ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​ហ៊ុន សែន​​​ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ​​​ក្រោយ​មាន​ការ​ចោទ​ថា​​កម្ពុជា​បើក​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​​ជើង​ទឹក


រូបឯកសារ៖ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន បាន​មកដល់​វិមានឯករាជ្យ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ្យកាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន បាន​មកដល់​វិមានឯករាជ្យ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ្យកាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​បាន​ប្រកាស​​ថា​ ​លោក​មិន​រា​ថយ​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​ ​​ដោយ​លោក​បាន​លើក​ពី​សុភាសិត​ខ្មែរ​​ថា​​«រុញ​ទូក​បណ្ដោយ​ទឹក»។​​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​នៅ​សប្តាហ៍​នេះ​បាន​ប្រកាស​ពី​ការ​ប្តូរផ្តាច់​ ​ការ​ពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា​ ​ទោះ​តម្រូវ​ឲ្យ​លោក​ត្រូវ​អូស​រថពាស​ដែក​ឡើង​ភ្នំក៏​ដោយ។​ នេះ​បើ​យោង​តាម​ការ​អធិប្បាយ​របស់​លោក​ហ៊ុន​ សែនលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

ក្នុង​ការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា​នោះ​ ​លោក​ ​ហ៊ុន សែន​ក៏​បាន​ផ្តល់​យោបល់​អំពីភាព​ជាអ្នក​ដឹកនាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត​ផង​ ដោយ​បាន​លើក​យក​សុភាសិត«រុញ​ទូក​បណ្ដោយ​ទឹក»​មក​ពន្យល់។​

លោក​ ​ហ៊ុន សែនបាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​តាម​ន័យ​ដើម​ថា៖​

«តាម​ពិត​ បើ​ក្មួយៗ​ ចៅៗ​ធ្លាប់​ឮ​ពាក្យ​ថា«រុញ​ទូក​បណ្ដោយ​ទឹក»នោះ ​ចៅៗ​ក្មួយៗ​នឹង​យល់​អ្វីៗ​ស្ទើរ​តែ​ទាំង​អស់»។​

លោក​បាន​បន្ត​ក្នុង​ន័យ​ថា៖​

«ធ្វើ​ជា​អ្នក​ដឹក​នាំ​ ​និង​ជា​អ្នក​នយោបាយ​ក៏​ដូច្នេះ​ដែរ។​ ​មាន​កត្តា​២ ​ដែល​ក្មួយៗ ​ចៅៗ​ត្រូវ​ដឹង៖​ទី១ ​តើ​ពេល​ណាត្រូវ​រុញ​បណ្ដោយ​ទឹក?​ ​តើ​ពេល​ណា​ត្រូវ​ចាំ​សិន​ទម្រាំ​ខ្សែ​ទឹក​ឡើង​គ្រប់​ល្បឿន? ទី២​ ​ទោះ​ជា​រុញ​ទូក​បណ្ដោយ​ទឹក​ក្តី​ តែ​ចង្កូត​ យើង​ជា​អ្នក​កាន់ ​ហើយ​ត្រូវ​កាន់​ឱ្យ​ជាប់​ និង​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​ ដើម្បី​បត់​បែន​ទូក​ឱ្យ​ទៅ​ដល់​គោល​ដៅ​ដែល​បាន​ប្រមើល​ទុក​ជា​មុន»។​

លោក​រៀបរាប់​ទៀត​ថា​ កត្តា​ទាំង​ពីរ​នេះ​សំខាន់​ណាស់​ ដូច​ជា​កត្តា​ទី១​គឺ​ពេល​វេលា។ ​ពេល​វេលា​ជា​ឱកាស​ មនុស្ស​ឆ្លាតចេះ​មើល​ឱកាស​ ចេះ​ប្រើ​ឱកាស​និង​ចេះ​បង្តើត​ឱកាស។ ​បើ​រុញ​ទូក​បណ្ដោយ​ទឹក​ ពេល​ទឹក​ឡើង​ខ្លាំង​ ឬ​ព្យុះ​ភ្លៀង​នោះ ទូក​នឹង​លិច។​ កត្តា​ទី​២ ​មិន​ត្រូវ​រុញ​ទូក​តាម​ខ្សែ​ទឹក​ដោយ​គ្មាន​គោល​ដៅ​នោះ​ទេ។

លោក​ហ៊ុន សែន​អះអាង​ថា​ ​ការណ៍​ដែល​ចៅៗ ​ក្មួយៗ​មាន​គោល​ដៅ​ជាក់លាក់​ក្នុង​ជីវិតនោះ​នឹង​ធ្វើ​ឱ្យ​ទូក​ទាំង​ឡាយ​ក្នុង​សង្គម​យើង​អុំ​ ឬ​ចែវ​ទៅ​រក​វឌ្ឍន​ភាព​ពិតៗ។​

លោក​បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា៖​

«នៅ​ក្នុង​ជីវិត​នយោបាយ​របស់​ខ្ញុំ ​ខ្ញុំ​បាន​គូស​ដៅ​ទុក​គ្រប់​ជំហាន​ គ្រប់​សេណារីយ៉ូ។​ គំនូស​ផ្លូវ​ដើរ​ទាំង​ប៉ុន្មាន​ គ្មាន​នរណា​អាច​ស្មាន​ដឹង​ឡើយ​ ​សូម្បី​តែ​អ្នក​ជំនិត​ដែល​ដើរ​ជាមួយ​តាំង​ពី​សម័យ​សង្គ្រាម»។​

ទាក់ទិន​បញ្ហា​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​អះអាង​ថា៖​

«ចំណុច​ទី២​ ​បើ​ទាក់ទង​នឹង​អធិបតេយ្យភាព​ បូរណភាព​ទឹក​ដី​កម្ពុជា ​និង​សុខ​សន្តិភាព​របស់​ប្រជាជន​ខ្មែរ​ កុំ​ថា ​ឡើយ​រុញ​ទូក​បណ្ដោយ​ទឹក​ ទោះ​ត្រូវ​អូស​រថក្រោះ​ឡើង​ភ្នំក៏​ត្រូវ​តែ​ធ្វើ»។​

ការ​ថ្លែង​បញ្ជាក់​ពី​ភាព​វៃឆ្លាត​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​ដឹកនាំ​ប្រទេសនិង​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ការពារ​ទឹក​ដី​កម្ពុជា​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​បរទេស​ ​Asia Times ​ដែល​បាន​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​របស់​លោក​ទំនង​ជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​កសាង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ប្រទេស​ចិន​ ដែល​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​ថា​ បានបន្ត​ទម្លាក់​ជំនួយ​ដល់​កម្ពុជា​ទាំង​ខាង​ហិរញ្ញវត្ថុ​ និង​យោធា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​

បដា​បង្ហាញ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។ (Reuters)
បដា​បង្ហាញ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។ (Reuters)

សារ​ព័ត៌មាន​បរទេស​ ​Asia Times​ ​ដែល​ចេញ​ផ្សាយ​អត្ថបទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការកសាង​កំពង់ផែ​ទឹក​ជ្រៅ​មួយនៅ​ក្នុង​ខេត្ត​កោះកុង​ ​ដែល​ទំនង​ជា​មាន​គោល​ដៅ​សម្រាប់​បម្រើ​ដល់​សកម្ម​ភាព​នាវា​ចរណ៍​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​ហៅ​កាត់​ថា​ PLA។​កាសែត​បរទេស​មួយ​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​សាងសង់​កំពុងផែ​នោះកំពុង​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Union Development Group​ ​(UDG)។

កាសែត​ Asia Times​ បាន​លើក​ឡើង​ពី​អ្នក​វិភាគ​ជា​ច្រើន​ដែល​អះអាង​ថា​ កំពង់ផែ​ថ្មី​កោះកុង​ (Koh Kong New Port)​ ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវា​ចម្បាំង​ និង​នាវា​ប្រដេញ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្តានុពល​ ​និង​កប៉ាល់​ធំៗ​ផ្សេង​ទៀត​របស់​កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។​

ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​កងទ័ព​ និង​រដ្ឋាភិបាល​កម្ពុជា​ ព្រមទាំង​លោក​ហ៊ុន សែន​ ផង​នោះ​ បានច្រាន​ចោល​ព័ត៌មាន​នេះទាំង​ស្រុង​។

ក្នុង​ការ​ថ្លែង​បដិសេធ​សេចក្តី​រាយការណ៍ដែល​ថា​ កម្ពុជា​ចង់​ឲ្យមាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នោះ​ ​ កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​ លោក​ ​ហ៊ុន សែនបាន​ថ្លែងក្នុង​ន័យ​ដើម​ថា៖​

«យើង​បដិសេធ​ចោល​ដាច់​ខាតនូវ​ការ​ប្រកួត​ប្រជែងខាង​មនោគម​វិជ្ជាបំបែក​បំបាក់​ខ្មែរ​ និង​សម្លាប់​ខ្មែរ​ ដូច​កាល​ពី​អតីតកាល។ ​យើង​ទាត់​ចោល​ដាច់​ខាត​ នូវ​ការ​ប្រកួត​ប្រជែងយក​កម្ពុជា​ធ្វើ​ជា​ទីលានសាក​ល្បង​អាវុធ​របស់​ខ្លួន​ ឬ​លក់​អាវុធ​របស់​ខ្លួនមកឲ្យ​កម្ពុជា​ ដូច្នេះ​ចំណុច​នេះ​ សង្ឃឹម​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​នូវ​ព័ត៌មាន​តាម​រយៈសារ​ព័ត៌មាន​នេះ​ សារ​ព័ត៌មាន​នោះ​ ឬ​មិត្ត​ភ័ក្ត​បរទេស​ ទាំង​ឡាយ​ ដែល​មាន​កង្វល់គឺ​សុំ​ជឿ​ទុក​ចិត្តចំពោះ​ការ​អនុវត្តប្រកប​ដោយ​ឯករាជ្យ​ និង​ការ​ពារ​អធិប​តេយ្យ​របស់​កម្ពុជា»។​

ក្នុង​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​នេះ​ ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ លោកJohn Sullivan​ ក៏​បាន​បង្ហាញ​ពីការ​បារម្ភ​ថា​ ប្រសិន​បើ​កម្ពុជា​បើក​ឲ្យ​មាន​មូលដ្ឋាន​របៀប​នេះ​នៅ​កម្ពុជា​មែននោះ​ វា​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនាក់​ទំនង​ទេ្វភាគី»​រវាង​ប្រទេស​ទាំង​ពីរ។​ ​រីឯ​លោក​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Mike Pence ​ក៏​បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក ​ហ៊ុន សែន ​ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នេះ​ផង​ដែរ។​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​អះអាង​ថា​ លោក​នឹង​ធ្វើ​លិខិត​ជូន​ទៅ​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Mike Pence​ «ដើម្បីឲ្យ​គាត់​យល់​ច្បាស់អំពី​បញ្ហា​នេះ»។​

ទោះ​ណា​ជា​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​អះអាង​ថា​ លោក​បាន​រៀប​ចំ​គ្រប់​ជំហាន​ដែល​មិន​មាន​ណា​អ្នក​ដឹង​ សម្រាប់​គោល​ដៅ​របស់​លោក​ក្តី ក៏​ក្រុម​អ្នកសង្កេត​ការណ៍​មួយ​ចំនួនបាន​វិភាគអំពី​ជំហាន​របស់​លោក​ក្នុង​ទំនាក់​ទំនង​ការ​បរទេស​ ដោយ​ពួក​គេ​ ​បាន​លើក​ឡើង​ថា​ ​លោក​កំពុង​នាំ​ប្រទេស​កម្ពុជាទៅ​រក​ប្លុក​កុម្មុយនីស្ត ដែល​ការណ៍​នេះផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ ​ដែល​បាន​ចែង​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។

រហូត​មក​ដល់​ពេលនេះ​ រដ្ឋ​សភា​កម្ពុជាត្រូវ​គេ​សង្កេត​ឃើញ​ថា​ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​តែ​ប៉ុណ្ណោះដែល​បាន​ក្តោប​យក​អាសនៈ​ទាំង​១២៥ក្នុង​សភា ​បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​បាន​ប្តឹង​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​២០១៧​ ដោយ​ចោទ​ថា ​គណបក្ស​នេះ​ ​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

លោក​ ​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ប្រាប់ VOAថា ​មេ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្នកំពុង​នាំ​ទូក​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​ការ​ថ្កោល​ទោស​ជា​អន្តរ​ជាតិ​ បន្ទាប់ពី​ការ​លុប​បំបាត់​ចោល​សំឡេងអ្នក​ប្រឆាំង។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​រុញ​ទូក​បណ្តោយ​ទឹក ឬ​ច្រាស​ទឹក​អីវា​អត់​មានឃើញ​ផល​ប្រយោជន៍​ណា​មួយ​សម្រាប់​ជាតិ​ ក៏​ដូច​ជា​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែរ។​ មាន​តែ​ផលខាត​ ពេល​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​គេ​ថ្កោល​ទោស​បន្តបន្ទាប់​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ នៃ​នយោ​បាយ​កម្ពុជា​យើង​នេះ។​ តាំងពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់ឃុំ​ ហើយ​និងដំណើរ​ការ​ការ​បោះឆ្នោត​ កាលពី​ថ្ងៃ​២៩​ កក្កដាកន្លង​ទៅ​ថ្មីៗ​នេះ​ ធ្វើ​ឲ្យ​អន្តរជាតិ​គេ​ថ្កោល​ទោស​ម្តង​ហើយ​ ម្តងទៀត​ មក​ទល់​ពេល​នេះ​ ក៏​មិន​ទាន់​ចប់​នៅ​ឡើយ​ដែរ»។

លោក​រ៉ុង​ ឈុន​ បាន​ចែក​រំលែក​ទស្សនៈ​មួយ​ចំនួន​ដូច​នឹង​អ្នក​សង្កេត​ការណ៍​ដទៃ​ទៀត​ថា​ ទូក​កម្ពុជា​ពេល​នេះកំពុង​ធ្វើ​ដំណើរ​ទៅ​រក​ប្រទេស​ចិន។

លោក​បាន​ថ្លែង​កត់​សម្គាល់​យ៉ាង​ដូច្នេះ៖​

«ទូក​កម្ពុជា​ ឬមួយ​យើង​ហៅថា​ នាវា​កម្ពុជា​ហ្នឹង​ កំពុង​តែ​ងាក​ទៅរក​ចិន​កុម្មុយនីស្ត​ហើយ​ ដូច្នេះ​ហើយ​ ចំណុច​ទាំង​អស់​នេះ​ ដែល​ធ្វើ​ឲ្យ​ ​ទាំង​ខ្ញុំ​ ទាំង​ប្រជា​ពលរដ្ឋ​ ដែល​មាន​ការព្រួយ​បារម្ភ​ ដែល​យើង​ឃើញ​ងាកទៅ​ចិន​១៨០ដឺក្រេ ពីព្រោះ​យើង​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​កន្លង​មក​ យើង​ឃើញ​ថា​ នៅពេល​ដែល​កម្ពុជា​យើង​ទៅ​ឱប​ចិន​ យើង​អត់​ទទួល​បាន​សេចក្តីសុខ​ទេ​ មាន​តែ​លំបាក​វេទនា​ ជុំវិញ​បញ្ហា​ទាំង​អស់​នេះ។ ​ចំពោះ​ទស្សន​របស់​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​ យើង​មិន​ត្រូវ​ផ្អៀង​ទៅ​តែ​ម្ខាងៗ។​ យើង​ទៅចាប់​យក​ចិន បោះ​បង់​អាមេរិក​ បោះ​បង់​សហភាព​អឺរ៉ុប​ចោល​ វា​ជា​រឿង​មួយ​មិន​ល្អ​ទេ​ ពីព្រោះ​ប្រវត្តិ​សាស្ត្រ​បាន​សរសេរ​ហើយ​ ហើយ​កូន​ខ្មែរ​ក៏​បាន​ឃើញ​ តាម​ឃ្លាំ​មើល​ជា​រៀង​រហូត។ ​នៅ​ពេល​ដែល​កម្ពុជា​ឱប​ចិន​ តែមួយ​ ពេល​ហ្នឹង​កម្ពុជា​អត់​មាន​សេចក្តី​ទុក​ទេ​ ហើយ​ក៏​គ្មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ដែរ​ បាទ»។​

ផ្ទុយ​ពីការ​អធិប្បាយ​របស់​លោក​រ៉ុង​ ឈុន​ លោក​បណ្ឌិត​ ​ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​និង​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​តំបន់​ ប្រាប់​ ​VOA ​កាលពី​ពេល​កន្លង​មក​ថា​ ការ​ខាត​ប្រយោជន៍​ ឬ​យ៉ាង​ណា​ពី​ការ​រឹត​ចំណង​ជា​មួយ​ចិន​នោះគឺ​អាស្រ័យ​លើ​អភិបាល​កិច្ច​ក្នុង​ប្រទេស។

លោក​ថា ​កម្ពុជាមិន​បានដាក់​ពង​ទា​ទាំង​អស់​នៅ​ក្នុង​កន្ត្រក​តែ​មួយ​នៅ​ក្នុង​ប្រទេសចិន​ទេ​ ពោល​គឺ​កន្លង​ទៅ​លោក​មើល​ឃើញ​ថា​ កម្ពុជា​ខំ​ប្រឹង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។​ ហេតុដូច្នេះ ​លោក​ចាត់​ទុក​ថា​ នេះជា​យុទ្ធសាស្ត្រដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​មានអ្វីដែល​ហៅ​ថា«ឯករាជ្យ​ ក៏​ដូច​ជា​ ​Balances​ ​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​របស់​ខ្លួន​ ជា​ពិសេស​រវាង​ចិន​ និង​ជប៉ុន»​ ផង​នោះ។​

ក៏​ប៉ុន្តែ​ កម្ពុជា​នៅពេល​នេះក៏កំពុង​រង​ការ​ដាក់​គំនាប​ពី​ប្រទេស​នៅ​បស្ចិម​លោក​ និង​សហគមន៍​អឺរ៉ុប​ បន្ទាប់​ពីការ​បោះឆ្នោតនៅ​ខែ​កក្កដាឆ្នាំ​២០១៨​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេផាត់​ចេញ​ពី​ការ​បោះឆ្នោត។ ​សហគមន៍​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យកម្ពុជា១២ខែ​ ដើម្បី​កែ​ខៃ​ស្ថានភាព​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ​ មុនពេល​ប្រទេស​នេះ​បាត់​បង់​កិច្ច​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ទំនិញ​របស់​ខ្លួន​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប។​

ការបាត់​បង់កិច្ច​អនុគ្រោះ​ពន្ធ​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជាប់ពន្ធ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ផង​ដែរ​ ហើយ​ការ​ងារ​របស់​កម្មករ​យ៉ាង​ហោច​ណាស់៧០​ម៉ឺន​នាក់ក៏​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា។​ ​នេះបើ​យោងតាម​ការ​បញ្ជាក់​របស់​ក្រុម​សហជីព​ដែលការពារ​សិទ្ធិ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG