ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ខ្លួននឹងបង្កើនការផ្ដល់សិទ្ធិធ្វើអន្តោប្រវេសន៍ដល់ពលរដ្ឋហុងកុងរហូតដល់ ៣ លាននាក់ ដើម្បីឲ្យពួកគេអាចកាន់លិខិតឆ្លងដែនអង់គ្លេសសម្រាប់អ្នករស់នៅក្រៅប្រទេស ដោយសង្កត់ធ្ងន់ថា ហុងកុងនឹងត្រូវរក្សាកាតព្វកិច្ចប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះអតីតអាណានិគមនិយមអង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តច្បាប់សន្ដិសុខជាតិហុងកុងថ្មីនៅក្នុងទីក្រុងហុងកុងមក។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានថ្លែងប្រាប់សមាជិកសភាថា ចក្រភពអង់គ្លេសបានកែប្រែបទបញ្ញត្តិអន្តោប្រវេសន៍របស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនអង់គ្លេសសម្រាប់អ្នករស់នៅក្រៅប្រទេសអាចមានសិទ្ធិសុំសញ្ជាតិបាន។ ពលរដ្ឋហុងកុងដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងអាចមានសិទ្ធិរស់នៅនិងធ្វើការក្នុងចក្រភពអង់គ្លេសបានរយៈពេល ៥ ឆ្នាំ ដែលកាលពីមុនបានតែ ៦ ខែ តែប៉ុណ្ណោះ។
រយៈពេល ៥ ឆ្នាំក្រោយមក សម្រាប់អ្នកដែលចង់ដាក់ពាក្យសុំសិទ្ធិរស់នៅមានសិទ្ធិអាចដាក់ពាក្យបាន ហើយរយៈពេល ១ ឆ្នាំ បន្ទាប់ពីនោះ ពួកគេអាចដាក់ពាក្យសុំសញ្ជាតិអង់គ្លេសបាន។
រដ្ឋាភិបាលអង់គ្លេសប៉ាន់ស្មានថា មានអ្នកកាន់លិខិតឆ្លងដែនជាតិអង់គ្លេសដែលរស់នៅក្រៅប្រទេសប្រមាណ ២ លាន ៩ សែននាក់រស់នៅក្នុងទីក្រុងហុងកុង។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងទៀតថា បទបញ្ញត្តិនេះគឺត្រូវលក្ខខណ្ឌសម្រាប់ពលរដ្ឋហុងកុង និងសមាជិកគ្រួសាររបស់ពួកគេ។
រដ្ឋាភិបាលអង់គ្លេសនៅមិនទាន់ផ្ដល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការអនុវត្តបទបញ្ញត្តិថ្មីនេះនៅឡើយទេ ហើយលោក Raab បាននិយាយថា សេចក្ដីលម្អិតបន្ថែមទៀតនឹងប្រកាសនៅពេលក្រោយទៀត។
ការប្រកាសនេះត្រូវបានធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីចិនបានអនុម័តលើច្បាប់សន្ដិសុខជាតិថ្មីក្នុងទីក្រុងហុងកុង ដែលចក្រភពអង់គ្លេសហៅថា ជាការប្រឆាំងរបស់ចិនចំពោះកាតព្វកិច្ចអន្តរជាតិ និង«ជាការបំពានយ៉ាងច្បាស់ក្រឡែតនិងធ្ងន់ធ្ងរ»ចំពោះសេចក្ដីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេស៕