ក្រុមមន្ត្រីកងទ័ព និងរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានច្រានចោលសេចក្តីរាយការណ៍ដែលចោទថា កម្ពុជាបានបើកផ្លូវឲ្យមានការសាងសង់កំពង់ផែទឹកជ្រៅមួយ នៅក្នុងខេត្តកោះកុង ដែលទំនងជាមានគោលដៅសម្រាប់បម្រើដល់សកម្មភាពនាវាចរណ៍របស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា PLA។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ VOA នៅថ្ងៃសុក្រនេះ ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានការដាក់មូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជានោះទេ។ ហេតុដូច្នេះលោកថា សេចក្តីរាយការណ៍របស់ Asia Times ដែលលើកឡើងពីមន្ទិលនានាចំពោះវត្តមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជានោះ មិនអាចយកជាការបានទេ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំអត់បានមើលព័ត៌មានហ្នឹងទេ ប៉ុន្តែតាមអ្វីដែលជារដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា គឺយើងមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជាទេ អានេះជាច្បាប់។ ដូច្នេះព័ត៌មានដែលលើកឡើងនេះ ខ្ញុំគិតថា ជាការលើកឡើងដោយបំភាន់ទេបាទ បង្កាច់បង្ខូចធ្វើឲ្យខូច ធ្វើឲ្យខូចកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទេ។ ជារួមគឺរដ្ឋធម្មនុញ្ញយើងបានប្រកាស ហើយថា មិនឲ្យមានបោះទ័ព ជាមូលដ្ឋានទ័ពលើទឹកដីរបស់កម្ពុជាទេ អានេះជាច្បាប់បាទ។ ដូច្នេះព័ត៌មានដែលលើកឡើង ជាព័ត៌មានមិនពិតទេបាទ»។
សារព័ត៌មាន Asia Times តាមសេចក្តីរាយការណ៍នៅសប្តាហ៍នេះថា ការសាងសង់កំពុងផែនោះ កំពុងត្រូវបានធ្វើដោយក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG)។
ក្នុងអត្ថបទដែលចេញផ្សាយតាមបណ្តាញអ៊ីនធឺណិត កាសែត Asia Times បានលើកឡើងពីអ្នកវិភាគជាច្រើនដែលអះអាងថា កំពង់ផែថ្មីកោះកុង (Koh Kong New Port) ដែលជាកំពង់ផែទឹកជ្រៅនោះគឺធំគ្រប់គ្រាន់សម្រាប់ទទួលនាវាចម្បាំង និងនាវាប្រដេញក្នុងការប្រយុទ្ធដ៏មានសក្តានុពល និងកប៉ាល់ធំៗផ្សេងទៀតរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកវិភាគគោលនយោបាយត្រូវបានដកស្រង់សម្តីដោយកាសែតតាមបណ្តាញអ៊ីនធឺណិត Asia Times ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«ជនជាតិចិនមើលឃើញកំពង់ផែពាណិជ្ជកម្មថា ជាច្រកសម្រាប់ការចូលនៃនាវារបស់ពួកគេ។ កំពង់ផែទឹកជ្រៅពាណិជ្ជកម្មណាក៏ដោយត្រូវបានប្រើសម្រាប់កប៉ាល់ទ័ពជើងទឹកធំៗ ដូច្នេះគោលបំណងទាំងពីរនេះ គឺអាចទៅរួច»។
សារព័ត៌មាននេះ ក៏បានស្រង់សម្តីរបស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរតាមន័យដើមថា៖
«ការសាងសង់មូលដ្ឋាននាវាគ្រប់គ្រងដោយបរទេស លើទឹកដីប្រទេសកម្ពុជា បែបនេះ និងការផ្តល់ភាពងាយស្រួលណាមួយ ពីរដ្ឋាភិបាលកម្ពុជា ឲ្យទៅកងទ័ពប្រទេសចិន គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។
លោក សម រង្ស៊ី ត្រូវបានស្រង់សម្តីបន្ថែមតាមន័យដើមថា៖
«ដោយសារតែគាត់បោះបង់ចោល អព្យាក្រិតភាពប្រទេសកម្ពុជា ហើយគាត់នាំប្រទេសកម្ពុជា ឲ្យចូលរួមក្នុងការគំរាមកំហែង ដល់សន្តិសុខនៃប្រទេសជិតខាង លោក ហ៊ុន សែន កំពុងតែលេងជាមួយភ្លើង ប្រកបដោយគ្រោះថ្នាក់។ លោក ហ៊ុន សែន មិនត្រឹមតែបានបំបាត់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាទេ គាត់ថែមទាំងគំរាមដល់សន្តិភាព នៅក្នុងតំបន់យើងថែមទៀត។ ដោយសារតែលោក ហ៊ុន សែន ដឹងថាប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង ហើយគាត់មិនអាចរំពឹងលើប្រជារាស្ត្រខ្មែរបានទៀតទេ គាត់សុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែគាត់បានក្រាញអំណាចតទៀត។ ទង្វើអាក្រក់របស់ ហ៊ុន សែន មានទាំងចូលដៃយ៉ាងងងឹតងងល់ ដូចមនុស្សខ្វាក់ ជាមួយប្រទេសចិន ដែលកំពុងតែដើរគំរាមកំហែងប្រទេសជិតខាង»។
ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរមានប្រសាសន៍ថា ការសាងសង់កំពង់ផែខេត្តកោះកុងនោះ គឺសម្រាប់បម្រើកិច្ចការជំនួញតែប៉ុណ្ណោះ។
«មានតែកំពង់ផែពាណិជ្ជកម្ម តូចតាចខ្នាតតូចតើ!»
លោក ផៃ ស៊ីផាន មិនធ្វើការអធិប្បាយលើសម្តីរបស់លោក សម រង្ស៊ី នោះទេ តែលោកថា កម្ពុជាមិនបានបណ្តោយខ្លួនឲ្យក្លាយជាអ្នកបម្រើគោលបាយភូមិសាស្ត្ររបស់មហាអំណាចណាមួយនោះទេ ពោលគឺកម្ពុជាមិនអាចត្រូវទៅចាប់ចិន ឬក៏ទៅចាប់សហរដ្ឋអាមេរិកនោះ។ លោកអះអាងថា អ្វីដែលកម្ពុជាកំពុងទទួលបានពីចិននោះ កំពុងរួមចំណែកដល់ការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
«អ្វីដែលកំពុងតែទទួលបានភាពផុលផុស ក្នុងការដាក់ទុនរបស់ចិន អានោះជាផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច កំណើនការងារ កំណើនសមធម៌នៅក្នុងសង្គម អាហ្នឹងជាផលប្រយោជន៍របស់កម្ពុជា»។
សារព័ត៌មានតាមបណ្តាញអ៊ីនធឺណិត Asia Times ក៏បានលើកឡើងថា លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ត្រូវគេរំពឹងថា លោកនឹងលើកឡើងអំពីការលេចឡើងនូវមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់នានា ដែលការណ៍នេះ អាចនឹងដាក់ទីក្រុងភ្នំពេញឲ្យស្ថិតនៅចំកណ្ដាលនៃភាពតានតឹងនៃការប្រជែងអំណាចដែលកំពុងកើនឡើងខ្លាំងរវាងប្រទេសមហាអំណាច។
សេចក្តីរាយការណ៍របស់ Asia Times បានឲ្យដឹងបន្តថា ប្រសិនបើរបាយការណ៍នានាដែលថា ចិនបានដំណើរការមូលដ្ឋានយោធានៅកោះកុង ក្លាយជាការណ៍ពិតមែននោះ វានឹងដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងជំរំយុទ្ធសាស្ត្ររបស់ចិន ក្នុងពេលមានភាពតានតឹងរវាងអាមេរិក និងចិន ដែលកំពុងរីករាលឡើងក្នុងដែនទឹក។
លោក Paul Chambers អ្នកវិភាគកិច្ចការនយោបាយនៅសាកលវិទ្យាល័យ Naresuan បានប្រាប់ Asia Times ថា ប្រសិនបើលោក ហ៊ុន សែន បានអនុញ្ញាតឲ្យមានការគ្រប់គ្រងដោយសេដ្ឋកិច្ច និងយោធាមកលើកម្ពុជា ក្នុងកម្រិតមួយដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសស្ថិតក្រោមអាណានិគមរបស់ទីក្រុងប៉េកាំង។
អ្នកវិភាគរូបនេះប្រាប់ Asia Times បន្តថា ប្រសិនបើការប្រកួតប្រជែងរបស់មហាអំណាចដើម្បីយកឥទ្ធិពលក្នុងតំបន់កើនដល់កម្រិតខ្លាំងក្លាណាមួយនោះ «កម្ពុជាប្រហែលជាដឹងដោយខ្លួនឯងថា បានស្ថិតនៅចំកណ្ដាលនៃសង្គ្រាមត្រជាក់ថ្មីមួយនៅអាស៊ីអាគ្នេយ៍»។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចស្ថិតក្នុងស្ថានភាពនេះទេ។
លោកមានប្រសាសន៍ថា៖
«កម្ពុជាយើងជាប្រទេសឯករាជ្យ អ៊ីចឹងការទំនាក់ទំនងជាមួយមិត្តទាំងអស់លើសាកលលោក គឺឈរនៅលើផលប្រយោជន៍រៀងៗខ្លួន ផលប្រយោជន៍ទាំងសងខាងទេណ៎ា! ដូច្នេះយើងមិនអាចទៅចោទប្រកាន់ថា យើងចូលជាមួយភាគីណាមួយបានទេ ព្រោះយើងជាប្រទេសឯករាជ្យ អ៊ីចឹងយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទំនាក់ទំនងជាមួយបណ្តាប្រទេសទៅតាមការគោរពនូវអធិបតេយ្យភាព និងផលប្រយោជន៍រៀងៗខ្លួនបាទ»។
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា មិនទាន់មានការឆ្លើយតបណាមួយទៅនឹងសំណួររបស់ VOA នៅថ្ងៃសុក្រនេះ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីក្រុមហ៊ុនចិន UDG និងស្ថានទូតចិនប្រចាំកម្ពុជាបានដែរ នៅថ្ងៃសុក្រនេះ។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនអភិវឌ្ឍន៍ Tianjin Union របស់ចិនដែលហៅកាត់ថា UDG នេះ ត្រូវបានផ្តល់សម្បទានចំនួន៩៩ឆ្នាំលើផ្ទៃដីប្រមាណ២០%នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាក្នុងទឹកប្រាក់ត្រឹមតែ៣០ដុល្លារក្នុងមួយហិកតាប៉ុណ្ណោះ។
សមាគមសំណង់កម្ពុជាបានប៉ាន់ស្មានថា គម្រោងដែលហៅថា «គម្រោងសាកល្បង» ដែលមានតម្លៃជាទឹកប្រាក់សរុប៣.៨០០លានដុល្លារ និងអាកាសយានដ្ឋានដែលនឹងត្រូវបានសាងសង់ នឹងត្រូវទទួលស្វាគមន៍ភ្ញៀវប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
គម្រោងនេះកំពុងត្រូវបានសាងសង់លើដីកម្ពុជាទំហំ៤.៥០០០ ហិកតា ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុងគឺស្រុកគិរីសាគរ និងបទុមសាគរ។ គម្រោងនេះ ក៏កំពុងត្រូវបានសាងសង់ នៅចំកណ្តាលសួនឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុងដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។
យ៉ាងណាក្តី ការសិក្សាស្រាវជ្រាវមួយ ដែលមានចំណងជើងថា Harboured Ambitions [មហិច្ឆិតាលាក់ទុកក្នុងចិត្ត] ដែលចេញផ្សាយកាលពីខែមេសាដោយមជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ផ្នែកការពារជាតិ [Center for Advanced Defense Studies] ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានព្រមានថា តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន ជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខនិងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា ដូចយ៉ាង គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន [Belt and Road Initiative] ជាដើម៕