រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសាកន្លងទៅ បានតវ៉ានឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិនបន្ថែមទៀតចំពោះការប៉ុនប៉ងគេចចេញពីការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ដោយហៅចំណាត់ការនេះថាជាទង្វើខុសច្បាប់ដែលនឹងប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់សកល។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១២ ខែមេសាបានដាក់ក្រុមហ៊ុនចំនួន ៥ ដែលមានមូលដ្ឋាននៅចិនដីគោក និងនៅក្នុងទីក្រុងហុងកុងក្នុង «បញ្ជីក្រុមហ៊ុន» របស់ខ្លួនដែលហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអាមេរិកណាមួយនោះទេ បើមិនទទួលបានអាជ្ញាបណ្ណពិសេសដែលស្ទើរតែសុំមិនបាន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងរឹតបន្តឹងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបរទេសដែលខ្លួនយល់ថា ផ្តល់ជំនួយដល់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយបង្ខំឱ្យពួកគេជ្រើសរើសរវាងការធ្វើជំនួញជាមួយរដ្ឋាភិបាលក្រុងមូស្គូ ឬជាមួយនឹងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនសរុបចំនួន ២៨ ក្រុមហ៊ុនមកពីប្រទេសផ្សេងៗរាប់ចាប់ពីម៉ាល់ត៍ តួកគី រហូតដល់សិង្ហបុរីត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មនេះ។
សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា សកម្មភាពរបស់សហរដ្ឋអាមេរិក «មិនមានមូលដ្ឋានច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបន្តថា៖ «វាជាទណ្ឌកម្មឯកតោភាគីទូទៅមួយ និងជាទម្រង់នៃ «ការពន្លាតយុត្តាធិការ» ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់សកល។ ចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពនេះ»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «សហរដ្ឋអាមេរិកគួរកែតម្រូវការធ្វើខុសរបស់ខ្លួនភ្លាមៗ និងបញ្ឈប់ការគាបសង្កត់មិនសមហេតុផលរបស់ខ្លួនលើក្រុមហ៊ុនចិន។ ចិននឹងការពារយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន»។
ទណ្ឌកម្មចុងក្រោយបង្អស់ត្រូវបានដាក់លើក្រុមហ៊ុនAllparts Trading Co., Ltd. ក្រុមហ៊ុន Avtex Semiconductor Limited ក្រុមហ៊ុនTC Electronics Ltd. ក្រុមហ៊ុនMaxtronic International Co., Ltd. និងក្រុមហ៊ុនSTK Electronics Co., Ltd. ដែលចុះបញ្ជីនៅទីក្រុងហុងកុង។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា បញ្ជីនេះកំណត់អត្តសញ្ញាណអង្គភាព ជាពិសេសអង្គភាពជំនួញ ដែលសហរដ្ឋអាមេរិកសង្ស័យថា «បានចូលរួម ពាក់ព័ន្ធ ឬបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរក្នុងការពាក់ព័ន្ធនឹងសកម្មភាពដែលផ្ទុយនឹងសន្តិសុខជាតិ ឬផលប្រយោជន៍គោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក»។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា អង្គភាពទាំងនោះត្រូវបានដាក់ក្នុងបញ្ជី «អ្នកប្រើប្រាស់យោធា» ចំពោះការ «ប៉ុនប៉ងគេចចេញពីការគ្រប់គ្រងការនាំចេញ និងទិញយក ឬព្យាយាមទិញយកសម្ភារមានប្រភពពីសហរដ្ឋអាមេរិកដើម្បីគាំទ្រដល់យោធារុស្ស៊ី និង/ឬមូលដ្ឋានឧស្សាហកម្មសម្រាប់ការការពារ»៕
ចិនតវ៉ានឹងអាមេរិកទាក់ទិននឹងការដាក់ទណ្ឌកម្មបណ្ដាក្រុមហ៊ុនដែលធ្វើជំនួញជាមួយរុស្ស៊ី
ទីក្រុងប៉េកាំង ប្រទេសចិន —