យោធាជើងទឹកចិនបានចាប់ផ្តើមអមនាំនាវាដឹកទំនិញចិនឆ្លងកាត់តំបន់សមុទ្រក្រហម។ នេះបើយោងទៅតាមក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយ និងសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ការណ៍នេះបានកើតឡើងស្របពេលក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនបានសម្រេចបញ្ចៀសពីការធ្វើដំណើរលើច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មមួយនេះនៅលើពិភពលោក ដោយសារតែការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី (Houthi)។
ចាប់តាំងពីខែវិច្ឆិកា ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារដោយយន្តហោះដ្រូន និងគ្រាប់មីស៊ីលមកលើនាវា ដែលឆ្លងកាត់តាមច្រកសមុទ្រក្រហម ជាសកម្មភាពដែលក្រុមឧទ្ទាមនេះនិយាយថា ដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅប៉ាឡេស្ទីននៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល។
ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានឆ្លើយតប ដោយបាញ់គ្រាប់មីស៊ីលមកលើទីតាំងរបស់ក្រុមឧទ្ទាមហ៊ូទី។ ប្រតិបត្តិការនេះត្រូវបានគាំទ្រដោយកងកម្លាំងរួមពីបារ៉ែន អង់គ្លេស កាណាដា បារាំង ហូឡង់ អ៊ីតាលី ន័រវែស សីស្ហែល និងអេស្ប៉ាញ។
ប៉ុន្តែមកទល់ពេលនេះ ប្រតិបត្តិការមិនបានបញ្ឈប់ការចាត់គោលដៅវាយប្រហារមកលើនាវាដឹកទំនិញនោះទេ។
ស្របពេលក្រុមហ៊ុនដឹកជញ្ជូនទំនិញភាគច្រើនបានផ្លាស់ប្តូរផ្លូវធ្វើដំណើរតាមច្រកផ្សេងទៀតនៅអាហ្រ្វិក ដែលមានចម្ងាយឆ្ងាយជាងមុន ធ្វើឱ្យតម្លៃ និងពេលវេលាកើនឡើងទ្វេដង ក្រុមហ៊ុន Sea Legend Shipping ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅខេត្ត Qingdao ប្រទេសចិន និងចុះបញ្ជីនៅសិង្ហបុរី កំពុងផ្សព្វផ្សាយសេវាកម្មដឹកជញ្ជូនទំនិញរបស់ខ្លួនតាមច្រកសមុទ្រក្រហម។
ក្រុមហ៊ុននេះថា ចាប់តាំងពីខែមករាមក យោធាចិនបានជួយអមនាំនាវាដឹកជញ្ជូនទំនិញរបស់ខ្លួនចេញពីតំបន់សមុទ្រក្រហម ដោយធ្វើឱ្យក្រុមហ៊ុន Sea Legend Shipping ស្ថិតក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលនៅតែបន្តប្រតិបត្តិការក្នុងតំបន់នេះ។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយរបស់ចិន។
នៅក្នុងសារអ៊ីម៉ែលឆ្លើយតបចំពោះសំណើសុំការបញ្ជាក់និងអធិប្បាយពាក់ព័ន្ធនឹងទំហំនៃការផ្តល់ការការពារសន្តិសុខចំពោះនាវាដឹកទំនិញ លោក Yuan Mu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានបង្វែរសំណួររបស់វីអូអេទៅកាន់អង្គភាពដែលមានការទទួលខុសត្រូវដោយផ្ទាល់ជុំវិញបញ្ហានេះ។
អ្នកនាំពាក្យរូបនេះបានលើកឡើងនៅក្នុងសារអ៊ីម៉ែលថា៖ «ជារួម ចិនប្រកាន់ជំហរត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការជាមួយគ្រប់ភាគី ដើម្បីការពារសុវត្ថិភាពនៃច្រកដឹកជញ្ជូនអន្តរជាតិ»។
បើទោះបីជា ក្រុមហ៊ូទីនិយាយថា ការដឹកជញ្ជូនពីប្រទេសខ្លះរួមមាន ចិន និងរុស្ស៊ី អាចធ្វើការឆ្លងកាត់ដោយសុវត្ថិភាព នាវាដឹកប្រេងអង់គ្លេសដែលដឹកប្រេងរបស់រុស្ស៊ីបានរងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ក្រុមហ៊ូទីនិងបានឆាបឆេះកាលពីពេលថ្មីៗនេះ។
គេហទំព័រព័ត៌មានស្តីពីការដឹកជញ្ជូន oilprice.com រាយការណ៍ថា សូម្បីតែនាវាដឹកប្រេងរុស្ស៊ីក៏បញ្ចៀសពីតំបន់សមុទ្រក្រហមផងដែរ។
ប្រហែល ៤០ភាគរយនៃពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ីឆ្លងកាត់តាមតំបន់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ (Suez) និងរាប់រ៉ងប្រហែល ១២ភាគរយនៃការដឹកជញ្ជូនប្រេងតាមសមុទ្រនៅលើសាកលលោក។
អ្នកស្រី Jennifer Kavanagh អ្នកស្រាវជ្រាវជាន់ខ្ពស់កម្មវិធី American Statecraft ប្រចាំអង្គការ Carnegie Endowment for International Peace និយាយថា នាវាចិនគួរតែអាចឆ្លងកាត់តាមតំបន់សមុទ្រក្រហមដោយមិនត្រូវរងការវាយប្រហារ ប៉ុន្តែការវាយប្រហារបានបង្កឱ្យមានការចំណាយពេលវេលាច្រើនជាងមុនសម្រាប់ការដឹកជញ្ជូនរវាងចិននិងអឺរ៉ុប និងធ្វើឱ្យតម្លៃថាមពល ការដឹកជញ្ជូន និងធានារ៉ាប់រងខ្ពស់ជាងមុន។
អ្នកស្រីថ្លែងថា៖ «ការមានការសម្រេបសម្រួលក្បួននាវារវាងសហរដ្ឋអាមេរិកនិងយោធាចិន គឺជារឿងអស្ចារ្យមួយ ប៉ុន្តែពិតណាស់មានមធ្យោបាយផ្សេងៗដែលយោធាចិននៅក្នុងតំបន់អាចរួមចំណែកក្នុងផ្នែកសន្តិសុខផ្លូវទឹក»។
លោក John Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្រ្តប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងកាលពីថ្ងៃទី១ ខែកុម្ភៈថា លោកមិនអាចបញ្ជាក់របាយការណ៍ដែលថា យោធាចិនកំពុងអមនាំនាវាឆ្លងកាត់តំបន់សមុទ្រក្រហមនោះទេ និងថា លោកដឹងថា មិនមានការសម្របសម្រួលរវាងយោធាជើងទឹកចិននិងសហរដ្ឋអាមេរិក ឬកងកម្លាំងចម្រុះនោះទេ។
លោក Kirby ថ្លែងថា៖«យើងបាននិយាយជាច្រើនលើកមកហើយថា ប្រសិនបើចិនចង់ជួយកិច្ចប្រឹងប្រែងការពារការដឹកជញ្ជូននៅតំបន់សមុទ្រ នោះយើងច្បាស់នឹងស្វាគមន៍»។
រដ្ឋាភិបាលប្រទេសលោកខាងលិចបានជំរុញឱ្យចិនដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យប្រាប់ឱ្យក្រុមហ៊ូទីដកថយ។
លោក Chong Ja-Ian អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថាន Carnegie China និងសាស្រ្តាចារ្យជំនួយផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានប្រាប់វីអូអេថា រដ្ឋាភិបាលក្រុងប៉េកាំងអាចស្នើឱ្យអ៊ីរ៉ង់ជំរុញឱ្យក្រុមហ៊ូទីឈប់ធ្វើការវាយប្រហារលើផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ស្របពេលសហរដ្ឋអាមេរិកព្យាយាមកម្ចាត់ការគំរាមកំហែងជាបន្ទាន់។
លោក Chong ថ្លែងថា៖ «ភាគីទាំងពីរអាចធ្វើការជាមួយគ្នា មិនមែនដោយសារតែពួកគេចូលចិត្តគ្នានោះទេ ប៉ុន្តែពីព្រោះបញ្ហាផ្សេងៗដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់ និងវត្តមានថាមពលមានតម្លៃទាំងសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមាននៅក្នុងរបាយការណ៍កាលពីថ្ងៃទី៣០ ខែមករាថា ការបន្តវាយប្រហារនៅតំបន់សមុទ្រក្រហមកំពុងបង្កហានិភ័យមកលើទស្សនៈវិស័យប្រសើរជាងមុនសម្រាប់កំណើនសេដ្ឋកិច្ចសាកលលោកតាមរយៈការគំរាមកំហែងបង្កើនតម្លៃទំនិញ។
លោក Ralph Ossa សេដ្ឋវិទូជាន់ខ្ពស់ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែមករាថា អង្គការប្រហែលបន្ទាបការព្យាករណ៍កំណើនពាណិជ្ជកម្ម ដោយសារតែផលប៉ះពាល់ពីការបង្អាក់នៅព្រែកជីកស៊ុយអេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ