ប្រទេសចិននៅថ្ងៃចន្ទនេះ បានចាប់ផ្តើមស្វាគមន៍តំណាងមកពីប្រទេសចំនួន១៣០ នៅជុំវិញពិភពលោកនៅក្នុងសន្និសីទកំពូលមួយ ដែលនឹងមានភាពស្រអាប់ខ្លាំងដោយសារតែបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ក្នុងពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងមានភាពគឃ្លើនកាន់តែខ្លាំងឡើង ត្រូវបានស្នើសុំឱ្យជួយបន្ធូរបន្ថយអំពើហិង្សាកាន់តែខ្លាំងឡើងថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ថិតនៅលើគេនៃបញ្ជីឈ្មោះអ្នកអញ្ជើញចូលរួម ក្នុងវេទិកានៃគំនិតផ្តួចផ្តើមក្រវ៉ាត់និងផ្លូវពាណិជ្ជកម្មរបស់ចិន ឬ BRI ដែលនេះជាដំណើរទៅក្រៅប្រទេសជាលើកដំបូងហើយ របស់មេដឹកនាំប្រទេសមហាអំណាចពិភពលោកដ៏សំខាន់មួយនេះ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនមក ដែលបានដាក់របបដឹកនាំរបស់លោកឱ្យនៅឯកកោពីអន្តរជាតិនោះ។
មេដឹកនាំប្រទេសនានា បានចាប់ផ្តើមមកដល់រដ្ឋធានីប៉េកាំងនៃប្រទេសចិនហើយ សម្រាប់កិច្ចប្រជុំដ៏ធំមួយ ដើម្បីរំលឹកខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវឬ BRI ដែលជាគម្រោងដ៏សំខាន់មួយរបស់ប្រធានាធិបតីចិនលោក Xi Jinping ក្នុងការពង្រីកឥទ្ធិពលរបស់ចិនទៅកាន់ពិភពលោក។
ខណៈពេលប្រទេសចិនសង្ឃឹមថា វេទិកានេះនឹងជួយជំរុញមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនោះ សង្គ្រាមរវាងអ៊ីស្រអែលនិងក្រុមសកម្មជនហាម៉ាស់ នឹងនៅបន្តជាព័ត៌មានចម្បងគេ។
មនុស្សជាងមួយលាននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងស្ថានភាពច្របូកច្របល់និងអស់សង្ឃឹម នៅក្រោមការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងខ្លាំងដោយកងទ័ពអ៊ីស្រាអែល នៅលើតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យបានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថា បានធ្វើ«លើសពីការការពារខ្លួន» និងបានអំពាវនាវដល់អ៊ីស្រាអែលឱ្យ«បញ្ឈប់ការធ្វើបាបដោយមិនរើសមុខទៅលើប្រជាជនក្នុងតំបន់ហ្កាហ្សា»។
ក្រុមមន្ត្រីបញ្ចិមប្រទេស បានរិះគន់ដល់ប្រទេសចិន ថាមិនបានលើកឡើងចំឈ្មោះក្រុមសកម្មជនហាម៉ាស់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនស្តីពីជម្លោះអ៊ីស្រាអែលហ្គាហ្សានោះ។
កាលពីថ្ងៃអាទិត្យ លោក Wang បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលបានស្នើសុំឱ្យចិន ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដើម្បីជំរុញឱ្យមានភាពស្ងប់ស្ងាត់៕