សហរដ្ឋអាមេរិកនឹងធ្វើការប្រឆាំងតបតវិញទៅនឹងប្រទេសចិន ដែលបានដាក់ក្រុមហ៊ុនអាមេរិកាំងធ្វើជាគោលដៅត្រួតពិនិត្យរបស់ខ្លួនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយល់ថា ជាហេតុផលនយោបាយនិងមិនត្រឹមត្រូវនោះឡើយ។ នេះបើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន លោក Nicholas Burns ដែលបាននិយាយដូចនេះ កាលពីថ្ងៃទី ៧ ខែមិថុនា ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនអាមេរិកជាច្រើនបានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រួមមានផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology Inc ផលិតបន្ទះ memory របស់សហរដ្ឋអាមេរិក ដែលនិយ័តករបណ្តាញ Internetរបស់ចិន និយាយកាលពីខែឧសភាកន្លងទៅនេះថា នឹងត្រូវហាមឃាត់ មិនឱ្យលក់ផលិតផលរបស់ខ្លួនទៅឱ្យប្រតិបត្តិករនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះឡើយ។
ក្រុមហ៊ុនជំនួញជាច្រើនបានព្រមានពីការកើនឡើងនៃការប្រើប្រាស់របស់ចិន ស្តីពីការហាមឃាត់មិនឱ្យចេញទៅក្រៅប្រទេស ការគាបសង្កត់ដល់ក្រុមហ៊ុនបរទេសត្រឹមត្រូវជាច្រើន និងភាសាមិនច្បាស់ លាស់នៅក្នុងច្បាប់ប្រឆាំងចារកម្មថ្មីរបស់ខ្លួន ដែលបានរារាំងការផ្ទេរឬបញ្ជូនព័ត៌មាននានាទាក់ទងនឹងសន្តិសុខជាតិ និងភាពទូលំទូលាយនៃការឱ្យនិយមន័យទៅលើការធ្វើចារកម្មជាដើម។
លោកឯកអគ្គរដ្ឋទូត Burns បាននិយាយថា ក្រុមហ៊ុនអាមេរិកចំនួន ៥ ត្រូវបានកំណត់ជាគោលដៅដោយអាជ្ញាធរចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលក្នុងនោះរួមមានក្រុមហ៊ុន Micron ក្រុមហ៊ុន Deloitte ក្រុមហ៊ុន consultancies Bain & Company ក្រុមហ៊ុន Capvision និងក្រុមហ៊ុន Mintz Group ។
លោក Burns បានថ្លែងនៅក្នុងវេទិកាសម្ព័ន្ធភាពថ្នាក់ដឹកនាំសាកលអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន តាមរយៈប្រព័ន្ធវីដេអូពីរដ្ឋធានីប៉េកាំងប្រទេសចិនថា៖ «រឿងនេះមិនបានកើតឡើងលើក្រុមហ៊ុននៃប្រទេសផ្សេងនោះទេ ប៉ុន្តែកើតឡើងតែចំពោះក្រុមហ៊ុនអាមេរិកប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា៖ «រឿងនេះមើលទៅមានហេតុផលនយោបាយ។ វាមើលទៅទំនងដូចជាការសងសឹកពីគម្រោងផែនការរបស់ចិន ហើយនេះជារឿងខុសឆ្គង។ ច្បាស់ណាស់ យើងនឹងតវ៉ាហើយប្រឆាំងតបតវិញជុំវិញរឿងនេះ»។
មេដឹកនាំចិន លោកXi Jinping ធ្លាប់បានបញ្ជាក់ពីបញ្ហាសន្តិសុខជាតិ ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីចិនក្នុងឆ្នាំ ២០១២ មក ដោយដាក់ការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក ក៏ប៉ុន្តែរឿងនេះវាបានដើរផ្ទុយនឹងសាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលថា ខ្លួនកំពុងបើកចំហរដល់ការធ្វើវិនិយោគពីបរទេស។
ក្រុមមន្ត្រីចិនជាច្រើនបានត្អូញត្អែថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុនចិនរាប់រយ នៅក្រោមទណ្ឌកម្មនិងបញ្ជីការហាមឃាត់នាំទំនិញចេញរបស់អាមេរិកក្នុងពេលកន្លងទៅ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ