ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​ជំរុញ​ឲ្យ​អាមេរិក​និង​ចិន​បញ្ចៀស​ការ​«ប្រព្រឹត្តិ​ឬ​គណនា​ខុស»តាម​បែប​សង្រ្គាម​ត្រជាក់


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែង​សុន្ទរកថា​នៅ​កាន់​កិច្ច​ប្រជុំ​សន្តិសុខ​ Shangri-La Dialogue នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ថ្លែង​សុន្ទរកថា​នៅ​កាន់​កិច្ច​ប្រជុំ​សន្តិសុខ​ Shangri-La Dialogue នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៣។

ភាព​តានតឹង​បាន​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បន្ទាប់​ពី​មាន​ការ​ប្រឈមផ្នែកយោធា​នៅ​ច្រក​សមុទ្រតៃវ៉ាន់​មក។ កាល​ពី​ថ្ងៃទី៥ ខែ​មិថុនា​កន្លង​ទៅ​នេះ​ កង​យោធា​ជើង​ទឹកសហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​វីដេអូ​មួយពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ ជា​ការ ​«ប្រឈម​មុខ​គ្នា​ដោយ​គ្មាន​សុវត្ថិភាព»​ មួយ​ នៅ​ពេល​នាវា​ចម្បាំង​ចិន​មួយ​គ្រឿង​ ​បានបើក​កាត់​ពី​មុខ​នាវា​ចម្បាំង​ពិឃាត​របស់​អាមេរិក​នោះ។

ក្រោយពី​វិល​ត្រឡប់មក​ពី​ប្រទេស​សិង្ហបុរី​និង​វៀតណាម​វិញ​ បន្ទាប់​ពីចូលរួម​ក្នុង​កិច្ចប្រជុំសន្តិសុខ​តំបន់​ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Anthony Albanese បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​លើ​បញ្ហាជា​ច្រើន ​ជាមួយ​នឹង​ក្រុមហ៊ុនផ្សព្វផ្សាយ​អូស្ត្រាលី​ Australian Broadcasting Corp. កាល​ពី​ថ្ងៃ​ទី​៥ ខែមិថុនា​កន្លង​ទៅ​នេះ​ថា ប្រទេស​មហាអំណាច​ទាំងពីរ​នេះ ​ត្រូវ​ការ​«របាំង​ទប់ទល់» ឬ​ «ការ​ការពារ» ដែល​នឹង​ជួយ​បញ្ចៀស​ជម្លោះ​ឬ​ការ​ប្រឈមមុខ​ដាក់គ្នា ដែល​អាច​កើត​មាន​ឡើងរវាង​ប្រទេស​ទាំង​ពីរ។

លោក​បាន​បន្ថែម​ទៀតថា ការ​ប្រាស្រ័យ​ទាក់ទងគ្នា​រវាង​«ប្រជាជាតិ​និង​ប្រជាជាតិ» គឺ​ជា មធ្យោបាយដ៏​ប្រសើរ​បំផុត​មួយ ដើម្បី​បញ្ចៀស​ពី «ផលវិបាក​ប្រកប​ដោយ​ភាព​មហន្តរាយ»។

លោកថ្លែង​ដូចនេះថា៖ «សន្តិភាព​មិន​ត្រូវចាត់​ទុក​ថា​ ​ជា​រឿង​ធម្មតា​នោះ​ទេ ហើយ​ពិត​ណាស់​ គន្លឹះ​សម្រាប់​សន្តិភាព​ គឺ​ការ​ពិភាក្សា​សន្ទនា​គ្នា។ បញ្ហា​ដែល​បាន​កើតឡើង គឺ​ដោយ​សារ​តែការ​ធ្លាក់ចុះនៃទំនាក់ទំនង​ទាំង​នោះ​ ហើយ​នេះ​ជា​ហេតុផល​ ដែល​រដ្ឋាភិបាល​អាមេរិក​បានស្នើឱ្យមាន​ការ​ពិភាក្សា​ច្រើន​ជាង​មុន​ជាមួយ​ប្រទេសចិន ដែល​នេះ​ជា​រឿង​សំខាន់​ខ្លាំង​ ហើយ​ជា​រឿង​ដែល​យើង​គាំទ្រ​ ហើយជា​អ្វី​ដែល​យើង​បាន​ជំរុញ​ឲ្យ​ប្រទេសចិន​ចូលរួម»។

អូស្រ្តាលីនិង​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ​ដែល​រួម​មាន​ជប៉ុន​ និង​វៀតណាម​ផង​ដែរ​នោះ​ ​មាន​ការ​បារម្ភពី​ភាព​កាន់​តែគឃ្លើនខ្លាំងឡើងៗរបស់​ចិន​ នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​តំបន់​ប្រកប​ដោយ​ជម្លោះ​ខ្លាំង​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

អូស្រ្តាលី​គឺ​ជា​ប្រទេស​មហាអំណាច​ថ្នាក់​កណ្តាល​មួយ។​ ប្រទេស​នេះ​ មាន​សម្ព័ន្ធភាពជាមួយ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាច្រើនទសវត្សរ៍មក​ហើយ​ ដែលជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ជាតិ​របស់​ខ្លួន។

ទំនាក់ទំនង​របស់​អូស្រ្តាលី​ជាមួយ​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​នោះ​ បាន​រង​ភាព​តានតឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ លទ្ធិ ប្រជាធិបតេយ្យ​នៅ​កោះ​ហុងកុង និង​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ក៏​មាន​សញ្ញា​បង្ហាញ​ថា​ ទំនាក់​ទំនងការ​ទូត​កម្រិត​ខ្ពស់ ​កំពុងធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ មាន​ស្ថិរភាពឡើងវិញ។ លោក Albanese បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ថា ការ​រឹតត្បិតរបស់​ចិន​មិន​ឱ្យមាន​ការ​នាំ​ចូល​ប្រភេទ​ផ្លែឈើ​មូល​ពី​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ខ្លួននោះ ត្រូវ​បាន​ដកចេញហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​មានការអនុញ្ញាតប្រហាក់ប្រហែល​គ្នានេះ​ ​ឲ្យ​មាន​ការ​នាំចូលទំនិញប្រើប្រាស់​របស់​អូស្រ្តាលី​ ដែល​រួម​មាន​ធ្យូងថ្ម​ ស្រូវ​សាឡី​ និង​ឈើ​ហ៊ុប ​ចូល​ទៅ​ក្នុង​ប្រទេសចិន​ផង​ដែរ។

លោក Albanese ​ក៏​បាន​លើកឡើង​ផង​ដែរថា ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​លោក​ស្រី​ Hua Chunying នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្រ្តាលីនៅខែ​កក្កដា​ខាង​មុខ​នេះ។

នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​រូប​នេះបន្ត​ទៀត​ថា លោក​ត្រូវ​បាន​អញ្ជើញ​សា​ជាថ្មី​ឲ្យ​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់​នា​ខែ​ក្រោយ​ និង​ថា​ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​មាន​តួនាទី​ផ្នែក​ការទូតដ៏​សំខាន់​មួយក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG