៅខាងក្នុងព្រះអាទិត្យ។ ដើម្បីធ្វើដូច្នេះបាន យានអវកាសនេះនឹងហោះទៅកាន់ចម្ងាយប្រមាណ ៤២ លានគីឡូម៉ែត្រពីព្រះអាទិត្យ ដោយជិតជាងចម្ងាយរវាងភពព្រះពុធ និងព្រះអាទិត្យទៅទៀត។ នៅក្នុងចម្ងាយនេះ យានអវកាសនេះនឹងប្រឈមនឹងសីតុណ្ហភាពរហូតដល់ ៦ រយអង្សារសេ ដែលក្តៅគ្រប់គ្រាន់ដើម្បីឱ្យអាលុយមីញ៉ូមរលាយបាន។
ប្រសិនបើបេសសកម្មនេះទទួលបានជោគជ័យដូចការរំពឹងទុក យានអវកាសនេះនឹងអាចថតរូបប៉ូលរបស់ព្រះអាទិត្យបាន ក៏ដូចជាអាចត្រួតពិនិត្យមើលតំបន់ដែនប្រព័ន្ធព្រះអាទិត្យ និងខ្យល់ព្រះអាទិត្យបាន។
បន្ទាប់ពីបានហោះជុំវិញភពព្រះសុក្រមក គេរំពឹងថា យានអវកាសនេះនឹងហោះទៅជិតព្រះអាទិត្យទៀតនៅដើមឆ្នាំ ២០២២៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ