កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា ធនាគារពិភពលោកបានតម្លើងការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចសាកល ដោយផ្អែកលើការចំណាយរបស់ក្រុមអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែបានព្រមានថា កំណើននេះនៅខ្សោយនៅឡើយ បើផ្អែកតាមស្តង់ដារប្រវត្តិសាស្ត្រ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។
នៅក្នុងការព្យាករណ៍បច្ចុប្បនភាព ស្ថាប័នផ្តល់ប្រាក់ខ្ចីសម្រាប់ការអភិវឌ្ឍន៍មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោននេះ បានឱ្យដឹងថា នៅពេលនេះខ្លួនរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ គឺកើនឡើង ០,២% ពីខែមករា។
ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសាកលរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០២៥ គ្មានការប្រែប្រួលទេ គឺ ២,៧% គឺទាបជាងអត្រាមធ្យមភាគ ៣,១% កាលពីក្នុងទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩។
លោក Indermit Gill ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កំណើនសេដ្ឋកិច្ចស្ថិតនៅកម្រិតទាបជាងកាលពីមុនឆ្នាំ២០២០» ដោយលោកបានបន្ថែមថា ស្ថានភាពរបស់ពួកប្រទេសក្រីក្របំផុតក្នុងពិភពលោក «កាន់តែគួរព្រួយបារម្ភច្រើនជាងនេះទៅទៀត»។
លោក Gill បានថ្លែងថា៖ «ក្រុមប្រទេសទាំងនេះប្រឈមនឹងបំណុលច្រើន ការរឹតត្បិតពាណិជ្ជកម្មនិងបញ្ហាអាកាសធាតុអាក្រក់ដែលបណ្តាលឱ្យខាតបង់ច្រើន»។
លោកបានបន្ថែមថា ប្រទេសទាំងនេះត្រូវការវិនិយោគឯកជនថ្មីៗនិងកាត់បន្ថយបំណុលសាធារណៈ។
បច្ចុប្បន្ននេះ ធនាគារពិភពលោករំពឹងថា ក្រុមប្រទេសដែលមានទីផ្សារលេចឡើងនិងមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនឹងកើនឡើង ៤,០% នៅឆ្នាំនេះ ដោយច្រើនជាងការព្យាករណ៍កាលពីខែមករាបន្តិច ប៉ុន្តែក៏នៅតែទាបជាងនៅមុនការរាតត្បាតជំងឺកូវីដ១៩ដែរ។
ធនាគារពិភពលោកបានតម្លើងការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ នេះ សម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោកដល់ ១,៥% ដោយលើសពីមុន ០,៣% ដោយសារការកើនឡើងខ្លាំងនៃការព្យាករណ៍របស់ខ្លួនសម្រាប់សហរដ្ឋអាមេរិក។
នៅពេលនេះ ធនាគារនេះរំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងកើនឡើង ២,៥% នៅឆ្នាំនេះ ដោយលើសពីខែមករា ០,៩% ភាគច្រើនគឺដោយសារតែការប្រើបាស់ «ដ៏រឹងមាំ» និងចំណាយរបស់រដ្ឋាភិបាល និងការកាត់បន្ថយការនាំចូលទំនិញពីប្រទេសក្រៅចូលក្នុងប្រទេស។
លោក Ayhan Kose អនុប្រធានក្រុមសេដ្ឋវិទូនៃធនាគារពិភពលោកបា ននិយាយប្រាប់ក្រុមអ្នកកាសែតនៅមុនការចេញផ្សាយសេចក្តីរាយការណ៍នេះថា ការតម្លើងការព្យាករណ៍អំពីសហរដ្ឋអាមេរិក ជាលទ្ធផលធ្វើឱ្យជួយដល់ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ ២០២៤ ដល់ទៅ ៨០%។
ធនាគារពិភពលោកក៏បានតម្លើងការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងពិភពលោកដែរ ប៉ុន្តែបាននិយាយថា ខ្លួននៅតែរំពឹងថាមានភាពយឹតយ៉ាវនៅឆ្នាំនេះ ដោយសារការចុះថមថយសកម្មភាពអចលនទ្រព្យ។
នៅពេលនេះ ធនាគារពិភពលោករំពឹងថាមានការលូតលាស់ ៤,៨% នៅឆ្នាំនេះ គឺ០,៣% ខ្ពស់ជាងក្នុងខែមករា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ