ប្រទេសចិនបានផ្អាកដំណើរទស្សនកិច្ចរបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងបានដាក់ទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាលអាមេរិកាំងនៅថ្ងៃចន្ទនេះ ដើម្បីជាការសងសឹកសម្រាប់ការណ៍ដែលសហរដ្ឋអាមេរិកអនុម័តសំណើច្បាប់មួយ ដែលគាំទ្រក្រុមអ្នកតវ៉ាប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
ការតវ៉ាទាមទារស្វ័យភាពប្រសើរជាងមុននៅទីក្រុងហុងកុងបានកើតឡើងជិត ៦ ខែមកហើយ ដែលការតវ៉ានេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងជារឿយៗបានរិះគន់ថាដោយសារឥទ្ធិពលបរទេស។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសំណើច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង។ ច្បាប់នេះតម្រូវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកពិនិត្យជារៀងរាល់ឆ្នាំនូវឋានៈអនុគ្រោះពាណិជ្ជកម្មរបស់ទីក្រុងហុងកុង និងគំរាមដកឋានៈអនុគ្រោះពាណិជ្ជកម្មនេះ ប្រសិនបើមានការបំបិទសិទ្ធិសេរីភាពនៅក្នុងទីក្រុងហុងកុង។
វិធានការនេះបានធ្វើឡើង ស្របពេលដែលមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោកនេះកំពុងប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង «ដំណាក់កាលទីមួយ» នៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ដើម្បីឆ្លើយតបទៅនឹងឥរិយាបថមិនសមហេតុផលរបស់ភាគីសហរដ្ឋអាមេរិក រដ្ឋាភិបាលចិនបានសម្រេចផ្អាកការពិនិត្យឡើងវិញនូវសំណើដែលចង់ឲ្យនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ទីក្រុងហុងកុងសម្រាប់ការសម្រាកលំហែកម្សាន្តនៅត្រឹមថ្ងៃនេះ»។
កន្លងមក ប្រទេសចិនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យនាវាទាហានជើងទឹកអាមេរិកាំងពីរគ្រឿងឈប់សំចតនៅក្នុងទីក្រុងហុងកុងកាលពីខែសីហា ដោយមិនមានមូលហេតុជាក់លាក់។
អ្នកស្រី Hua ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនក៏នឹងដាក់ទណ្ឌកម្មផងដែរលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទោះបីជាអ្នកស្រីមិនបានផ្ដល់ហេតុផលជាក់លាក់អំពីទម្រង់នៃវិធានការដែលនឹងត្រូវធ្វើក៏ដោយ៕