រដ្ឋមន្ត្រីការបរទេសចិននិងរុស្ស៊ី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃសុក្រ ក្រោយពីបានប្តេជ្ញាថា នឹងទប់ទប់ជាមួយ «កម្លាំងមកពីក្រៅតំបន់» នៅអាស៊ីអាគ្នេយ៍ មួយថ្ងៃមុនមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្សេងៗរបស់អាស៊ាននៅទីនោះ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។
លោក Wang Yi និងលោក Sergei Lavrov បានចូលរួមនៅក្នុងកិច្ចប្រជុំ៣ថ្ងៃរបស់សមាគមអាស៊ាន នៅក្នុងរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។
លោកទាំងពីរបានធ្វើការពិភាក្សាជាមួយដៃគូរបស់ខ្លួននៅក្នុងប្លុកអាស៊ាន ហើយលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ក៏បានជួបជាមួយលោករដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស លោក David Lammy ផងដែរ។
កាលពីថ្ងៃព្រហស្សតិ៍ លោក Wang និងលោក Lavrov បានយល់ស្របគ្នាដើម្បីធ្វើការជាមួយគ្នា ក្នុងកិច្ចប្រឹងប្រែង«ទប់ទល់ជាមួយកិច្ចប្រឹងប្រែងណាមួយរបស់កម្លាំងក្រៅតំបន់ ដើម្បីលូកលាន់ចូលកិច្ចការរបស់អាស៊ីអាគ្នេយ៍ នេះបើតាមក្រសួងការបរទេសរុស្ស៊ី។
លោក Lavrov បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អស់លោកក៏បានពិភាក្សាអំពីការអនុវត្ត «ផែនការសន្តិសុខថ្មីមួយ» ក្នុងតំបន់អឺរ៉ុបអាស៊ីផងដែរ ក៏ប៉ុន្តែមិនបាននិយាយលម្អិតបន្ថែម។
បើតាមសារមួយពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសចិន Xinhua នោះ លោក Wang បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងបាន«ត្រៀមខ្លួនរួចស្រេចដើម្បីធ្វើការជាមួយរុស្ស៊ី ដើម្បី...គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ រក្សាការពារផលប្រយោជន៍សំខាន់ជាស្នូលរបស់ប្រទេសទាំងពីរ»។
ចិនជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ច យ៉ាងជិតដិតរបស់រុស្ស៊ី ហើយសមាជិកនៃអង្គការអូតង់ បានចាត់ទុករដ្ឋាភិបាលក្រុងប៉េកាំង ថាជា «អ្នកជួយជំរុញយ៉ាងជាក់លាក់» នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken ត្រូវបានរំពឹងថានឹងអញ្ជើញទៅដល់ទីក្រុងវៀងចន្ទន៍ នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីធ្វើការពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន។
លោក Blinken បានយកសម្ពន្ធភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងតំបន់អាស៊ីជាអាទិភាពនយោបាយការបរទេសចម្បង ដោយមានគោលបំណង «ជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរីនិងចំហមួយ មានដំណើរការទៅមុខ» ដែលជាវិធីនិយាយមិនចំៗ ក្នុងការរិះគន់ប្រទេសចិនមហិច្ឆតារបស់ចិន។
ប៉ុន្តែលោក Blinken បានកាត់បន្ថយទស្សនកិច្ចរបស់លោកទៅតំបន់អាស៊ីចំនួនមួយថ្ងៃ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយនៅសេតវិមានរវាងលោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Benjaman Netanyahu នៃប្រទេសអ៊ីស្រាអែល។
លោក Wang និងលោក Blinken នឹងជួបគ្នានៅក្នុងប្រទេសឡាវ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាដែលចិននិងអាមេរិក មានការព្រួយបារម្ភដូចគ្នា នេះបើតាមសម្តីរបស់ស្ត្រីអ្នកនាំពាក្យនៃក្រសួងការបរទេសចិន។
ជម្លោះនៅសមុទ្រចិនខាងត្បូង
កាលពីថ្ងៃសុក្រ លោក Wang Yi បានជួបជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយបានកោតសរសើរអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកាន់តែស៊ីជម្រៅរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជាមួយតំបន់អាស៊ាន។
នៅពេលចាប់ដៃគ្នាតាមទំនៀមទម្លាប់របស់អាស៊ាន លោក Wang បានឈរជាប់ជាមួយតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា លោក Aung Kyaw Moe ដែលជាលេខាអចិន្ត្រៃយ៍ប្រចាំក្រសួងការបរទេស។
កន្លងមក អាស៊ានមិនអនុញ្ញាតឱ្យរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ដោយសារការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ និង ការបង្រ្កាបអ្នកប្រឆាំង ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរ។
លោក Lavrov ក៏បានជួបជាមួយដៃគូអាស៊ាន នៅក្នុងទីក្រុងវៀងចន្ទន៍ដែរ ក៏ប៉ុន្តែលោកមិនបានឆ្លើយសំណួររបស់អ្នកកាសែតទេ។
រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវគេរំពឹងថានឹងចេញសេចក្ដីប្រកាសរួមមួយ ក្រោយពីកិច្ចប្រជុំ៣ថ្ងៃនេះ។
ប្រភពការទូតមួយបាននិយាយថា សេចក្តីប្រកាសរួមនោះ ត្រូវបានជាប់គាំងដោយសារការខ្វះ ការយល់ស្របគ្នា លើពាក្យពេចន៍នៅក្នុងផ្នែកដែលនិយាយអំពីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងប៉េកាំង អះអាងថា តំបន់សមុទ្រចិនខាងត្បូង ដែលនាវាដឹកទំនិញមានទឹកប្រាក់ រាប់លានលានដុល្លារ បើកបរឆ្លងកាត់ក្នុងមួយឆ្នាំ ជាដែនទឹករបស់ចិន ស្ទើរតែទាំងអស់ទោះជាសេចក្តីសម្រេចមួយរបស់តុលាការអន្តរជាតិ បាននិយាយថា ការអះអាងបែបនេះរបស់ចិន គ្មានមូលដ្ឋានច្បាប់អ្វីក៏ដោយ។
ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ធ្វើការអះអាងត្រួតគ្នាក្នុងតំបន់សមុទ្រចិនខាងត្បូងដែរ៕
ប្រែសម្រួលដោយលោក ប៉ូច រាសី
វេទិកាបញ្ចេញមតិ