រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីបានលុបចោលទស្សនកិច្ចគ្រោងទុករបស់លោកកាលពីខែកុម្ភៈ។ ទស្សនកិច្ចនេះធ្វើឡើងនៅចំពេលមានភាពតានតឹងកើតឡើង ដែលក្នុងនោះរួមមានទាំងរឿងបាឡុងចារកម្មរបស់ចិនដែលហោះកាត់ពីលើសហរដ្ឋអាមេរិកកាលពីខែកុម្ភៈកន្លងទៅនេះផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយអំពីផែនការទស្សនកិច្ចនេះជាមួយនឹងអ្នកយកព័ត៌មាន ប៉ុន្តែមិនបានផ្ដល់ព័ត៌មានណាមួយអំពីពេលវេលាជាក់លាក់នៃទស្សនកិច្ចគ្រោងទុកទៅកាន់ប្រទេសចិននេះទេ។
កាសែត The Financial Times បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងនៅក្នុងខែនេះ។
នៅពេលដែលគេសួរអំពីរឿងនេះកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតថា មិនមានដំណឹងថ្មីចុងក្រោយជាសាធារណៈណាមួយអំពីដំណើរទស្សនកិច្ចគ្រោងទុករបស់លោក Blinken ទៅកាន់ប្រទេសចិននោះទេ ប៉ុន្តែថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំ «រៀបចំពេលវេលានៃទស្សនកិច្ចនេះឡើងវិញនៅពេលណាដែលស្ថានការណ៍អំណោយផល»។
លោក Daniel Kritenbrink មន្ត្រីកំពូលក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងអ្នកស្រី Sarah Beran ប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិន បានធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីដើមសប្ដាហ៍នេះសម្រាប់អ្វីដែលលោក Patel បានហៅថាជា «ការពិភាក្សាដោយស្មោះត្រង់និងប្រកបដោយផ្លែផ្កា» ជាមួយមន្ត្រីចិន។
ក្រសួងការបរទេសចិនបានហៅការពិភាក្សាទាំងនោះថាជា «ការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ មានប្រយោជន៍ និងប្រកបដោយផ្លែផ្កាអំពីការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឱ្យបានប្រសើរឡើងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្រប»។
លោក Patel បានលើកឡើងអំពីតម្រូវការសម្រាប់មន្ត្រីអាមេរិកនិងចិនក្នុងការជួបពិភាក្សាគ្នាដោយផ្ទាល់មិនថានៅក្នុងទីក្រុងប៉េកាំងឬនៅរដ្ឋធានីវ៉ាស៊ីនតោននោះទេ ដោយលោកបាននិយាយថាមិនមានការជំនួសណាមួយសម្រាប់ការជួបគ្នាទាំងនោះ «ដើម្បីបន្តទៅមុខនូវការពិភាក្សារបស់យើង» នោះឡើយ។
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters។