ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ចិន​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នៅពេល​ដែល​សង្គ្រាម​ស៊ីវិល​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង


រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi និយាយ​ជាមួយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​លោក Min Aung Hlaing កាលពីថ្ងៃទី​១៤ សីហា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi និយាយ​ជាមួយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​លោក Min Aung Hlaing កាលពីថ្ងៃទី​១៤ សីហា ឆ្នាំ២០២៤។

អ្នក​ការទូត​កំពូល​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ទៅបំពេញ​ទស្សនកិច្ច​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​បាន​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​យោធា​នៅពេល​ដែល​អស្ថិរភាព​កាន់តែ​រីកធំឡើង​មកពី​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​ជិត​ខាង​ដែល​បណ្តាល​ឱ្យ​មាន​ការព្រួយកង្វល់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​កើតមាន​ឡើង​បន្ទាប់ពី​កងទ័ព​មីយ៉ាន់ម៉ា​បាន​ចាញ់​នៅ​សមរភូមិ​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេលមុន​ដោយសារ​កងជីវពល​ជនជាតិ​ភាគតិច​ដ៏​មាន​អំណាច ជាពិសេស​នៅ​ក្នុង​តំបន់​ភាគ​ឥសាន្ត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ចិន។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​កើត​មាន​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​លោក Min Aung Hlaingប្រធាន​ក្រុម​ប្រឹក្សា​យោធា​កាន់​អំណាច​របស់​មីយ៉ាន់ម៉ា​បាន​ចោទប្រកាន់​ថា​ពួក​ប្រទេស​ក្រៅ​កំពុង​គាំទ្រ​ពួក​កងជីវពល​នូវ​ជំនួយ​អាវុធ បច្ចេក​ទេស​និង​ជំនួយ​ផ្សេងៗទៀត។

លោក​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ទាំង​នោះ​ទេ ក៏ប៉ុន្តែ ត្រូវ​គេ​យល់​ថា​សំដៅ​លើ​ប្រទេស​ចិន​ដែល​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​កងជីវ ពល​ជនជាតិ​ភាគតិច​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​បណ្តោយ​ព្រំដែន។

ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា MRTVបាន​រាយការណ៍​ថា​លោក Wangបាន​ប្រាប់​លោក Min Aung Hlaingថា​ចិន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ស្ថិរភាព​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ថា​ខ្លួន​ជំទាស់​ប្រឆាំង​នឹង​ការវាយ​ប្រហារ​ដោយ​ពួក​កងជីវពល​ជនជាតិ​ភាគតិច​លើ​តំបន់​នានា​ដែល​ត្រួតត្រា​ដោយ​យោធា​នៅ​ក្នុង​រដ្ឋShanភាគ​ខាង​ជើង។

ទូរទស្សន៍​នោះ​បាន​រាយការណ៍​ទៀត​ថា​លោក Wang និង​ពួក​មន្ត្រី​កំពូលៗបាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ទំនាក់​ទំនង​ទ្វេភាគី ស្ថិរភាព​តំបន់​ព្រំដែន​និង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ការលប់បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធInternet ហើយ​នឹង​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗទៀត។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​បាន​ដកស្រង់​សម្តី​របស់​លោក Wang មកចុះផ្សាយ​ថា​ចិន «ជំទាស់​ប្រឆាំង​ភាពចលាចល​និង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​មីយ៉ាន់ម៉ា​ដោយ​កម្លាំង​ពី​ខាង​ក្រៅ​ហើយ​និង​ការប៉ុនប៉ង​ណាមួយដើម្បី​ជំរុញ​ឱ្យ​មាន​ការបែកបាក់​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ហើយ​នឹង​បង្ខូច​ឈ្មោះ​ចិន។

បណ្តាញ​ព័ត៌មាន​នោះ​បាន​និយាយ​ទៀត​ថាលោក Wang ក៏​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា​មីយ៉ាន់ម៉ា«នឹង​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​សុវត្ថិភាព​របស់​បុគ្គលិក​និង​គម្រោង​របស់​ចិន​នៅ​ទីនោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG