ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​កិច្ចព្រមព្រៀង​រវាង​ក្រុមប្រឆាំងគ្នា​របស់​ប៉ាឡេស្ទីន ​គឺ​ ហាម៉ាស់ ​និង​ Fatah


លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ​Wang Yi(កណ្តាល) រៀបចំ​ពិធី​សម្រាប់លោក Mahmoud al-Aloul នៃក្រុម Fatah(ឆ្វេង) និង​លោក Mussa Abu Marzuk នៃក្រុម​ហាម៉ាស់​នៅទីក្រុងប៉េកាំង​កាលពីថ្ងៃអង្គារ​ទី​២៣
កក្កដា ឆ្នាំ២០២៤។(Pedro Pardo/Pool Photo via AP)
លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ​Wang Yi(កណ្តាល) រៀបចំ​ពិធី​សម្រាប់លោក Mahmoud al-Aloul នៃក្រុម Fatah(ឆ្វេង) និង​លោក Mussa Abu Marzuk នៃក្រុម​ហាម៉ាស់​នៅទីក្រុងប៉េកាំង​កាលពីថ្ងៃអង្គារ​ទី​២៣ កក្កដា ឆ្នាំ២០២៤។(Pedro Pardo/Pool Photo via AP)

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ចិន ​បានប្រកាស​កាលពី​ថ្ងៃអង្គារ ​ថា​ភាគី​ប្រឆាំងគ្នា​របស់​ប៉ាឡេស្ទីន​ គឺ ​ក្រុម​ហាម៉ាស់​និង​ក្រុម ​Fatah ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ ​ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិតគ្នា​អស់ពេល​ជាច្រើនឆ្នាំ​មក​ហើយ ​ហើយ​រួបរួមគ្នា ​ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ។

បណ្តាញ​ផ្សាយ​ទូរទស្សន៍​ចិន​ CGTN ​បាន​រាយការណ៍​នៅក្នុង​សារ​តាម​បណ្តាញ​សង្គម​មួយ​ថា​កិច្ចព្រមព្រៀង​នោះ ​បាន​ចុះ​ហត្ថលេខា​នៅក្នុង​ទីក្រុង​ប៉េកាំង ​ក្រោយពី​កិច្ចប្រជុំ​២ថ្ងៃ ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការជ្រោមជ្រែង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ​Wang Yi។ កិច្ចពិភាក្សា​រវាង​ភាគី​ធំៗ​ទាំងពីរ​នោះ ​ក៏មាន​រួមបញ្ចូល​ភាគី​ប៉ាឡេស្ទីន​តូចៗ​ឯទៀត​ចំនួន​១២​ផង​ដែរ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ចិន​ CCTV ​មិនបាន​ផ្តល់​សេចក្តី​ពិស្តារ​អំពី​កិច្ចព្រមព្រៀង​នោះ​ឡើយ។

កិច្ចពិភាក្សា​នៅក្នុង​ទីក្រុង​ប៉េកាំង​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​ផែនទី​មួយ​ដែល​អាច​យក​ទៅ​ប្រើប្រាស់ ​នៅក្នុង​តំបន់​ហ្កាហ្សា​ក្រោយ​សង្គ្រាម​បន្ទាប់ពី​មាន​ការឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ ​ដែល​នឹង​បញ្ចប់​សង្គ្រាម​៩ខែ ​នៅ​ហ្កាហ្សា។ សង្គ្រាម​នេះ​បានផ្ទុះឡើង​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី៧ ​ខែតុលា ​លើ​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​ ដោយ​ក្រុមអ្នក​ប្រយុទ្ធ​ហាម៉ាស់ ​ដែល​បាន​សម្លាប់​មនុស្ស​ ១២០០​នាក់ ​និង​បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ ២៥០​នាក់​ធ្វើជា​ចំណាប់ខ្មាំង។

អ៊ីស្រាអែល​បានឆ្លើយតប​ដោយ​ការវាយប្រហារ​តាម​ដែនអាកាស​និង​តាម​ជើងគោក​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ៣៨.៥០០​នាក់ ​ហើយធ្វើឱ្យ​មនុស្ស​ជាង​ ៨៨.០០០​នាក់ ​របួស។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​នៃ​តំបន់​ហ្កាហ្សា។

ក្រុម​ Fatah ​និង​ក្រុម​ហាម៉ាស់ ​បាន​ទាស់ទែងគ្នា​អស់ពេល​ជាច្រើន​សិប​ឆ្នាំ ​ដោយសារ​ជំហរ​ខុសគ្នា​របស់​ពួកគេ ​ចំពោះ​ប្រទេស​អ៊ីស្រាអែល។

ក្រុម Fatah ​គ្រប​ដណ្តប់​នៅក្នុង​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់​ West Bank ​ហើយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បណ្តោះ​អាសន្ន​ជាមួយ​អ៊ីស្រាអែល។ ចំណែក​ក្រុម​ហាម៉ាស់​វិញ​ប្រកែក​មិន​ព្រម​ទទួលស្គាល់​រដ្ឋអ៊ីស្រាអែល​ជា​ផ្លូវការ​ឡើយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Reuters​ និង Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG