ខណៈពេលដែលប្រទេសចិនព្យាយាមបង្ហាញឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍ពាណិជ្ជកម្មនិងទេសចរណ៍បរទេស អាជ្ញាធរព្រំដែនចិនបានប្រកាសកាលពីពេលថ្មីៗនេះថា អ្នកទេសចរបរទេសដែលទស្សនាប្រទេសចិនមានចំនួនជាង ៣៥ លាននាក់នៅក្នុងឆ្នាំ ២០២៣។
តួលេខនេះគឺមានចំនួនច្រើនជាងតួលេខឆ្នាំ ២០២២ ជិត ៧ ដង ដែលនៅពេលនោះវិធានការបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងបំផុតរបស់ចិននៅជាធរមាននៅឡើយ ហើយអ្នកទេសចរមិនហ៊ានទៅកម្សាន្តនៅប្រទេសចិន។
ទោះជាយ៉ាងនេះក្ដី តួលេខឆ្នាំ ២០២៣ គឺមានចំនួនប្រហែលតែមួយភាគបីប៉ុណ្ណោះនៃអ្នកទេសចរបរទេសចំនួន ៩៧ លាននាក់ ដែលបានទៅលេងប្រទេសចិននៅក្នុងឆ្នាំ ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ១៩។
អ្នកជំនាញនិងអ្នកដាក់ពាក្យសុំទិដ្ឋាការបាននិយាយថា ក្ដីបារម្ភអំពីសេរីភាពផ្ទាល់ខ្លួនកំពុងបង្អាក់ទឹកចិត្តរបស់អ្នកទេសចរ ទោះបីជារដ្ឋាភិបាលចិនបានបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការក៏ដោយ។
ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបន្ធូរបន្ថយលក្ខខណ្ឌដាក់ពាក្យសុំទិដ្ឋាការសម្រាប់ពលរដ្ឋអាមេរិកាំង ដោយលែងតម្រូវឱ្យពួកគេភ្ជាប់នូវព័ត៌មានលម្អិតនានាដូចជាសំបុត្រយន្តហោះទៅវិញទៅមក ការកត់បន្ទប់សណ្ឋាគារ កាលវិភាគធ្វើដំណើរ ឬក៏លិខិតអញ្ជើញផ្សេងៗជាដើម។
នេះគឺជាការផ្លាស់ប្ដូរដែលពលរដ្ឋអាមេរិកាំងមួយចំនួនពេញចិត្ត។ និស្សិតទើបបញ្ចប់ការសិក្សាម្នាក់បានប្រាប់ VOA ថា លោកមានគម្រោងធ្វើដំណើរទេសចរណ៍ដ៏វែងឆ្ងាយនិងស្មុគស្មាញដោយសង្ឃឹមថានឹងចាប់ផ្ដើមពីប្រទេសចិននិងបញ្ចប់នៅតំបន់អាស៊ីអាគ្នេយ៍។
និស្សិតទើបបញ្ចប់ការសិក្សាដែលស្នើឱ្យហៅលោកថា Michael ដើម្បីកុំឱ្យអាជ្ញាធរចិនចាប់អារម្មណ៍នេះ បាននិយាយថា៖ «ខ្ញុំចង់ស្នាក់នៅក្នុងទីក្រុងប៉េកាំងមួយរយៈនៅពេលដំបូងដើម្បីទស្សនាកន្លែងបុរាណនានារបស់ចិន ហើយបន្ទាប់មកធ្វើដំណើរទៅខេត្ត Yunnan នៅភាគខាងត្បូង និងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសឡាវនិងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត»។
ប៉ុន្តែ លោក Michael បានបញ្ជាក់ថា លោករារែកក្នុងការធ្វើដំណើរទៅប្រទេសចិនតាមការគ្រោងទុកបើទោះបីជាប្រទេសនេះជាប្រទេសដែលលោកចង់ទៅទស្សនាជាងគេបំផុតក៏ដោយ ដោយសារតែលោកខ្លាចប្រឈមនឹងហានិភ័យចំពោះសេរីភាពផ្ទាល់ខ្លួនទោះបីជាលោកជាអ្នកទេសចរក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំបានឃើញក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយការណែនាំថ្មីសម្រាប់ការធ្វើដំណើរដោយឱ្យពិចារណាឡើងវិញអំពីការធ្វើដំណើរ [ទៅកាន់ប្រទេសចិន]។ ខ្ញុំមិនច្បាស់ទេថាតើខ្ញុំគួរគ្រោងធ្វើដំណើរទៅកាន់ប្រទេសចិនឬក៏អត់ ឬក៏ប្រហែលជាខ្ញុំអាចទៅប៉ុន្តែគួរតែមានការប្រយ័ត្នប្រយែងឬក៏យ៉ាងណានោះ ខ្ញុំមិនទាន់ដឹងទេ»។
កាលពីខែមិថុនាឆ្នាំមុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយជាថ្មីអំពីការជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នកម្រិត ៣ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយបានជំរុញឱ្យអ្នកធ្វើដំណើរពិចារណាឡើងវិញអំពីការធ្វើដំណើរទៅទីនោះដោយសារតែអាចមាន «ហានិភ័យនៃការត្រូវគេឃុំខ្លួនខុសច្បាប់»។
សេចក្ដីជូនដំណឹងនោះក៏មានបញ្ជាក់អំពីអ្វីដែលបានលើកឡើងនៅក្នុងការជូនដឹណឹងឱ្យប្រុងប្រយ័ត្នកាលពីលើកមុនៗផងដែរ ដែលនោះគឺការពិចារណាឡើងវិញអំពីការធ្វើដំណើរផ្អែកលើហានិភ័យនៃ «ការពង្រឹងការអនុវត្តច្បាប់មូលដ្ឋានដោយមិនរើសមុខ ដែលក្នុងនោះរួមមានទាំងការហាមឃាត់មិនឱ្យចេញពីប្រទេសចិនផងដែរ»។
ក្ដីបារម្ភដូចនេះគឺជាផ្នែកមួយនៃបញ្ហាដែលរដ្ឋាភិបាលចិនកំពុងប្រឈម នៅពេលដែលខ្លួនព្យាយាមបង្ហាញនូវរូបភាពវិជ្ជមានទៅកាន់ពិភពលោកឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍អ្នកជំនួញនិងអ្នកទេសចរ។
បទបញ្ញត្តិបន្ធូរបន្ថយសម្រាប់ពលរដ្ឋអាមេរិកាំងនេះបានធ្វើឡើងក្នុងពេលមួយខែក្រោយមកបន្ទាប់ពីប្រទេសចិនបានប្រកាសអំពីគោលនយោបាយគ្មានទិដ្ឋាការនៅខែធ្នូឆ្នាំមុនសម្រាប់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនមកពីប្រទេសចំនួន ៦ ដែលនោះគឺបារាំង អាល្លឺម៉ង់ ហូឡង់ អ៊ីតាលី ម៉ាឡេស៊ី និងអេស្ប៉ាញ។
ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិនបានបញ្ជាក់ថា ភ្ញៀវទេសចរមកពីប្រទេសទាំងនេះកាលពីខែធ្នូឆ្នាំមុនមានចំនួនច្រើនជាងខែវិច្ឆិកាឆ្នាំមុនចំនួន ២៨,៥%។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានបន្ថែមប្រទេសស្វីសនិងប្រទេសអៀរឡង់ចូលទៅក្នុងគោលនយោបាយគ្មានទិដ្ឋាការនេះ។
ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានបញ្ជាក់កាលពីខែមករាកន្លងទៅនេះថា ខ្លួនមានបំណងបង្កើនការហោះហើរដោយផ្ទាល់រវាងប្រទេសចិននិងសហរដ្ឋអាមេរិកពីការហោះហើរបច្ចុប្បន្នចំនួន ៦៣ ជើងក្នុងមួយសប្ដាហ៍។ កាលពីខែវិច្ឆិកាឆ្នាំមុន ទីភ្នាក់ងារនេះបានកំណត់គោលដៅធ្វើយ៉ាងណាសម្រេចឱ្យបានការហោះហើរនេះរហូតដល់ទៅ ៧០ ជើងក្នុងមួយសប្ដាហ៍ដើម្បីលើកស្ទួយវិស័យទេសចរណ៍និងពាណិជ្ជកម្ម។
បើទោះបីជាគេនៅមិនទាន់ច្បាស់នៅឡើយថាតើការបង្កើនការហោះហើរនិងការបន្ធូរបន្ថយការរឹតត្បិតរឿងទិដ្ឋាការនេះបានជួយបង្កើនចំនួនពលរដ្ឋអាមេរិកាំងទៅទស្សនាប្រទេសចិនឬក៏អត់ អ្នកដែល VOA បាននិយាយជាមួយដែលមានគម្រោងទៅលេងប្រទេសចិនឬក៏ធ្លាប់ធ្វើដំណើរទៅចិនជាញឹកញាប់បានបង្ហាញអំពីក្ដីបារម្ភថាហានិភ័យអាចកាន់តែអាក្រក់ជាងមុន។
ពលរដ្ឋអាមេរិកាំងដើមកំណើតចិនម្នាក់មកពីទីក្រុង Houston រដ្ឋ Texas ដែលធ្វើការនៅក្នុងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងធ្វើដំណើរទៅប្រទេសចិន ៥ ទៅ ៦ ដងក្នុងមួយឆ្នាំៗ បានប្រាប់ VOA ថា ទោះបីជាលក្ខខណ្ឌសម្រាប់ដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ត្រូវបានបន្ធូរបន្ថយក៏ដោយ លោកបានកត់សម្គាល់ឃើញតាំងពីឆ្នាំមុនមកថា មន្ត្រីគយចិនបានសួរអ្នកទេសចរដែលធ្វើដំណើរទៅដល់នូវសំណួរច្រើនជាងកាលពីលើកមុន។
លោកបានស្នើឱ្យហៅលោកថា «លោក Li» ដើម្បីឱ្យលោកអាចនិយាយបានដោយសេរីជាមួយនឹង VOA អំពីបញ្ហានេះ។
លោកបាននិយាយថា៖ «ចំណុចខុសគ្នាមួយគឺថា ឥឡូវនេះចិន «ចាត់ទុកដោយស្ងាត់ស្ងៀម» ថារាល់ជនបរទេសទាំងអស់ រួមទាំងជនជាតិចិនដែលរស់នៅបរទេសផងដែរ គឺជាចារជន»។
កាលពីខែកក្កដាឆ្នាំមុន ច្បាប់កែប្រែថ្មីរបស់ចិនអំពីការប្រឆាំងនឹងចារកម្មបានចូលជាធរមាន។ ករណីនេះបានបង្កឱ្យមានការភ័យខ្លាចថាអាចមានការចាប់ខ្លួនតាមទំនើងចិត្តបន្ថែមទៀត និងធ្វើឱ្យពលរដ្ឋអាមេរិកាំងកាន់តែព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសចិន ហើយពលរដ្ឋចិនកាន់តែមានការប្រុងប្រយ័ត្ននឹងជនបរទេស។
លោក Zev Faintuch អ្នកវិភាគជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់នៃក្រុមហ៊ុន Global Guardian ដែលជាក្រុមហ៊ុនវាយតម្លៃលើហានិភ័យដែលធ្វើការជាមួយនឹងក្រុមហ៊ុនពហុជាតិផ្សេងៗ បាននិយាយថា អ្នកធ្វើដំណើរនៅតែមានចំណាប់អារម្មណ៍ច្រើនក្នុងការធ្វើដំណើរទៅប្រទេសចិន។
ប៉ុន្តែ លោកបានបន្ថែមថា៖ «ដោយសារច្បាប់នោះ វាកាន់តែងាយស្រួលជាងមុនតាមផ្លូវច្បាប់ក្នុងការឃុំឃាំងជនបរទេស»។
លោក Faintuch បានបញ្ជាក់ទៀតថា លោកបានឃើញមានការកើនឡើងនូវអាជីវកម្មដែលចង់វាយតម្លៃលើស្ថានការណ៍ទូទៅនៅក្នុងប្រទេសចិន ប៉ុន្តែមិនមានសុទិដ្ឋិនិយមថាស្ថានការណ៍នោះនឹងប្រសើរឡើងឡើយ។
លោកបានលើកឡើងដូច្នេះថា៖ «អ្វីដែលយើងប្រាប់អតិថិជនរបស់យើងគឺថា យើងជឿថាឱកាសនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសចិនគឺអស់ហើយសម្រាប់ក្រុមហ៊ុនបស្ចិមប្រទេស»។
លោក Yanzhong Huang អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុខភាពសាកលនៃអង្គការ Council on Foreign Relations បានប្រាប់ VOA ថា ភ្ញៀវទេសចរគួរតែពិចារណាអំពីចំណុចនោះមុនពេលមានផែនការធ្វើដំណើរទៅប្រទេសចិន។
លោកបានថ្លែងដូច្នេះថា៖ «ការចេញផ្សាយច្បាប់ប្រឆាំងនឹងចារកម្មនេះបានលើកទឹកចិត្តឱ្យពលរដ្ឋចិនរាយការណ៍ទៅរដ្ឋាភិបាលនូវអ្នកណាដែលពួកគេចាត់ទុកថាជាភ្នាក់ងារផ្សេងៗដូចជាភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិកជាដើម»។។
លោកបានបន្ថែមថា វិធីសាស្ត្រនេះគឺ «គ្មានលក្ខណៈស្វាគមន៍សម្រាប់ភ្ញៀវទេសចរដែលមានគម្រោងទៅលេងប្រទេសចិននោះឡើយ»៕។
ប្រែសម្រួលដោយលោក ឈឹម សុមេធ