របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលចិនព្យាករណ៍អំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសចិន។ របាយការណ៍ដែលប្រមូលផ្តុំមតិរបស់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញជាង៥០០នាក់ ចេញផ្សាយស្របពេលដែលមានកិច្ចពិភាក្សាស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស។
ក្រសួងវិទ្យាសាស្រ្តនិងបចេ្ចកវិទ្យារបស់ចិនបានចេញរបាយការណ៍ ៩០០ទំព័រមានចំណងជើងថា «របាយការណ៍ទី៣ស្តីពីការវាយតម្លៃទៅលើការប្រែប្រួលអាកាសធាតុជាតិ» ដែលនិយាយលម្អិតអំពីផលវិបាកធ្ងន់ធ្ងរដែលបញ្ហាឡើងកម្តៅសាកលមានមកលើប្រទេសចិន។
របាយការណ៍នេះព្យាករណ៍ថា កម្ពស់ទឹកសមុទ្រនឹងកើនឡើងពី ៤០ ទៅ ៦០សង់ទីម៉ែត្រ ដែលធ្វើឲ្យទីក្រុងដ៏សំបូររុងរឿងរបស់ចិនដែលស្ថិតនៅតាមឆ្នេរសមុទ្រនោះ ធ្លាក់ក្នុងហានិភ័យ។ ការរលាយផ្ទាំងទឹកកកនិងស្រទាប់ទឹកកកក៏គំរាមកំហែងដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ទំនប់ Three Gorges និងផ្លូវរថភ្លើងដែលភ្ជាប់ទៅ ទីបេ ដែលមានរយៈកម្ពស់ខ្ពស់នោះ។
ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ជក់ច្រើនបំផុតនៅលើពិភពលោក និងបញ្ចេញផ្សែងពុលច្រើនជាងសហរដ្ឋអាមេរិកស្ទើរតែពីរដង។ លោកស្រី Li Yan នាយិកាកម្មវិធី Greenpeace ថ្លែងថា ចិនប្រហែលជាអ្នកដែលទទួលបានប្រយោជន៍ច្រើនជាងគេនៅក្នុងកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស។
«ចំណុចមួយដែលមានលក្ខណៈជាក់ច្បាស់នៅក្នុងរបាយការណ៍វិទ្យាសាស្ត្រដែលយកជាការបាននោះគឺ ចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធំបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ហើយការធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺជាប្រយោជន៍របស់ចិន។ ខ្ញុំគិតថាការលើកឡើងនេះត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតរួចទៅហើយ»។
មេដឹកនាំប្រទេសនិងរដ្ឋាភិបាលប្រមាណ ១៥០នាក់កំពុងជួបប្រជុំនៅទីក្រុងប៉ារីសក្នុងសន្និសិទរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬហៅថា កិច្ច ប្រជុំ COP21។
ប្រទេសចំនួន ១៩៥ ចង់ទទួលបានកិច្ចព្រមព្រៀងមួយក្នុងការជៀសវៀងកុំឲ្យកម្តៅ ផែនដីកើនចំនួន ២ អង្សា។ ប្រសិនបើបញ្ហានៃការឡើងកម្តៅសាកលនៅតែបន្ត ចិនព្យាករណ៍ថា នឹងមានបញ្ហាការធ្វើចំណាកស្រុកតាមឆ្លងព្រំដែន និងជម្លោះអន្តរជាតិទៅលើធនធានទឹក។ របាយការណ៍របស់ចិនបានឲ្យដឹងថា ធនធានទឹកនៅក្នុងប្រទេសចិននឹងរីង ៥ភាគរយ។
លោក Gavin Edwards ប្រធានផ្នែកអភិរក្សនៃមូលនិធិសត្វព្រៃពិភពលោកប្រចាំនៅទីក្រុងហុងកុង ថ្លែងថា ការវាយតម្លៃតាមបែបវិទ្យាសាស្ត្ររបស់ចិនទាក់ទិននឹងការប្រែប្រួលអាកាសធាតុបានផ្តល់ក្តីសង្ឃឹមដល់អ្នកបរិស្ថានថា ចិននឹងជាអ្នកនាំមុខកិច្ចប្រជុំនៅសប្តាហ៍នេះ។
«គំនិតខ្លះដែលពួកគេបានលើកឡើង បានផ្តល់ក្តីសង្ឃឹមខ្លះថាពួកយើងកំពុងដើរឆ្ពោះទៅកាន់ទិសដៅនិងកន្លែងដ៏ត្រឹមត្រូវមួយ ដែលយើងអាចនិយាយបានថា បានបង្ហាញភាពវិជ្ជមានសម្រាប់ការពិភាក្សានៅក្នុងទីក្រុងប៉ារីសផងដែរ»។
ចិនបានច្រានចោលកិច្ចព្រមព្រៀង ដែលស្តីពីការប្រែប្រួលអាកាសធាតុដ៏មានប្រសិទ្ធភាពមួយនៅក្នុងកិច្ចប្រជុំ COP 15 ក្នុងទីក្រុង Copenhagen ប៉ុន្តែចាប់ពីពេលនោះមក ចិនបានបង្ហាញពីការផ្លាស់ប្តូរពីជំហរបស់ខ្លួនគួរឲ្យកត់សម្គាល់ទៅលើបញ្ហាការឡើងកម្តៅសាកល។ កាលពីឆ្នាំមុន ប្រធានធិបតីចិនលោក Xi Jinping បានជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ហើយបានអះអាងថាការបញ្ចេញឧស្ម័នផ្ទះកញ្ជក់របស់ចិននឹងកើនដល់កំពូលនៅឆ្នាំ ២០៣០។
លោក Ma Jun អ្នកបរិស្ថានមួយរូបថ្លែងថា ចិនបានលេចឡើងជាប្រទេសមហាអំណាចនាំមុខមួយដែលខិតខំក្នុងការកាត់បន្ថយបញ្ហាឡើងកម្តៅសាកលលោក។
«ចិនអាចរកវិធីដើម្បីដោះស្រាយឧបសគ្គដែលរារាំងការធ្វើឧស្សាហកម្ម ហើយនិងស្វែងរកវិធីដែលនាំមុខមួយក្នុងការវាយតម្លៃ ធ្វើការសម្រេចចិត្ត និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាការប្រែប្រួលអាកាសធាតុដែលនឹងសង្ឃឹមថានឹងជួយជំរុញឲ្យប្រទេសដទៃទៀតនិងតំបន់នានាសហការជាមួយគ្នាដោះស្រាយបញ្ហានេះ»។
ឆ្នាំ ២០១៤ គឺជាឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាពិភពលោក។ កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសនឹងបញ្ចប់នៅថ្ងៃទី ១១ ខែធ្នូ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា