ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​នឹង​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ចិន​ថ្មី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក លោក Xie Feng បាន​មកដល់អាកាសយានដ្ឋាន​ JFK ក្នុង​បុរីញូវយ៉ក។
​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក លោក Xie Feng បាន​មកដល់អាកាសយានដ្ឋាន​ JFK ក្នុង​បុរីញូវយ៉ក។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថាកាលពី​ថ្ងៃ សុក្រ ទី២ ខែ​មិថុនា អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Jay Shambaugh បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក លោក Xie Feng ដោយ​ធ្វើ​ការ​ពិភាក្សា​មួយ​ក្នុង​គោលបំណង​រក្សា​ទំនាក់ទំនង​បើក​ចំហរ​រវាង​ប្រទេស​ទាំង២ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា«ជំនួប​នេះ​មាន​ភាព​ស្មោះត្រង់ ប្រកបដោយ​ការស្ថាបនា​និង​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​ដើម្បី​រក្សា​ទំនាក់ទំនង​បើក​ចំហរ​និង​គ្រប់គ្រង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ»។

លោក Shambaugh ដែល​ជា​ប្រធាន​កិច្ចការ​អន្តរជាតិ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​លោក Xie ក៏ប៉ុន្តែ«បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់របស់​ប្រទេស​ទាំង២ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ហើយ​នឹងធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​លើ​បញ្ហា​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល និង​ធ្វើ​ការ​រួម​គ្នា​លើ​បញ្ហា​ប្រឈម​ជា​សកល»។

ការចូលរួម​ទ្វេភាគី​លើ​បញ្ហា​សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង​នា​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ភាព​តាន តឹង​នៅ​តែ​មាន​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ចិន​បាន​បដិសេធ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក លោក Lloyd Austin ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​មួយ​ក្នុង​ប្រទេស​សិង្ហបុរី។

កាលពី​សប្តាហ៍​មុន តំណាង​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Katherine Tai និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី Gina Raimondo បាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao ដោយ​ភាគី​ទាំង​សង​ខាង​មាន​ការ​ជំទាស់​លើ​គោលនយោបាយ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​នាំ​ចេញ​របស់​ភាគី​ម្ខាង​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​បង្ហាញ​ក្តីសង្ឃឹម​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​ដើម្បី​ជួប​ជាមួយ​សមភាគី​ថ្មី​របស់​អ្នកស្រី​គឺ​លោកឧបនាយក​រដ្ឋមន្ត្រី He Lifeng។

កាលពី​ខែមេសា អ្នកស្រី Yellen បាន​ធ្វើ​សុន្ទរកថា​ដ៏​វែង​មួយ​ដោយ​ដាក់​ចេញ​នូវ​គោល បំណង​របស់​រដ្ឋបាល ​លោក Biden សម្រាប់​ចំណង​ទាក់ទង​សេដ្ឋកិច្ច «បែប​ស្ថាបនា​និង​យុត្តិធម៌» ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​និយាយ​ថា អ្នកស្រី​ចង់ «និយាយ​ឱ្យ​ច្បាស់ៗ» និង​គ្រប់គ្រង​ទំនាក់ទំនង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG