លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានប្រាប់មេដឹកនាំពិភពលោកដែលបានជួបជុំគ្នានៅថ្ងៃច័ន្ទនេះនៅក្នុងទីក្រុងប៉ារីសថា សន្និសីទកំពូលស្តីពីអាកាសធាតុដ៏សំខាន់របស់ពួកគេ ត្រូវតែកត់សម្គាល់ថាជាចំណុចរបត់ក្នុងការសម្រេចចិត្តមួយហើយ ពួកគេ មានអានុភាពដើម្បីការពារសុខមាលភាពហើយនឹងភាពជោគជ័យរបស់មនុស្សរាប់សិបជំនាន់។
លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន មានប្រសាសន៍ថា «អស់លោក នៅទីនេះថ្ងៃនេះដើម្បីសរសេរសេចក្តីព្រាងសម្រាប់អនាគតថ្មីមួយ អនាគតនៃក្តីសង្ឃឹមហើយនិងការសន្យានៃការបង្កើនភាពរុងរឿង សន្តិសុខនិងសេចក្តីថ្លែថ្នូរសម្រាប់មនុស្សទាំងអស់។យើង ត្រូវឲ្យពិភពលោកដឹងថា យើង បានធ្វើដំណើរឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកខ្វក់ អនាគតដែលអាចធន់ជាមួយអាកាសធាតុហើយនឹងមិនត្រឡប់ថយក្រោយវិញ»។
មេដឹកនាំជាង១៥០នាក់ កំពុងចូលរួមក្នុងសន្និសីទកំពូលនៅពេលដែលពួកអស់លោកព្យាយាមព្រមព្រៀងគ្នាឲ្យមានវិធានការដើម្បីទប់ស្កាត់ការបញ្ចេញឧស្ម័នហ្វូស៊ីលហើយនឹងកម្រិតកំដៅសាកលលោកកុំឲ្យឡើងក្តៅហួស២អង្សា C លើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។ ទីភ្នាក់ងារអាកាសធាតុរបស់អ.ស.ប. និយាយថា កម្តៅសាកលលោក ជាមធ្យមត្រូវបានកំណត់ឡើងកម្តៅ១អង្សាC ពាក់កណ្តាលនៃការកំណត់របស់អង្គការសហប្រជាជាតិដែលកំពុងស្វះស្វែងដាក់កម្រិតដើម្បីរារាំងផលប៉ះពាល់ប្រកបដោយមហន្តរាយទូទាំងសាកលលោក។
មុនពេលសន្និសីទកំពូល បានបើក លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ហើយបាននិយាយថា ប្រទេសទាំង២ មានចក្ខុវិស័យរួមគ្នានូវអ្វីដែលតម្រូវឲ្យមាននៅក្នុងកិច្ចព្រមព្រៀង រួមមានវិធានការឆ្ពោះទៅកាន់សេដ្ឋកិច្ចសាកលលោកដែលមានជាតិកាបោនតិចហើយនឹងជួយផ្តល់ការគាំទ្រខាងផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យអនុវត្តតាម។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា «ក្នុងនាមជាប្រទេស២ ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតហើយនឹងជាប្រទេសដែលបញ្ចេញឧស្ម័នកាបោនច្រើនបំផុតរបស់ពិភពលោកយើងទាំងពីរបានប្តេជ្ញារចិត្តថានេះជាការទទួលខុសត្រូវរបស់យើងដើម្បីចាត់វិធានការ ហើយចាប់តាំងពីការប្រកាសរួមគ្នាជាប្រវត្តិសាស្រ្តរបស់យើងពីទិសដៅកាត់បន្ថយអាកាសធាតុក្រោយឆ្នាំ២០២០នៅក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំទៅ ប្រទេសជាង១៨០ បានធ្វើទៅតាមដោយប្រកាសទិសដៅនៃការកាត់បន្ថយរបស់ពួកគេ»។
សហរដ្ឋអាមេរិក បានសន្យាកាត់បន្ថយឧស្ម័នរហូតដល់២៨ភាគរយនៅឆ្នាំ២០២៥ ខណៈដែលចិន បាននិយាយថា ទិសដៅនៃការកាត់បន្ថយខ្លាំងនៃការបញ្ចេញឧស្ម័នរបស់ខ្លួនប្រហែលនៅឆ្នាំ២០៣០៕