ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​ថា ​សេចក្តី​ថ្លែងការណ៍​​​របស់​ G7​ «ពោរពេញ​​ដោយ​​ភាព​​ក្រអឺត​​ក្រទម ​លម្អៀង​​​និង​​ភូត​​កុហក»


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ចិន​បាន​វាយបក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ពួក​មេដឹកនាំ​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​ទាំង ៧ ហៅ​កាត់​ថា G7 បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​បញ្ឈប់​ការបញ្ជូន​គ្រឿង​បម្លាស់​អាវុធ​ទៅឱ្យ​រុស្ស៊ី។ ចិន​បាន​និយាយ​ថា​ សេចក្តីថ្លែងការណ៍​នៃ​ការបញ្ចប់​សន្និសីទ​កំពូល​របស់​ពួកគេនោះ គឺ​«ពោរពេញ​ដោយ​ភាព​ក្រអឺត​ក្រទម ​លម្អៀង​និង​ការភូត​កុហក»។ នេះ​បើ​តាម​សេចក្តីរាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP។

នៅពេល​ដែល​បណ្តាមេដឹកនាំ​នៃ​ក្រុម​ប្រទេស​ទាំង ៧ ជួបគ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ កាលពី​សប្តាហ៍​មុន ភាព​ជូរចត់​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​និង​ការ​តានតឹង​អំពី​ប្រទេស​អ៊ុយក្រែន​ និង​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ក្លាយ​ជា​ការផ្តោត​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ។

សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​នៅឯ​ចុង​បញ្ចប់​នៃ​សន្និសីទ​កំពូល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​រិះគន់​ចិន​លើ​បញ្ហា​ជា​ច្រើន​នៃ​បញ្ហា​ទាំង​នោះ។

សេចក្តីថ្លែងការណ៍​នោះ​រួមមាន​ការចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងពី​ការបញ្ជូន​សម្ភារៈ​សម្រាប់​ប្រើ​ពីរយ៉ាងទៅ​រុស្ស៊ី​ដែល​សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា​ កំពុង​ជួយ​ការខំប្រឹងប្រែងធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​និយាយ​ថា ​សេចក្តី​ថ្លែងការណ៍​នោះ​បាន «និយាយ​មួល​បង្កាច់​និង​វាយ​ប្រហារ​ចិន»។

ក្រុម​ប្រទេស G7 រួមមាន​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភព​អង់គ្លេស​និង​ប្រទេស​អ៊ីតាលី​ ក៏​បានរិះគន់​អ្វី​ដែល​ខ្លួន​បាន​ហៅថា «ការឈ្លានពាន» ប្រកប​ដោយ​គ្រោះថ្នាក់​ដោយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ការព្រួយ​បារម្ភ​ពី​ការរាលដាល​យោធា​កាន់តែ​ធំឡើង​រវាង​ចិន​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កំពុង​កើន ឡើង ហើយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នាវាហ្វីលីពីន​និង​ចិន​បាន​បុកគ្នា​នៅ​ជិត​ខ្ពង់រាប​បាតសមុទ្រ​ Second Thomas។ នេះ​បើ​តាម​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG